នាយក​សាលា​នៅ​ខេត្ត​តាកែវ​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

គ្រូ​នៅ​សាលា​បឋម​សិក្សា​ក្រុង​ដូនកែវ ខេត្ត​តាកែវ ចោទ​ថា​នាយក​សាលា​នោះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប៉ុន្តែ​នាយក​សាលា​បដិសេធ​ថា គ្រូ​នោះ​មិន​គោរព​បទ​បញ្ជា​សាលា ហើយ​មិន​ដឹង​ពី​ថវិកា​ចំណាយ ទើប​ចោទ​គាត់​ថា​ពុក​រលួយ។

0:00 / 0:00

ក្រុម​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ឈើទាល ស្ថិត​ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ កំពុង​រៀបចំ​ឯកសារ​នៅ​ថ្ងៃ​អង្គារ ទី១៥ ខែ​មករា ដើម្បី​ប្ដឹង​នាយក​សាលា​នោះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

ការ​រៀបចំ​ឯកសារ​នេះ បាន​ធ្វើ​ឡើង​ដោយ​សារ​លោកគ្រូៗ​ទាំង​នោះ​មិន​ឯកភាព​នឹង​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ក្រុង​ដូនកែវ និង​មន្ទីរ​អប់រំ កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៤ ខែ​មករា។ ពួក​គាត់​មិន​ទទួល​យក​ចំណុច​ពុក​រលួយ​នៃ​ប្រាក់​ឧបត្ថម្ភ​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ ឬ​ហៅ​ថា ប្រាក់​ភីប៊ី ដែល​នាយក​មិន​បាន​បើក​ឲ្យ​ពួក​គាត់​ច្រើន​ឆ្នាំ​មក​នោះ។

លោកគ្រូ កែវ សាវន បង្រៀន​ថ្នាក់​ទី​២​ក សាលា​បឋម​សិក្សា​ឈើទាល ចោទ​ថា នាយក​សាលា​បាន​ដក​ប្រាក់​ភីប៊ី នោះ​ចំណាយ​មិន​ត្រឹមត្រូវ និង​មិន​បាន​បើក​ប្រាក់​នោះ​ដល់​គ្រូ​ដែល​បាន​បង្រៀន​រាល់​ថ្ងៃ​ព្រហស្បតិ៍ ច្រើន​ឆ្នាំ​មក​នោះ។ មិន​តែ​ប៉ុណ្ណោះ នាយក​សាលា​មិន​បាន​គ្រប់គ្រង​រដ្ឋបាល​សាលា​បាន​ត្រឹមត្រូវ ទាំង​បណ្ណាល័យ ទាំង​ពេល​វេលា​គោរព​ទង់ជាតិ​ជាដើម៖ «អីចឹង ឥឡូវ​លោក​នាយក​ថា​អ្នក​ដែល​គ្មាន​តួនាទី​បង្រៀន គឺ​អត់​មាន​លុយ​ទេ ប៉ុន្តែ​មាន​លុយ​ប្រជុំ​បច្ចេកទេស។ អីចឹង ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក​ទល់​បច្ចុប្បន្ន​នេះ អា​លុយ​ប្រជុំ​បច្ចេកទេស គឺ​យើង​មិន​ដែល​បាន​ទទួល​ទាល់​តែ​សោះ»

លោកគ្រូ អ៊ី សុន បង្រៀន​ថ្នាក់​ទី​១​គ ថ្លែង​ថា ក្រៅ​ពី​ចំណាយ​ប្រាក់​ភីប៊ី មិន​ត្រឹមត្រូវ សាលា​នៅ​ខ្វះ​ជួង​សម្រាប់​វាយ​ប្រាប់​គ្រូ និង​សិស្ស ថា​ចេញ​លេង ឬ​ចេញ​ទៅ​ផ្ទះ៖ «តាំង​ពី​លុយ​ភីប៊ី ទៅ គឺ​ចាយ​ទូទាត់​វា​មិន​ចំ​ទិសដៅ ក្នុង​ការ​បង្រៀន វា​បែង​ចែក​ខុស​តែ​ប៉ុណ្ណឹង»

លោកគ្រូ អ៊ុន សុផល បង្រៀន​ថ្នាក់​ទី​២​ខ ថ្លែង​ថា នាយក​សាលា​បាន​ដក​ប្រាក់​ភីប៊ី ម្តង ១០​ម៉ឺន ថា​កសាង​សួន​ច្បារ តែ​មិន​បាន​កសាង។ ក្រោយ​មក ដក​យក​ជាង ៣០​ម៉ឺន​ទៀត ថា​ចាក់​ដី​អភិវឌ្ឍ​ទីធ្លា​សាលា ប៉ុន្តែ​មិន​ឃើញ​ធ្វើ​សោះ ទើប​ពួក​គាត់​សង្ស័យ​ថា អាច​មាន​អំពើ​ពុក​រលួយ។

