កម្មករ​រោងចក្រ​តាកហ្វាត​រារាំង​មិន​ឲ្យ​ថៅកែ​ជញ្ជូន​អីវ៉ាន់​ចេញ

ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កំពុង​តែ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោយសារ​តែ​ម្ចាស់​រោងចក្រ​បាន​បិទ​រោងចក្រ និង​កំពុង​ព្យាយាម​ដឹក​ជញ្ជូន​សម្ភារៈ​ចេញ​ពី​រោងចក្រ ហើយ​មិន​ទាន់​ដោះស្រាយ​សំណង​ជាមួយ​ពួកគេ។

0:00 / 0:00

កម្មករ​កម្មការិនី​រោងចក្រ តាក ហ្វាត (Tak Fat) រាប់​រយ​នាក់​កំពុង​អង្គុយ​សំកុក​នៅ​ជុំវិញ​បរិវេណ និង​ក្នុង​រោងចក្រ ប៉ុន្តែ​ពួកគេ​មិន​បាន​បំពេញ​ការងារ​ទេ ដោយ​ពួកគេ​អង្គុយ​ឃ្លាំមើល​មិន​ឲ្យ​ថៅកែ​ដឹក​ម៉ាស៊ីន​ដេរ តុ​កាត់ និង​សម្ភារៈ​មាន​តម្លៃ​ជា​ច្រើន​ទៀត​ចេញ​ពី​រោងចក្រ ក្នុង​គ្រា​ដែល​ថៅកែ​រោងចក្រ​ពុំ​ទាន់​រក​ដំណោះស្រាយ​សមរម្យ​ដល់​កម្មករ​នោះ។

លោក ដេត ស៊ីដា កម្មករ​ម្នាក់​ដែល​ធ្វើការ​នៅ​រោងចក្រ តាក ហ្វាត នេះ​អស់​រយៈពេល ១៥​ឆ្នាំ​មក​ហើយ បាន​ផ្ដល់​សម្ភាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​ថា ថៅកែ​រោងចក្រ​បាន​ព្យាយាម​ចរចា​ជាមួយ​កម្មករ​នូវ​ដំណោះស្រាយ​ដដែលៗ ដែល​ពួកគាត់​មិន​អាច​ទទួល​យក​បាន។ បញ្ហា​នេះ​លោក​ថា គឺ​ដោយសារ​ថៅកែ​ធ្វើការ​ពន្យារ​ពេល​ដើម្បី​យក​ឱកាស​ដឹក​សម្ភារៈ​មាន​តម្លៃ​ចេញ​ពី​រោងចក្រ។

លោក ដេត ស៊ីដា បន្ត​ថា ៖ «ពី​យូរ​ណាស់​ហើយ ក្រុមហ៊ុន​ហ្នឹង​ចេះ​តែ​ព្យាយាម​ដឹក​របស់​របរ​ចេញ ដូចជា​ម៉ាស៊ីន​ដេរ ម៉ាស៊ីន​បោក​គក់ ម៉ាស៊ីន​កាត់ លក់​ក្រណាត់ អំបោះ និង​របស់​ផ្សេងៗ​ទៀត ដូចជា​កុំព្យូទ័រ គេ​ដឹក​ចេញ​អស់​ហើយ។ ពេល​យប់ ម៉ោង​២ ម៉ោង​៣ ឬ​ម៉ោង​១១ យប់​គាត់​លួច​ដឹក​ចេញ ហើយ​ដូច​ជា​ម្សិលមិញ (១៦ មីនា) គាត់​ដឹក​ចេញ​ទៀត។ ពួក​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​មិន​ទាន់​ទូទាត់​តាម​ផ្លូវ​ច្បាប់ ដូច្នេះ​ពួក​ខ្ញុំ​ត្រូវ​តែ​ដាក់​ការ​យាមកាម​ក្នុង​នោះ»

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ យុង លាភ បាន​ថ្លែង​ថា ថៅកែ​រោងចក្រ​បាន​បញ្ឈប់​មិន​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា​មក ដោយ​ពុំ​មាន​មូលហេតុ​ឡើយ។ នាង​បន្ត​ថា ថៅកែ​បាន​ចរចា​ទូទាត់​ថា ផ្ដល់​ប្រាក់​ខែ​ឲ្យ​កម្មករ​តែ​ចំនួន​ត្រឹម​ថ្ងៃ​ទី​១ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា រី​ឯ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូចជា​ប្រាក់​ជូន​ដំណឹង ប្រាក់​បណ្ដេញ​ចេញ ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត ប្រាក់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ឬ​ប្រាក់​អតីតភាព​ការងារ​របស់​ពួកគេ ថៅកែ​ពុំបាន​រក​ដំណោះស្រាយ​តាម​ច្បាប់​ស្ដីពី​ការងារ​ឡើយ។

