លោក វិជ័យ អានន្ទ មានសេចក្ដីរាយការណ៍អំពីបញ្ហានេះថា ជនសង្ស័យពីបទលួចគោម្នាក់ ត្រូវបានម្ចាស់គោតាមទាន់ និងឃាត់ទុក ហើយបន្ទាប់មកម្ចាស់គោបានប្រគល់ជនសង្ស័យនោះទៅឲ្យប៉ូលិស ប៉ុន្តែប៉ូលិសមិនបានចាត់វិធានការផ្លូវច្បាប់ចំពោះជនសង្ស័យនោះទេ គឺបែរជាដោះលែងជននោះទៅវិញ។ ប្រការនេះធ្វើឲ្យម្ចាស់គោ និងប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយសារចោរលួចគោនៅភូមិត្រពាំងសាបមិនសប្បាយចិត្ត។
លោក ប៊ិន វន ជាម្ចាស់គោបានឲ្យដឹងនៅថ្ងៃទី១១ ឧសភា ថា នៅពេលដែលលោកកំពុងឡើងត្នោត កាលពីព្រឹកថ្ងៃទី៩ ខែឧសភា លោកបានឃើញបុរសម្នាក់ដឹកគោមួយនឹម។ លោកមើលពីលើចុងត្នោតឃើញគោនោះដូចជាគោរបស់គាត់។ ភ្លាមនោះ គាត់បានចុះពីលើចុងត្នោត រួចដើរតម្រង់បុរសនោះ ហើយក៏សួរជននោះថាដឹកគោទៅណា?
ក្រោយពេលយកគោទៅទុក លោក ប៊ិន វន ថ្លែងបន្តថា លោកសប្បាយចិត្តដោយលោកបានទទួលគោរបស់លោកមកវិញ ប៉ុន្តែលោកមិនអស់ចិត្តត្រង់ជនសង្ស័យនោះត្រូវប៉ូលិសដោះលែងនៅថ្ងៃបន្ទាប់។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកភូមិត្រពាំងសាបម្នាក់ទៀត លោក អ៊ឹម មុត ឲ្យដឹងថា លោកបានបានបាត់គោមួយនឹម កាលពីខែមីនាកន្លងទៅ។ លោក អ៊ឹម មុត បន្ថែមថា លោកមិនអស់ចិត្តសោះ ចំពោះការដោះលែងជនសង្ស័យនោះ ហើយលោកសង្ស័យថាជននោះ គឺជាមនុស្សតែមួយដែលបានលួចគោគាត់។
ទោះយ៉ាងណា នាយរងប៉ុស្តិ៍នគរបាលឃុំត្រពាំងសាប លោក ម៉ែន វណ្ណា អះអាងថា ករណីនេះ ជាការយល់ច្រឡំទេ តាមពិត បុរសនោះត្រូវបានម្ដាយប្រើឲ្យទៅដឹកគោ។ គាប់ជួនគោនោះនៅក្បែរគ្នា ហើយបានបន្តថា បើចង់ដឹងច្បាស់ពីបញ្ហា ឲ្យទាក់ទងទៅលោកមេប៉ុស្តិ៍ឃុំត្រពាំងសាប។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺអំពីរឿងនេះពីមេប៉ុស្តិ៍នគរបាលឃុំត្រពាំងសាប គឺលោក ណុប សាវឿន នៅរសៀលថ្ងៃទី១១ ឧសភា ប៉ុន្តែមិនបានសម្រេច ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕
