លោក ឈុំ វិបុល បានមានប្រសាសន៍ថា ឡានរបស់លោកបានចេញដំណើរពីក្រចេះ ដឹកទូខោអាវចំនួនពីរនៅវេលាម៉ោង ៤យប់ទៀបភ្លឺ ព្រោះប្រញាប់យកឲ្យគេនៅភ្នំពេញ មិនបានបង់ថ្លៃឲ្យបេនឡានក្រចេះ ដោយនៅវេលាថ្មើរនោះខាងបេននៅដេកនៅឡើយ។
លោកសង្ស័យថា ខាងបេនក្រចេះទូរស័ព្ទប្រាប់ ទើបគេចាំស្ទាក់វាយលោកនោះ ហើយលោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការនិងអង្គការសិទ្ធិមនុស្សអំពីករណីនេះ ៖ «ស្មានថា ដាក់ម៉ូយ ខ្ញុំក៏អែបឈប់ សួរបងមានមូលហេតុអី? គេក៏មិនប្រាប់ថា ខ្ញុំមានមូលហេតុអី ខ្ញុំក៏បើកឡានមក ដល់បើកឡានមក គេជិះម៉ូតូតាមពីក្រោយ វាគប់ឡានខ្ញុំមួយដុំថ្ម ហើយខ្ញុំថា បង ម៉េចបានគប់ឡានខ្ញុំ? គេថា ចុះៗ ចុះពីលើឡាន ទាញខ្ញុំទម្លាក់ចុះ ហើយវ៉ៃខ្ញុំតែម្ដង រួចប្រាប់ថា អ្ហែងអញ្ជើញទៅប្ដឹងអាណាទៅៗ អញមានលុយរាប់លាន អញមិនខ្លាចពួកអ្ហែងឡានប៉ុណ្ណឹងៗទេ។ ធ្វើអ៊ីចឹងដូចព្រៃផ្សៃហួសតែម្ដង មនុស្សខ្ញុំមិនមែនថា មិនដែលចូលសាលា គ្រាន់តែយើងនិយាយស្រួលបួលទៅ ខ្ញុំស្ដាប់បានហើយ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីបុគ្គលិកបេនឈ្មោះ សែ បានទេ ជុំវិញការចោទប្រកាន់ខាងលើ ប៉ុន្តែអ្នកគ្រប់គ្រងចំណតរថយន្តនោះសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា ៖ «ពួកហ្នឹង វាបក់ដៃ ប្រាប់ថា ឡាន ៤នាក់ ក៏យើងកាក់យក កាក់វាអត់ឈប់។ អត់ឈប់ កម្មករបេនរបស់ខ្ញុំក៏តាម តាមទៅវាអត់ឈប់ទេ តាមទាន់វាឈប់ ឈប់ហើយ យើងប្រាប់ថា បង់លុយបេនសិន វាទៅទៀត ទៅទៀតយើងក៏វ៉ៃមួយដៃ មិនមែនវ៉ៃមនុស្សទេ គឺវ៉ៃឡាន វ៉ៃខាងឆ្វេង ប្រទាញប្រទង់កអាវឲ្យវាឈប់សិន មិនបានវ៉ៃទេ»។
រីឯលោកមេឃុំសួង ឈ្មោះ ជួង ភិរម្យ បានមានប្រសាសន៍ថា លោកមិនបានដឹងពីបញ្ហានេះភ្លាមៗទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា ៖ «វាអាងខ្នងហ្នឹង។ ដឹងដែរតើ! វ៉ៃព្រូឡានវ៉ៃអី ធ្លាប់បង់លុយឲ្យគេតែញយ»។
ជុំវិញបញ្ហាខាងលើ ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តកំពង់ចាម លោក នាង សូវ៉ាត បានមានប្រសាសន៍យ៉ាងដូចេ្នះថា ៖ «គាត់មានភារកិច្ចខាងបេន ក៏គាត់អត់មានភារកិច្ចទៅវ៉ៃអ្នកដែលរត់តាក់ស៊ីដែរ។ អាជ្ញាធរមិនបានប្រគល់អំណាច រឿងវ៉ៃតប់ទាត់ធាក់ទៅឲ្យគាត់ទេ។ នេះជាបទល្មើសព្រហ្មទណ្ឌមួយដែលថា អ្នកឡានតាក់ស៊ីហ្នឹង ត្រូវតែដឹងឲ្យគេផ្តន្ទាទោស ថាតើហេតុផលអី ដែលនាំឲ្យគេវ៉ៃហ្នឹង? បើសិនជាមានបញ្ហាទាក់ទងរឿងបង់លុយបង់កាក់ អាចហៅប៉ូលិសដើម្បីឲ្យឃាត់ឡានជារឿងពិន័យអីធម្មតាទេ មិនមែនរឿងវ៉ៃទេ។ អ៊ីចឹងបានថា អ្នកឡានតាក់ស៊ី គាត់បានបំពេញកាតព្វកិច្ចច្រើនណាស់ តាំងពីបង់ពន្ធផ្លូវ បង់ពន្ធចូលអី គឺថា គាត់រកដើម្បីជាតិដែរ រឿងអីយើងទៅវ៉ៃគាត់»។
ប្រជាពលរដ្ឋបានមានប្រសាសន៍ថា ទំនាស់រវាងអ្នករត់តាក់ស៊ីនិងម្ចាស់បេនឡាន តែងតែកើតមាន ជាញឹកញាប់នៅខេត្តកំពង់ចាមនេះ ដូចជាការទារភាស៊ីថ្លៃហួសចំណូលដែលពួកគេរកបាន និងបញ្ហាផ្សេងៗទៀត៕