កម្មការិនី យុង លាភ បន្ថែម​ថា ៖ «កម្មករ​នៅ តាក ហ្វាត បើ​គិតគូរ​តាម​ផ្លូវ​ច្បាប់​ឲ្យ​គាត់ គាត់​មិន​អាច​ទទួល​បាន​ប៉ុណ្ណឹង​ទេ ពីព្រោះ​អី​គាត់​ធ្វើការ​នៅ​ហ្នឹង​តិច​បំផុត​ពី ៧ ទៅ ១៥​ឆ្នាំ​ក្នុង​ម្នាក់។ កម្មករ​នៅ តាក ហ្វាត មិន​ចង់​បាន​អ្វី​ទេ គឺ​សុំ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ស្ដីពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»

កញ្ញា​បាន​បញ្ជាក់​ទៀត​ថា កាល​ពី​ឆ្នាំ​២០១០ ថៅកែ​រោងចក្រ​នេះ​បាន​បញ្ឈប់​កម្មករ​ចំនួន ៨៧​នាក់ ខុស​នីតិវិធី​ច្បាប់​ម្ដង​រួច​មក​ហើយ ដោយ​ប្ដឹង​កម្មករ​ទាំងនោះ​ទៅ​តុលាការ ហើយ​ថែម​ទាំង​មិន​បាន​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​អ្នក​ទាំង​នោះ​ទៀត​ផង។

ឆ្លើយ​តប​បញ្ហា​នេះ លោក​មេធាវី ស្រ៊ី គីមយូ តំណាង​ភាគី​ថៅកែ​រោងចក្រ តាក ហ្វាត មាន​ប្រសាសន៍​ថា ក្នុង​ពេល​នេះ​ក្រុមហ៊ុន​មាន​លទ្ធភាព​ផ្ដល់​ជូន​ដល់​កម្មករ​តែ​ត្រឹម​ប្រាក់​ខែ​ដែល​បាន​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១ មីនា ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា និង​ប្រាក់​បំណាច់​ឆ្នាំ ក្រុមហ៊ុន​ផ្ដល់​ជូន​តែ ១៥០​ដុល្លារ​ក្នុង​ម្នាក់ៗ ៖ «​ស្អែក​នេះ​ខ្ញុំ​អាច​មាន​ព័ត៌មាន​អី​ខ្ញុំ​ចុះ​ទៅ​ប្រាប់​កម្មករ បើ​សិន​ជា​មាន​ការ​សម្រេច​ថ្មី​ណា។ និយាយ​ជា​សាមញ្ញ​ហ្នឹង គឺ​គាត់​រក​ស៊ី​ទៅ​លែង​រួច​តែម្ដង»

យ៉ាង​នេះ​ក្តី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​ថ្លែង​ថា សហជីព​មិន​មាន​សង្ឃឹម​ថា ក្រសួង​ការងារ និង​ក្រសួង​សង្គមកិច្ច នឹង​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ណា​មួយ​សមស្រប​តាម​ច្បាប់​ជូន​កម្មករ​ឡើយ។

លោក ជា មុនី មាន​ប្រសាសន៍​ដូច្នេះ ៖ «រយៈពេល​កន្លង​មក តាក ហ្វាត នេះ​មិន​ដំណើរ​ការ​ល្អ​ទេ គាត់​យក​ទំនិញ​ពី​គេ​មក​ធ្វើ​ទេ គឺ​ចាប់​តាំង​ពី​កម្មករ ១​ម៉ឺន​នាក់ ធ្លាក់​មក​នៅ​កម្មករ​តែ​ជិត ១​ពាន់​នាក់​ទេ គាត់​បោះបង់​កម្មករ​ជា​បណ្ដើរៗ រហូត​មក​ដល់​ឥឡូវ​យើង​ឃើញ​ថា ជា​ស្ថាពរ​ហើយ គឺ​រោងចក្រ​នេះ​បិទ​ទ្វារ​ដោយ​បន្សល់​ឲ្យ​កម្មករ​កម្មការិនី​ជិត ១​ពាន់​នាក់​បាត់បង់​ការងារ និង​អត់​ទូទាត់​ប្រាក់​ទៅ​តាម​ផ្លូវ​ច្បាប់...»

ទោះ​ជា​យ៉ាង​ណា ក្រុម​កម្មករ​កម្មការិនី​ទាំង​នោះ បាន​អះអាង​ថា ថៅកែ​រោងចក្រ​នេះ​ពុំ​ក្ស័យធន​នោះ​ទេ ដោយ​ពួកគេ​បញ្ជាក់​ថា សាខា​ជា​ច្រើន​របស់​ថៅកែ​រោងចក្រ​នេះ​នៅ​ដំណើរការ​ទាំង​អស់។

ប្រភព​ពី​ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​កំពុង​រៀបចំ​លិខិត​មួយ​ដើម្បី​ផ្ដិត​មេដៃ​ដាក់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​ករណី​នេះ។ រោងចក្រ​កាត់ដេរ​ខោ​អាវ​នាំ​ចេញ តាក ហ្វាត​នេះ មាន​កម្មករ​បំពេញ​ការងារ​ប្រមាណ ១.០០០​នាក់៕