អ្នក​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព

អ្នក​រស់នៅ​តំបន់​ផលិត​កសិកម្ម​បាន​ត្អូញត្អែរ​ពី​ទំនិញ​ឡើង​ថ្លៃ ពួកគេ​គ្មាន​ដី​ស្រែ ដោយ​មូលហេតុ​គ្រួសារ​ខ្លះ​កើត​ក្រោយ​រដ្ឋ​បែងចែក​ដី និង​គ្រួសារ​ខ្លះ​ទើប​មក​រស់នៅភូមិ​ស្រុក ។

0:00 / 0:00

ក្រុម​អ្នក​ទាំងនោះ​បាន​ត្អូញត្អែរ​ថា ៖ «ចង់​ឲ្យ​ទំនិញ​ចុះ​ថ្លៃ​ទៀត ចង់​ឲ្យ​រដ្ឋាភិបាល​សព្វថ្ងៃ​ឲ្យ​ទំនិញ​ចុះ​ថោក ខ្ញុំ​ស្រណុក​ទិញ​ហូប ព្រោះ​ខ្ញុំ​អ្នក​អត់»

ស្រី្ត​នៅ​ភូមិ​ត្រពាំងអំពិល ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឲ្យ​ដឹង​ថា ឈ្មោះ ជា ស្រីតូច អាយុ ២០​ឆ្នាំ ធ្លាប់​ធ្វើ​កម្មករ​រោងចក្រ ។ ក្រោយ​មាន​កូន គាត់​បាន​ឈប់​ធ្វើ​កម្មករ​ប្តូរ​មក​រស់នៅ​ជាមួយ​បង​ថ្លៃ​រកស៊ី​លក់​នំ​ក្មេង ប៉ុន្តែ​ទំនិញ​ឡើង​ថ្លៃ​គាត់​លក់​មិន​ចំណេញ ។ នៅ​រដូវ​ធ្វើ​ស្រែ គាត់​រំពឹង​ដើរ​ស៊ីឈ្នួល​ដក​ស្ទូង យក​ឈ្នួល​១​ថ្ងៃ​២​ដុល្លារ និង​បាយ​១​ពេល ។ នៅ​ពេល​សួរ​ថា គាត់​មាន​ដី​ភូមិ​និង​ដី​ស្រែ​ទេ ? អ្នកស្រី​ឆ្លើយ​ថា គ្មាន​ទាំងអស់ ប្តី​ប្រពន្ធ​គាត់​កើត​ក្រោយ​រដ្ឋ​ចែក​ដី ។ ឯ​ឪពុក​ម្តាយ​បែកបាក់​គ្នា អ្នក​ចិញ្ចឹម​គាត់​គឺ​ជីដូន ឯ​ជីដូន​មាន​តែ​ដី​ភូមិ​តែ​គ្មាន​ដី​ធ្វើ​ស្រែ​ដែរ ។ ឯ​ប្តី​គាត់​មាន​បងស្រី​ជួយ​ផ្តល់​ដី​តូច​១ ឲ្យ​សង់​រោង​លក់​នំ​ក្មេង យក​ប្រាក់​ចំណេញ​ចែក​២​នាក់​បង​ប្អូន ។ ឯ​មុខរបរ​ប្តី​ធ្វើ​កម្មករ​សំណង់ ប៉ុន្តែ​នៅ​រដូវ​ភ្លៀង​ការងារ​សំណង់​គេ​ផ្អាកជួល ។

ស្ត្រី​ឈ្មោះ ជា ស្រីតូច បាន​ឲ្យ​ដឹង​ថា ៖ «មិន​សូវ​ចំណេញ​ផង បាន ២​-​៣​ពាន់​អី​ហ្នឹង​មួយ​ថ្ងៃ ។ ទិញ​សាច់​ជ្រូក​មួយ​ខាំ ទិញ​ត្រកួន ១​ពាន់​អី ទិញ​ស្ករ​ប៊ីចេង​ទៀត​អស់​ហើយ ៣​ពាន់»

បុរស​ជា​ប្តី​ឈ្មោះ ផន រ៉ាថ ឲ្យ​ដឹង​ថា គ្រួសារ​គ្មាន​ដី​បង្ក​បង្កើន​ផល​ត្រូវ​ចំណាក​ស្រុក​និង​លក់​ពលកម្ម​ដើម្បី​ចិញ្ចឹម​ជីវិត ។ ផន រ៉ាថ បន្ត​ថា​នៅ​ពេល​គ្មាន​ការងារ​ធ្វើ គាត់​ចេញ​ពី​ភូមិ​ទៅ​ខេត្ត​កោះកុង កន្លះ​ខែ​ ១​ខែ​រកស៊ី​ដុត​ធ្យូង បាន​ឈឺ​សួត​ទម្រាំ​បាន​ចំណេញ ៖ «កន្លះ​ខែ​យើង​សល់​បាន ២០​ដុល្លារ មួយ​បាវ​យើង​លក់​បាន ១៥០០០​រៀល ប៉ុន្តែ​ជួល​ក្របី​គេ មួយ​បាវ​គេ​យក​យើង ៣​ពាន់ ហើយ​ជួល​គេ​កាត់ មួយ​ឡ​គេ​យក ៧​ម៉ឺន» ។

នៅ​ភូមិ​នោះ​ដែរ​អ្នកស្រី សាត តូច ឲ្យ​ដឹង​ថា រដ្ឋ​ចែក​ដី​អស់​ទើប​គាត់​ចូល​មក​រស់នៅ ។ ក្រោយ​មក​ប្តី​គាត់​ឈប់​ធ្វើ​ទ័ព​មក​រស់នៅ​ជាមួយ​២០​ឆ្នាំ​ហើយ គ្មាន​ដី​ស្រែ​ទេ ។ ឯ​មុខរបរ​ដើរ​ស៊ីឈ្នួល​គេ​ខួប​ប្រាំង​ខួប​វស្សា​ដើម្បី​ចិញ្ចឹម​ជីវិត ។ ទើបតែ​ថ្មីៗ​នេះ មន្រ្តី​កសិកម្ម​បង្រៀន​ឲ្យ​ចិញ្ចឹម​សត្វ​មាន់​លក់ ទើប​គាត់​អាច​មាន​ប្រាក់​ជួសជុល​ខ្ទម​ស្លឹក​ផង ទិញ​អង្ករ​បាន​ផង ពី​មុន​គាត់​ជំពាក់​គេ​វ័ន្ត​ក ។ ឥឡូវ​ទំនិញ​ឡើង​ថ្លៃ​គាត់​ក៍​ជំពាក់​គេ​ទៀត ។

អ្នកស្រី សាត តូច បាន​មាន​ប្រសាសន៍​ថា ៖ «មាន់​មួយ​បើ​ធំ​លក់​បាន ២​ម៉ឺន បាន​ម្ហូប​ខ្លះ បាន​អង្ករ​ខ្លះ​អ៊ីចឹង​ទៅ កូន​ទៅ​រៀន ចាយ​នាយ​អាយ​ខ្លះ​ទៀត​ទៅ ។ រាល់​ថ្ងៃ​ដោះស្រាយ​បាន​មាន់ ឥឡូវ​ដង្កោ​កាច់​ងាប់​អស់​ហើយ នៅ​កូន​តូច​ៗ​ទេ កូន​ធំៗ​ខ្លះ​ងាប់​អស់​ខ្លះ​ហើយ»

