សង្គម​ស៊ីវិល​រិះគន់​ប៉ូលិស​ស៊ើប​អង្កេត​ករណី​អភិបាល​រង​ខេត្ត​តាកែវ​យឺត

មន្ត្រី​សិទ្ធិ​មនុស្ស​រិះគន់​ចំណាត់ការ​របស់​សមត្ថកិច្ច​ខេត្ត​តាកែវ ជុំវិញ​ការ​ស៊ើប​អង្កេត​ករណី​បាញ់​បោះ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ រស្មី​អង្គរ។

0:00 / 0:00

ករណី​ផ្ទុះ​អាវុធ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ យីហោ រស្មីអង្គរ ក្នុង​សង្កាត់​រកាក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ បណ្ដាល​ឲ្យ​ម្ចាស់​ហាង​រង​របួស​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា កន្លង​ទៅ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា សមត្ថកិច្ច​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើការ​ស៊ើប​អង្កេត ព្រោះ​​អ្នក​ពាក់ព័ន្ធ​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​នោះ ជា​ក្រុម​របស់​លោក ឡាយ វណ្ណៈ ជា​អភិបាល​រង​ខេត្ត​តាកែវ។

មន្ត្រី​សម្របសម្រួល​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​តាកែវ លោក អ៊ុន ថាន្នន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ថា ករណី​ផ្ទុះ​អាវុធ​នោះ សមត្ថកិច្ច​ទំនង​ជា​មិន​អាច​ពន្លឿន​នីតិវិធី​ស៊ើប​អង្កេត​ឲ្យ​បាន​លឿន ដើម្បី​អាច​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។

លោក​បន្ត​ថា ករណី​នេះ​អាច​នឹង​មាន​ការ​យឺតយ៉ាវ​ថែម​ទៀត ប្រសិន​បើ​មិន​មាន​ការ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​ឲ្យ​បាន​ច្រើន​ទេ​នោះ៖ «ទាក់ទង​នឹង​មន្ត្រី​ថ្នាក់​ធំ​រឿង​អី​ត្រូវ​លឿន ប្រសិន​បើ​គ្មាន​ការ​ផ្សព្វផ្សាយ​អី​គគ្រឹកគគ្រេង​ទេ រឹត​តែ​យឺត​ជាង​ហ្នឹង​ទៀត។ ដល់​ពេល​យើង​ផ្សាយ​ទៅ គេ​ក៏​ខ្នះខ្នែង​អី​ខ្លះ​ទៅ​ណា! សួរ​ថា​ត្រឹម​ប៉ូលិស​ល្មមៗ​មិន​ហ៊ាន​លេង​ជាមួយ​អភិបាល អភិបាល​រង​ទេ វា​ទាក់ទង​សែស្រឡាយ​អី​អ៊ីចឹង សូម្បី​តែ​ខាង​តុលាការ​ព្រះរាជអាជ្ញា​គាត់​មាន​អំណាច​ឯករាជ្យ​មួយ​នៅ​ក្នុង​ខេត្ត ប៉ុន្តែ​ធៀប​ជាមួយ​ចៅហ្វាយ​ខេត្ត គាត់​មិន​ហ៊ាន​ទេ។ អ៊ីចឹង​ខ្ញុំ​គិត​ថា ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ថ្នាក់​ធំ មាន​ន័យ​ថា យើង​និយាយ​ត្រឹម​ប៉ុណ្ណេះ​បាន​ហើយ គេ​ធ្វើ​ការ​ក្នុង​ការ​ប្រយ័ត្នប្រយែង ព្រោះ​គេ​ខាង​នោះ​ថ្នាក់​ធំៗ​ដែរ​ណា!»

ស្នងការ​នគរបាល​ខេត្ត​តាកែវ លោក អ៊ុក សំណាង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា ការ​យឺតយ៉ាវ​នៃ​ការ​ស៊ើប​អង្កេត​នេះ ក៏​ព្រោះ​តែ​ជន​រងគ្រោះ​ដែល​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម ហើយ​សមត្ថកិច្ច​មិន​អាច​សាកសួរ​ពី​ជន​រង​គ្រោះ​បាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក អ៊ុក សំណាង សុំ​ការ​បំភ្លឺ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ខណៈ​ដែល​ជន​រង​គ្រោះ លោក មាស សុធន ជា​ម្ចាស់​ហាង​ខារ៉ាអូខេ បញ្ជាក់​ថា មិន​បាន​នៅ​ប្រទេស​វៀតណាម នោះ​ទេ ហើយ​កំពុង​សម្រាក​នៅ​ផ្ទះ​ក្នុង​ខេត្ត​តាកែវ។

វិទ្យុ​អាស៊ីសេរី បាន​ដក​ស្រង់​សំដី​ប្រភព​ពី​សាក្សី​ម្នាក់​ដែល​អះអាង​ថា បាន​ឃើញ​ហេតុការណ៍​ផ្ទុះ​អាវុធ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ ថា​កាំភ្លើង​ដែល​ជន​ប្រព្រឹត្ត​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ មានតំលៃថ្លៃ​ដល​ទៅ ៨​ពាន់​ដុល្លារ ជា​ប្រភេទ​គ្រាប់​ប្រៃ មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​មុខ​របួស​ជើង​ម្ចាស់​ហាង​នោះ​រលួយ និង​អាច​ឈាន​ទៅ​ដល់​កាត់​ជើង​ផង។ ផ្ទុយ​ទៅ​វិញ លោក មាស សុធន ​អ្នក​របួស​ជើង​នោះ​បដិសេធ​ថា ការ​អះ​អាង​របស់​ប្រភព​នោះ​មិន​ពិត​ទេ។

សូម​ស្ដាប់​បទសម្ភាសន៍​ពិស្ដារ​របស់​អ្នកស្រី អ៊ុក សាវបូរី ជាមួយ​លោក មាស សុធន ជា​ជន​រង​គ្រោះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។