សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ បង្ហាញពីមូលហេតុនៃការអូសបន្លាយពេលប្រមូលពន្ធ ដោយសារតែរយៈពេលចុងក្រោយនេះ ម្ចាស់យានយន្តគ្រប់ប្រភេទ សម្រុកចូលមកបង់ពន្ធបណ្ដាលឲ្យមានការកកស្ទះក្នុងការផ្ដល់សេវា។
ក្រសួងសេដ្ឋកិច្ចធ្លាប់បានប្រកាសឲ្យម្ចាស់យានយន្តបង់ពន្ធផ្លូវរយៈពេល ៥ខែ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ហើយត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
អនុប្រធាននាយកដ្ឋានច្បាប់ និងវិវាទនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច លោក អោម ចន ថាការសម្រេចរបស់ក្រសួងនេះ នៅមិនទាន់ច្បាស់នៅឡើយ អាចមានការកែប្រែ។
លោកថា ការពន្យារពេលប្រមូលពន្ធផ្លូវនេះ អាចឈានដល់ថ្ងៃទី១៥ ខែសីហា៖ «លិខិតហ្នឹងផ្អាកផ្សាយវិញ ខ្ញុំអត់ដឹងមូលហេតុ មិនដឹងពន្យារ ពន្លូតពេលទៀត ឬមួយក៏យកអាហ្នឹងវាអាចថាថ្ងៃ១៥ វាអាចថាថ្ងៃ៣១ រឺអាចថា ថ្ងៃ១៥ ខែ៨»។
ក្រសួងសេដ្ឋកិច្ចក៏បានប្រកាសថា នៅថ្ងៃទី១ ខែសីហា អង្គភាពពន្ធដារ នឹងធ្វើការត្រួតពិនិត្យ និងអនុវត្តការផាកពិន័យចំនួន ១ដង ស្មើប្រាក់ពន្ធបន្ថែមលើប្រាក់ពន្ធដែលត្រូវបង់ ចំពោះម្ចាស់យានយន្តដែលយឺតយ៉ាវបង់ពន្ធក្រោយថ្ងៃបរិច្ឆេទសុពលភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។