បុគ្គលិក​ចំណត​រថយន្ត​នៅ​ស្រុក​ត្បូងឃ្មុំ វាយ​ដំ​លើ​អ្នក​រត់​តាក់ស៊ី

អ្នក​រត់​តាក់ស៊ី​ក្រចេះ​-ភ្នំពេញ ឈ្មោះ ឈុំ វិបុល បាន​ចោទ​ប្រកាន់​បុគ្គលិក​ចំណត​រថយន្ត​សួង ស្រុក​ត្បូងឃ្មុំ ឈ្មោះ​សែ ថា​បាន​ប្រើ​អំពើហិង្សា​មក​លើ​ខ្លួន និង​បាន​វាយ​កម្ទេច​ឡាន​ទៀត នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី នា​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា។

0:00 / 0:00

លោក ឈុំ វិបុល បាន​មាន​ប្រសាសន៍​ថា ឡាន​របស់​លោក​បាន​ចេញ​ដំណើរ​ពី​ក្រចេះ ដឹក​ទូ​ខោ​អាវ​ចំនួន​ពីរ​នៅ​វេលា​ម៉ោង ៤​យប់​ទៀប​ភ្លឺ ព្រោះ​ប្រញាប់​យក​ឲ្យ​គេ​នៅ​ភ្នំពេញ មិន​បាន​បង់​ថ្លៃ​ឲ្យ​បេន​ឡាន​ក្រចេះ ដោយ​នៅ​វេលា​ថ្មើរ​នោះ​ខាង​បេន​នៅ​ដេក​នៅ​ឡើយ។

លោក​សង្ស័យ​ថា ខាង​បេន​ក្រចេះ​ទូរស័ព្ទ​ប្រាប់ ទើប​គេ​ចាំ​ស្ទាក់​វាយ​លោក​នោះ ហើយ​លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​និង​អង្គការ​សិទ្ធិ​មនុស្ស​អំពី​ករណី​នេះ ៖ «ស្មាន​ថា ដាក់​ម៉ូយ ខ្ញុំ​ក៏​អែប​ឈប់ សួរ​បង​មាន​មូលហេតុ​អី? គេ​ក៏​មិន​ប្រាប់​ថា ខ្ញុំ​មាន​មូលហេតុ​អី ខ្ញុំ​ក៏​បើក​ឡាន​មក ដល់​បើក​ឡាន​មក គេ​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ វា​គប់​ឡាន​ខ្ញុំ​មួយ​ដុំ​ថ្ម ហើយ​ខ្ញុំ​ថា បង ម៉េច​បាន​គប់​ឡាន​ខ្ញុំ? គេ​ថា ចុះៗ ចុះ​ពី​លើ​ឡាន ទាញ​ខ្ញុំ​ទម្លាក់​ចុះ ហើយ​វ៉ៃ​ខ្ញុំ​តែ​ម្ដង រួច​ប្រាប់​ថា អ្ហែង​អញ្ជើញ​ទៅ​ប្ដឹង​អាណា​ទៅៗ អញ​មាន​លុយ​រាប់​លាន អញ​មិន​ខ្លាច​ពួក​អ្ហែង​ឡាន​ប៉ុណ្ណឹងៗ​ទេ។ ធ្វើ​អ៊ីចឹង​ដូច​ព្រៃផ្សៃ​ហួស​តែ​ម្ដង មនុស្ស​ខ្ញុំ​មិនមែន​ថា មិន​ដែល​ចូល​សាលា គ្រាន់​តែ​យើង​និយាយ​ស្រួល​បួល​ទៅ ខ្ញុំ​ស្ដាប់​បាន​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការបំភ្លឺ​ពី​បុគ្គលិក​បេន​ឈ្មោះ សែ បាន​ទេ ជុំវិញ​ការចោទ​ប្រកាន់​ខាង​លើ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ចំណត​រថយន្ត​នោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា ៖ «ពួក​ហ្នឹង វា​បក់​ដៃ ប្រាប់​ថា ឡាន ៤​នាក់ ក៏​យើង​កាក់​យក កាក់​វា​អត់​ឈប់។ អត់​ឈប់ កម្មករ​បេន​របស់​ខ្ញុំ​ក៏​តាម តាម​ទៅ​វា​អត់​ឈប់​ទេ តាម​ទាន់​វា​ឈប់ ឈប់​ហើយ យើង​ប្រាប់​ថា បង់​លុយ​បេន​សិន វា​ទៅ​ទៀត ទៅ​ទៀត​យើង​ក៏​វ៉ៃ​មួយ​ដៃ មិនមែន​វ៉ៃ​មនុស្ស​ទេ គឺ​វ៉ៃ​ឡាន វ៉ៃ​ខាង​ឆ្វេង ប្រទាញ​ប្រទង់​ក​អាវ​ឲ្យ​វា​ឈប់​សិន មិន​បាន​វ៉ៃ​ទេ»

