នៅក្នុងលិខិតរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនោះ បានសរសេរថា ការកាត់ប្រាក់ពីលោកគ្រូអ្នកគ្រូទាំងនោះ គឺជាថ្នូរនឹងការដំឡើងកាំប្រាក់បន្ថែម ដោយសារតែនៅឯខេត្តបាត់ដំបង នៅក្នុងឆ្នាំ២០០៩នេះ មានគ្រូបង្រៀន៣.០០០នាក់ ដែលត្រូវដំឡើងកាំប្រាក់ ហើយប្រាក់ដែលត្រូវឡើងនោះមានចំនួន២.៥០០រៀលប៉ុណ្ណោះ។
ឆ្លើយតបនឹងការចោទប្រកាន់ថា មន្ត្រីថ្នាក់ការិយាល័យស្រុកនិងមន្ត្រីនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង បានកាត់ប្រាក់ពីលោកគ្រូអ្នកគ្រូនោះ លោក ងី សែត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី២១ ថា លោកទើបតែទទួលបានដំណឹង ហើយលោកនឹងប្រជុំត្រួតពិនិត្យមើល។
លោក ងី សែត បានឲ្យដឹងដូច្នេះ ៖ «រឿងនេះខ្ញុំអត់ទាន់បានដឹងច្បាស់ទេ កំពុងតែស្រាវជ្រាវ។ មានគេសួរខ្ញុំដែរ ប៉ុន្តែខ្ញុំអត់ទាន់បានស្រាវជ្រាវ ខ្ញុំទើបមកដល់ការិយាល័យអម្បាញ់មិញនេះឯង កំពុងហៅគ្នាមកជួបសួរមើល៍វាយ៉ាងម៉េច អត់ទាន់ដឹងច្បាស់ទេ។ ខ្ញុំមិនបានបញ្ជាទេការងារអ៊ីចឹង ប៉ុន្តែវាអាចដែរ ការរៀបចំឯកសារសម្រាប់ថ្លៃក្រដាសថ្លៃអីវាអាចមានដែរ ប៉ុន្តែខ្ញុំអត់ទាន់ដឹងច្បាស់ថា គាត់ធ្វើយ៉ាងម៉េចទេ បន្តិចទៀតខ្ញុំប្រជុំគ្នាហើយ ទាល់តែល្ងាចបានដឹងថាយ៉ាងម៉េចអីយ៉ាងម៉េច»។
ចំណែកនៅក្នុងលិខិតរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានសសេរថា ការយកប្រាក់ពីលោកគ្រូអ្នកគ្រូនោះ គឺជាការប្រព្រឹត្តអំពើពុករលួយនិងកេងប្រវ័ញ្ច ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់លោកគ្រូអ្នកគ្រូ ហើយក៏ជាផ្នែកមួយនាំឲ្យប៉ះពាល់ដល់វិស័យអប់រំផងដែរ៕
