ទៀ បាញ់៖ ការ​បង្ក្រាប​ដោយ​កម្លាំង​យោធា​គឺ​តាម​បញ្ជា​តុលាការ

លោក​ឧប​នាយក​រដ្ឋមន្រ្តី ទៀ បាញ់ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ផង​នោះ មាន​ប្រសាសន៍​ថា កង​កម្លាំង​ប្រដាប់​អាវុធ​គឺ​ជា​ក្រុម​ដែល​បាន​ទទួល​ការ​អប់រំ​ស្តីពី​សិទ្ធិ​មនុស្ស​ដំបូងៗ​គេ និង​ថែម​ទាំង​ជា​កម្លាំង​ស្ថិត​នៅ​ក្រោម​ច្បាប់​និង​វិន័យ​កង​ទ័ព​យ៉ាង​ត្រឹមត្រូវ។

លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​ប្រទេស​កម្ពុជា​បាន​ពន្យល់​ថា ការ​ដែល​គេ​ឃើញ​មាន​រូប​ភាព​ដែល​បាន​ថត​ចេញ​មក​ផ្សាយ​ដែល​បង្ហាញ​ថា មាន​អ្នក​កាន់​អាវុធ​ប្រើ​កម្លាំង​បង្រ្កាប​ពលរដ្ឋ​អ្នក​គ្មាន​អាវុធ​នោះ គឺ​ជា​ការ​អនុវត្ត​តាម​បញ្ជា​របស់​តុលាការ​ប៉ុណ្ណោះ និង​ពុំ​មែន​ជា​ជម្រើស​របស់​ពួក​គេ​ឡើយ។

ក្នុង​កិច្ច​ប្រជុំ​សួរ​ឆ្លើយ​ដែល​លោក​បាន​ផ្តល់​ដល់​ក្រុម​អ្នក​ផ្សាយ​ភាសា​ខ្មែរ​នៃ​វិទ្យុ​អាស៊ីសេរី​និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​កាល​ពី​ព្រលឹម​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ គឺ​ក្រោយ​ជំនួប​របស់​លោក​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ រ៉ូប៊ើត ហ្កេតស៍ (Robert Gates) និង​លោក​អនុ​រដ្ឋមន្រ្តី ជេមស៍ ស្តេនប៊ើក (James Steinburg) នៃ​ក្រសួង​ការបរទេស ប្រទេស​អាមេរិក រួច​ហើយ។

លោក​ឧប​នាយក​រដ្ឋមន្រ្តី ទៀ បាញ់ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី​ដូច្នេះ ៖ «កម្លាំង​ប្រដាប់​អាវុធ មិន​ថា​យោធា មិន​ថា​ប៉ូលិស ឬ​ក៏​កង​រាជ​អាវុធហត្ថ​ទេ គឺ​យើង​ចាត់ទុក​ថា​ជា​ឧបករណ៍​មួយ​សម្រាប់​អនុវត្ត​ច្បាប់។ ដូច្នេះ​គឺ​មាន​ចំណុច​ខ្លះ មាន​ពេល​ខ្លះ គឺ​អនុវត្ត​ទៅ​តាម​ដីកា​របស់​តុលាការ ត្រូវ​អនុវត្ត​ដីកា​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​មិន​ដឹង​ជា​រក​កម្លាំង​ណា​ក្រៅ​ពី​មក​ពឹងពាក់​យក​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ​ដើម្បី​អនុវត្ត​ដីកា។ ម៉្លោះ​ហើយ​ប្រាកដ​ហើយ​គឺ​ថា​មាន ករណី​រឿង​ដី​ធ្លី​អី​អ៊ីចឹង តុលាការ​ចេញ​ហើយ​គឺ​អ្នក​ឯង​ត្រូវតែ​ចេញ ដល់​យើង​មិន​ចេញ គឺ​តុលាការ​ត្រួវតែ​ប្រើ​ឧបករណ៍​របស់​ខ្លួន​គឺ​កម្លាំង​ប្រដាប់​អាវុធ ទៅ​ដេញ​ឲ្យ​ចេញ»

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​សប្តាហ៍​មុន​នេះ អ្នក​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ចំនួន​៨​នាក់​បាន​ដាក់​សំណួរ​ទៅ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​របស់​ខ្លួន​ឲ្យ​ឆើ្លយ​តប ដើម្បី​បញ្ជាក់​ថា ជំនួយ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក​ទៅ​កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​នៃ​ក្រុម​យោធា​ខ្មែរ​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​នៃ​ពលរដ្ឋ​ខ្មែរ​ទេ។

មេ​បញ្ជាការ​យោធា​បដិសេធ​ការ​ចោទ​ថា​ទាហាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស

ស្រប​ពេល​ជាមួយ​គ្នា​នេះ មេ​បញ្ជាការ​កងពល​លេខ​៣១​ បដិសេធ​ការ​ទិតៀន​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និង​របស់​សមាជិក​សភា​តំណាង​រាស្ត្រ​អាមេរិក ថា ទាហាន​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដូច​ការ​ចោទ​នោះ​ឡើយ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​សម្ដី លោក ស៊ុន សារឿន មេ​បញ្ជាការ​កងពល​លេខ​៣១ ដែល​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ទាហាន​លោក​មិន​ដែល​ប្រើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល​ឡើយ។ លោក​ថា​ជា​កង​ទ័ព​គឺ​មិន​ដែល​មើល​លើ​ផ្លូវ​អាក្រក់​ចំពោះ​ប្រជាជន​ក្នុង​សហគមន៍​ដែល​កំពុង​រស់នៅ​នោះ​ទេ។

កាល​ពី​ថ្ងៃ​សុក្រ សមាជិក​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​៨​រូប​បាន​ផ្ញើ​លិខិត​ជូន​លោក រ៉ូប៊ើត ហ្កេតស៍ (Robert Gates) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក សួរ​អំពី​ជំនួយ​របស់​អាមេរិក​ទៅ​ដល់​អង្គភាព​យោធា​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​រឿង​រំលោភ​សិទ្ធិ​មនុស្ស។

ក្នុង​លិខិត​របស់​សមាជិក​សភា​អាមេរិក​នោះ​មាន​ចារ​ឈ្មោះ​កងពល​៩១១ កងពល​៧០ ដែល​ជា​អង្គភាព​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កងពល​៣១ ថា ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​ជា​អ្នក​ប្រព្រឹត្ត​ការ​រំលោភ​ធ្ងន់ធ្ងរ​ក្នុង​រឿង​ទំនាស់​ដី​ធ្លី៕