លោក ម៉ាន់ ឈឿន អភិបាលរងក្រុងភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ការរក្សាតម្លៃសេវាដឹកជញ្ជូននេះ គឺដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ក្នុងការចូលរួមបោះឆ្នោត ។
លោក ម៉ាន់ ឈឿន មានប្រសាសន៍ដូច្នេះថា ៖ «ម្សិលមិញ យើងបានប្រជុំហើយ ហៅក្រុមហ៊ុនជាង ៣០មកណែនាំមិនឲ្យធ្វើអ្វីផ្ដេសផ្ដាសទេ ធ្វើម៉េចរក្សានូវសណ្ដាប់ធ្នាប់ រក្សានូវតម្លៃដដែល ។ ...បងប្អូនយើងក៏បានសម្ដែងនូវការគាំទ្រ ធ្វើម៉េចឲ្យវាថ្លៃថ្នូរ ឲ្យវារលូន ។ ការបោះឆ្នោតហ្នឹងខ្ញុំវាយតម្លៃថា ល្អណាស់ ។ ស្រុកយើងសាន្តត្រាណប៉ុណ្ណឹងហើយ អ្នកណាមកធ្វើភ្លៀងធ្វើផ្គរ អត់ព្រមទេ ត្រូវតែអនុលោមទៅតាមសំណូមពររបស់រដ្ឋអំណាច ជាពិសេសឲ្យបងប្អូនយើងដែលត្រូវទៅស្រុកគាត់សប្បាយ» ។
ចំណែកឯលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងដែរថា លោកតំណាងឲ្យក្រុមកម្មករទាំងអស់ សាទរចំពោះវិធានការនេះ ហើយលោកបានសំណូមពរដល់ក្រុមកម្មករ កម្មការិនី ប្រើសិទ្ធិរបស់ខ្លួនដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ នេះ ។
សូមបញ្ជាក់ថា កម្មករ កម្មការិនី ក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ ៣៥ម៉ឺននាក់ ៕