ចំណែក​អ្នកស្រី ព្រំ ផាន រស់​នៅ​ខ្ទម​ទើប​ដូរ​ស្លឹក​ថ្មី​ឲ្យ​ដឹង​ថា​ពី​មុន​គាត់​រស់​នៅ​ភ្នំពេញ ។ គាត់​ថា​នៅ​ភ្នំពេញ​ត្រូវ​ទិញ​អាហារ​និង​គ្រឿង​ប្រើប្រាស់​សព្វសារពើ ។ ទំនិញ​ឡើងថ្លៃ​គ្រួសារ​គាត់​គ្មាន​ប្រាក់​ចំណូល​ច្រើន បាន​នាំគ្នា​មក​រស់នៅ​ស្រុក​កំណើត ។ សុំ​ដី​អាជ្ញាធរ​ភូមិ​បាន​ត្រឹម​សង់​ខ្ទម រស់​នៅ​១២​ឆ្នាំ​ហើយ ។ ឯ​របរ​ចិញ្ចឹម​ជីវិត​ប្តី​ធ្វើ​គ្រូ​ខ្មែរ គាត់​ដើរ​ស៊ីឈ្នួល​ស្ទូង​ដក​ច្រូត​កាត់ ។ ឥឡូវ​គាត់​បារម្ភ​គ្មាន​ប្រាក់​ចំណូល​ពី​ស៊ីឈ្នួល​ធ្វើ​ស្រែ ដោយ​នៅ​ឆ្នាំ​នេះ​អ្នកស្រុក​មួយចំនួន ធ្លាប់​ជួល​គាត់​ធ្វើស្រែ​បាន​លក់​ដី​ស្រែ​ច្រើន​គ្នា ឲ្យ​គេ​ចាក់​ដី​លុប​ស្រែ​ខ្ទេចខ្ទី​អស់ ។

អ្នកស្រី ព្រំ ផាន បាន​ឲ្យ​ដឹង​ថា ៖ «ត្រៀម​កម្លាំង​ដក​ស្ទួង​ឲ្យ​គេ​ទៀត​ទៅ ព្រោះ​អី​យើង​យក​លុយ​គេ​មុន ទិញ​អង្ករ​ហូប ។ ខ្ញុំ​យក​ពី​គេ ៣​ម៉ឺន​ហើយ ៣​ម៉ឺន​ហ្នឹង​ធ្វើ​ឲ្យ ៦​ថ្ងៃ គិត​ថ្ងៃ​ស្ទូង​ឲ្យ​គេ​ទៅ»

អាជ្ញាធរ​ភូមិ​ត្រពាំងអំពិល លោក ពៅ ជឿន មាន​ប្រសាសន៍​ថា ក្នុង​ភូមិ​នេះ​គ្រួសារ​វ័យ​ក្មេង​គ្មាន​ដី​ស្រែ​រដ្ឋ​ចែក​ឲ្យ​មាន​ច្រើន​គ្រួសារ​ដែរ ប៉ុន្តែ​មាន​គ្រួសារ​ខ្លះ​មាន​បងប្អូន​ជួយ​ឧបត្ថម្ភ​ចេះ​រកស៊ី មាន​មុខរបរ​រឹង​មាំ​អាច​ទិញ​ដី​ស្រែ​វិញ​ក៍​មាន ។ លោក​ថា​ក្នុង​ចំណោម​១៦១​គ្រួសារ មាន​១៣​គ្រួសារ​ប៉ុណ្ណោះ គ្មាន​ដី​កសិកម្ម​ខ្លះ​កើត​ក្រោយ​រដ្ឋ​ចែក​ដី និង​ខ្លះ​ចូល​មក​នៅ​ក្រោយ​រដ្ឋ​ចែក​ដី ។

លោក ពៅ ជឿន បន្ត​ថា​ដី​កសិកម្ម​ក្នុង​ភូមិ​នេះ​មាន ១៤២​ហិកតា ។ ប្រភព​បន្ត​ថា អ្នក​ធ្វើ​ស្រែ​ក្នុង​ភូមិ​នេះ​មិន​ប្រាកដ​ថា បាន​ផល​ច្រើន​ហូប​គ្រប់គ្រាន់​ទេ ។ ជួនកាល​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​សត្វ​មមាចត្នោត សត្វ​ក្រា​ស៊ី​ក៍​មាន ។ ឯ​ដី​ដាំ​ដុះ​ជា​ដី​ខ្សាច់​ហុច​ផល​ឲ្យ​ទាប ១​ហិកតា​បាន​១​តោន​កន្លះ ទៅ​២​តោន​ប៉ុណ្ណោះ ។ ពេល​លក់​ស្រូវ​បាន ៦០០ ទៅ ៧០០​រៀល ក្នុង​១​គីឡូក្រាម ប៉ុន្តែ​ខ្លះ​លក់​បាន​៩០០ ទៅ ១០០០រៀល ក្នុង​១​គីឡូក្រាម​នៅ​រដូវ​ធ្វើ​ស្រែ ។ គាត់​ថា អ្នក​ធ្វើ​ស្រែ​មិន​សូវ​ចំណេញ​មក​ពី​ជី​គីមី​ឡើងថ្លៃ ប្រេង​ថ្លៃ ឈ្នួល ភ្ជួរ ដក ស្ទូង ច្រូត ឡើង​ថ្លៃ ។ ក្នុង​១​រដូវ​បើ​គ្រួសារ​ណា​មាន​ដី​១​ហិកតា ហូប​មាត់​ច្រើន​និង​ចាយវាយបុណ្យ ការ​ផង មិន​គ្រប់គ្រាន់​ទេ ។ ដូច​គ្រួសារ​គាត់​មាន​ដី​ជាង​១​ហិកតា អាច​ហូប​គ្រប់​១​ឆ្នាំ​គ្នា​៥​នាក់ ប៉ុន្តែ​ខ្វះ​ប្រាក់​ចាយ​គាត់​ទៅ​រត់​ម៉ូតូ​ឌុប​បន្ថែម ទើប​អាច​ទប់ទល់​ទំនិញ​ប្រចាំ​ថ្ងៃ​ខែ ។ ដល់​បច្ចុប្បន្ន​ប្រេង​សាំង​ឡើងថ្លៃ ៥៣០០ ប្រេង​កាត ៥១០០ អំបិល​ថ្លៃ​ជាង ១០០០ ឯ​ពី​ឆ្នាំ​មុន ៤០០ ទៅ ៥០០​រៀល ធ្វើ​ឲ្យ​ប្រាក់​រក​បន្ថែម​ក្រៅពី​ធ្វើ​ស្រែ​មិន​អាច​ទប់ទល់​ទំនិញ​បាន​ដូច​ឆ្នាំ​មុនៗ ។

លោក ពៅ ជឿន បាន​មាន​ប្រសាសន៍​ថា ៖ «មុខ​របរ​គាត់​រាល់​ថ្ងៃ ភាគ​ច្រើន​ធ្វើ​ជា​កម្មករ​សំណង់ ហើយ​បើ​ខែ​ស្ទូង គាត់​ស៊ី​ឈ្នួល​ស្ទូង​គេ ខ្លះ​រែក​ដី​អ៊ីចឹង​ទៅ ។ រឿង​ដាច់​ស្បៀង​មិន​ដាច់​ទេ គ្រាន់តែ​រក​ស៊ី​បាន​ព្រឹក​ហូប​ព្រឹក បាន​ល្ងាច​ហូប​ល្ងាច»

មេ​ឃុំ​តាភេម លោក ស្រី កឿត មាន​ប្រសាសន៍​ថា​ក្នុង​២៣​ភូមិ​នៃ​ឃុំ​តាភេម មាន​ប្រជាជន ២៨១៦​គ្រួសារ ឯ​ដី​ធ្វើ​ស្រែ​ប្រមាណ ២០០០​ហិកតា​ប៉ុណ្ណោះ ។ លោក​ថា ក្មេង​ច្រើន​កើត​ក្រោយ​រដ្ឋ​ចែក​ដី ឯ​អ្នក​កើត​ជា​គ្រួសា​រួចហើយ អាយុ ២៥ ទៅ ២៦​ឆ្នាំ គ្មាន​ដី​ធ្វើ​ស្រែ​មាន ៦៥​គ្រួសារ ។ ចំនួន​នេះ​គាត់​មិន​បូក​បញ្ចូល​គ្រួសារ​រដ្ឋ​ចែក​ដី​ស្រែ​ឲ្យ ហើយ​លក់​ដី​នោះ​ទេ ។ លោក​មេ​ឃុំ​បន្ត​ថា អ្នក​គ្មាន​ដី​ស្រែ​បាន​ដើរ​ស៊ីឈ្នួល និង​ចំណាក​ស្រុក ខ្លះ​ទៅ​ជិត​ខ្លះ​ទៅ​ឆ្ងាយ យក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ធ្វើ​ឲ្យ​ជីវភាព​ មិន​សូវ​ធូរធារ​ទេ ។ ចំណែក​អាជ្ញាធរ​ឃុំ​គ្មាន​ដី​សង្គមកិច្ច​ចែក​ជូន​អ្នក​ទាំង​នោះ​ទេ ។

លោក ស្រី កឿត បាន​ឲ្យ​ដឹង​ថា ៖ «ខ្លះ​ហ្នឹង​គ្នា​ពិបាក​ថា​ដែរ ខ្លះ​គ្នា​ដាច់​អ៊ីចឹង​ដែរ ហើយ​ខ្លះ​ក៏​រក​បាន​មក​ពី​ក្រៅ​ទប់​អ៊ីចឹង​ដែរ ។ បើ​ដាច់​ហ្នឹង​វា​មិន​ច្រើន​ប៉ុន្មាន​ទេ ប្រហែល​ជា​ខ្ទង់ ២០​-​៣០​គ្រួសារ​ប៉ុណ្ណឹង​ទេ»

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC) លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ជាទូទៅ​ប្រសិន​បើ​កសិករ​អាច​មាន​ដី​ផលិត​កសិកម្ម ក្នុង​ម្នាក់​ច្រើន​ជាង ១៥​អារ ទើប​អាច​ធ្វើ​ស្រែ​ហូប​គ្រប់គ្រាន់​ពេញ​១​ឆ្នាំ នៅ​ពេល​ដែល​ស្រែ​មាន​ទឹក​ល្អ​ដី​មាន​ជីជាតិ​ដំណាំ​គ្មាន​សត្វ​ល្អិត​យាយី ឬ​គ្រោះ​ធម្មជាតិ ។ ប៉ុន្តែ​បើ​យក​ផល​ស្រូវ​ពី​ដី​ជាង ១៥​អារ​នោះ​មក​ហូប​ផង ចាយ​ផង មិន​អាច​គ្រប់​ទេ​សម្រាប់​១​ឆ្នាំ ។ ឯ​វិធី​ដោះស្រាយ​កសិករ​ត្រូវ​ចិញ្ចឹម​សត្វ​បន្ថែម និង​ដាំ​ដំណាំ​បង្កើន​រដូវ ។

លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​មាន​ប្រសាសន៍​ថា ៖ «បើ​មិន​អ៊ីចឹង​ទេ គឺ​យើង​ដាំ​ដំណាំ ជាមួយ​នឹង ផ្គំ​ជាមួយ​នឹង​ការ​ចិញ្ចឹម​សត្វ ចិញ្ចឹម​មាន់​ផង ធ្វើ​ស្រែ​ផង ដាំ​ដំណាំ​អី​ខ្លះៗ ដំណាំ​ហ្នឹង​យក​មក​ធ្វើ​ចំណី​មាន់​អ៊ីចឹង គាត់​អាច​លក់​បាន ២​-​៣​លាន​ក្នុង​មួយ​ឆ្នាំ»

ជុំវិញ​ក្តី​កង្វល់​នានា​រវាង​អ្នក​គ្មាន​ដី​ដាំដុះ បាន​សម្ដែង​ក្តី​បារម្ភ​ពី​អនាគត​កូនៗ​របស់​គេ ទៅ​ថ្ងៃ​ក្រោយ​ដោយសារ​បច្ចុប្បន្ន មនុស្ស​កើត​ច្រើន​ហើយ​ដី​មាន​តិច ។ ឯ​ទំនិញ​ចេះតែ​ឡើង​ថ្លៃ​ខ្ពស់​ហួស​សមត្ថភាព​អ្នក​ក្រីក្រ ។ ពួក​គាត់​បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ក្រោយ ជួយ​ដោះស្រាយ​បញ្ហា​គ្រួសារ​គ្មាន​ដី​កសិកម្ម​ដែល​កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន​នេះ ៕