រីឯ​លោក​មេឃុំ​សួង ឈ្មោះ ជួង ភិរម្យ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ភ្លាម​ៗ​ទេ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ៖ «វា​អាង​ខ្នង​ហ្នឹង។ ដឹង​ដែរ​តើ! វ៉ៃ​ព្រូ​ឡាន​វ៉ៃ​អី ធ្លាប់​បង់​លុយ​ឲ្យ​គេ​តែ​ញយ»

ជុំវិញ​បញ្ហា​ខាង​លើ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សូវ៉ាត បាន​មាន​ប្រសាសន៍​យ៉ាង​ដូចេ្នះ​ថា ៖ «គាត់​មាន​ភារកិច្ច​ខាង​បេន ក៏​គាត់​អត់​មាន​ភារកិច្ច​ទៅ​វ៉ៃ​អ្នក​ដែល​រត់​តាក់ស៊ី​ដែរ។ អាជ្ញាធរ​មិន​បាន​ប្រគល់​អំណាច រឿង​វ៉ៃ​តប់​ទាត់​ធាក់​ទៅ​ឲ្យ​គាត់​ទេ។ នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ដែល​ថា អ្នក​ឡាន​តាក់ស៊ី​ហ្នឹង ត្រូវតែ​ដឹង​ឲ្យ​គេ​ផ្តន្ទាទោស ថា​តើ​ហេតុផល​អី ដែល​នាំ​ឲ្យ​គេ​វ៉ៃ​ហ្នឹង? បើ​សិន​ជា​មាន​បញ្ហា​ទាក់ទង​រឿង​បង់​លុយ​បង់​កាក់ អាច​ហៅ​ប៉ូលិស​ដើម្បី​ឲ្យ​ឃាត់​ឡាន​ជា​រឿង​ពិន័យ​អី​ធម្មតា​ទេ មិនមែន​រឿង​វ៉ៃ​ទេ។ អ៊ីចឹង​បាន​ថា អ្នក​ឡាន​តាក់ស៊ី គាត់​បាន​បំពេញ​កាតព្វកិច្ច​ច្រើន​ណាស់ តាំង​ពី​បង់​ពន្ធ​ផ្លូវ បង់​ពន្ធ​ចូល​អី គឺ​ថា គាត់​រក​ដើម្បី​ជាតិ​ដែរ រឿង​អី​យើង​ទៅ​វ៉ៃ​គាត់»

ប្រជាពលរដ្ឋ​បាន​មាន​ប្រសាសន៍​ថា ទំនាស់​រវាង​អ្នក​រត់​តាក់ស៊ី​និង​ម្ចាស់​បេនឡាន តែងតែ​កើត​មាន ជា​ញឹកញាប់​នៅ​ខេត្ត​កំពង់ចាម​នេះ ដូចជា​ការទារ​ភាស៊ី​ថ្លៃ​ហួស​ចំណូល​ដែល​ពួក​គេ​រក​បាន និង​បញ្ហា​ផ្សេងៗ​ទៀត៕