លោកគ្រូ អ៊ុន សុផល៖ «បញ្ហា​ប្រាក់​ភីប៊ី ហ្នឹង ដូច​លុយ​ចំនួន ១០​ម៉ឺន ថា​ដក​ទុក​ភ្ជួរ​ដាំ​ផ្កា លុយ ៣៧​ម៉ឺន សម្រាប់​ចាក់​ដី​ហ្នឹង​ក៏​រហូត​មក​ដល់​បច្ចុប្បន្ន​ហ្នឹង ក៏​អត់​មាន​ឃើញ​មាន​ចាក់​ដី​ទេ។ ក៏ប៉ុន្តែ គាត់​មាន​ថា ដក​លុយ​នេះ​ទុក​សម្រាប់​ដំណើរ​ការ​ហ្នឹង ប៉ុន្តែ​គាត់​អត់​បាន​ធ្វើ​អី​ទេ អត់​ឃើញ​សកម្មភាព​ដែល​ថា​ធ្វើ​អី​ហ្នឹង អត់​ឃើញ​ទេ។ ហើយ​មួយ​ទៀត បញ្ហា​បណ្ណាល័យ ចង់​ឲ្យ​បណ្ណាល័យ​ហ្នឹង​បើក​ទ្វារ ហើយ​មាន​សិស្ស​ចូល​អាន បែង​ចែក​តាម​ថ្នាក់ៗ​ណា​ត្រូវ​ចូល​អាន​ម៉ោង​ប៉ុន្មានៗ ដើម្បី​ឲ្យ​មាន​សកម្មភាព​បណ្ណាល័យ​ដែរ»

ពាក់ព័ន្ធ​ទៅ​លើ​ការ​ចោទ​ពី​សំណាក់​គ្រូៗ លោក ខឹម សារិន នាយក​សាលា​បឋម​សិក្សា​ឈើទាល ថ្លែង​ថា ថវិកា​សម្រាប់​អភិវឌ្ឍន៍​សាលា គឺ​នៅ​ទាំង​អស់ ប៉ុន្តែ​លោក​មិន​ទាន់​បាន​កសាង​នៅ​ឡើយ តាំង​ពី​ដើម​ឆ្នាំ​សិក្សា​២០១២ ឆ្នាំ​២០១៣ ព្រោះ​ថវិកា​នោះ​ដក​យក​បាន​តិចតួច មិន​ទាន់​គ្រប់​ចំនួន​ដែល​អាច​យក​ទៅ​អភិវឌ្ឍន៍​បាន៖ «ប៉ុន្តែ​លុយ​នៅ​ក្នុង​ជុំ​ឆ្នាំ​២០១១ ឆ្នាំ​២០១២ ប៉ុន្តែ​លុយ​ហ្នឹង​លុយ​ភីប៊ី មិន​មែន​មក​ទាន់​ឆ្នាំ​ទេ ព្រោះ​ថា​លុយ​វា​ត្រូវ​ឆ្នាំ​សិក្សា​មុន​នោះ​ចាយ ប៉ុន្តែ​ដល់​ពេល​មក​ជុំ​ទី៤ អត់​ទាន់​អីចឹង ទាល់​តែ​ដើម​ឆ្នាំ​បាន​គេ​ទម្លាក់​លុយ​ហ្នឹង​មក​ដល់។ អីចឹង រយៈពេល​នោះ​តាំង​ពី​ដើម​ឆ្នាំ​មក»

មន្ត្រី​អប់រំ​ក្រុង​ដូនកែវ ខេត្ត​តាកែវ លោក សោម ស៊ីចន មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​ចោទ​ប្រកាន់​នេះ​ទេ នៅ​ថ្ងៃ​អង្គារ ទី១៥ ខែ​មករា។

តំណាង​ស៊ើប​អង្កេត​សម្រប​សម្រួល​នៅ​ប្រទេស​កម្ពុជា នៃ​បណ្ដាញ​រួប​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ ថ្លែង​ថា បើ​ក្រុម​គ្រូ​បង្រៀន​យល់​ថា​ទង្វើ​របស់​លោក​នាយក​សាលា​ជា​អំពើ​ពុក​រលួយ គួរ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ អង្គការ​នេះ​នឹង​ជំរុញ​អង្គភាព​នោះ​ឲ្យ​អនុវត្ត​បណ្ដឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ នៅ​ក្នុង​សាលា​រៀន៖ «អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គេ​នឹង​បើក​ការ​ស៊ើប​អង្កេត ហើយ​បើ​សិន​ជា​មាន​ពាក្យ​បណ្ដឹង។ នេះ​ជា​វិធី​សាស្ត្រ​មួយ​នៅ​ក្នុង​ការ​ចូល​រួម​ទៅ​ក្នុង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ»

ក្រុម​គ្រូ​បង្រៀន​កំពុង​តែ​រៀបចំ​ឯកសារ ដើម្បី​ដាក់​ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ពិនិត្យ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។