តុលាការខេត្តព្រៃវែងនៅថ្ងៃទី១១ ខែវិច្ឆិកា បានបើកសវនាការសម្រេចធ្វើការផ្តន្ទាទោសគ្រូបង្រៀនម្នាក់ឈ្មោះ ជិន ឫទ្ធី ជាគ្រូបង្រៀននៅអនុវិទ្យាល័យអ្នកលឿង និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តព្រៃវែង ដោយពិន័យជាប្រាក់ចំនួន១០លានរៀល ដែលប្ដឹងដោយលោក យិន សុវុទ្ធី ជានាយកសាលារបស់ខ្លួន។
លោក ជិន ឫទ្ធី បញ្ជាក់ថា វាអយុត្តិធម៌សម្រាប់ខ្លួនលោកដែលខំការពារដីទីធ្លាសាលា ដែលជាសម្បត្តិរបស់រដ្ឋ ប៉ុន្តែបែរជាមានទោសទៅវិញ។
លោក ជិន ឫទ្ធី បានមានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំមិនចាត់ទុកថា សវនាការព្រឹកមិញនេះ (១១ វិច្ឆិកា) មានយុត្តិធម៌សម្រាប់ខ្ញុំទេ ហ្នឹងវាដូចជាអយុត្តិធម៌ណាស់ចំពោះខ្ញុំដែលខំការពារដីសាលាបែរជាមានទោសទៅវិញ។ គេពិន័យសរុបទៅ១០លានរៀល»។
លោក យិន សុវុទ្ធី ជានាយកសាលាអនុវិទ្យាល័យអ្នកលឿង ដែលឈ្នះក្តីក្នុងបណ្តឹងបរិហារកេរ្តិ៍មានប្រសាសន៍ថា ៖ «ខាងណោះអត់មានស្អីផង ចោទគេតែមាត់ទទេ។ ខ្ញុំអត់ដែលដឹងអីផង ខ្ញុំទៅនៅក្រោយគេឆ្ងាយណាស់។ ចំណុចកន្លែងកើតហេតុហ្នឹងប្រជាជននៅមុនខ្ញុំ១០ឆ្នាំ ខ្ញុំទើបនៅឆ្នាំ២០០០ ហើយគេនៅតាំងពី១៩៨៩ ខុសគ្នាឆ្ងាយពេក។ ដីហ្នឹងគេកាន់កាប់នៅមុន មុននឹងខ្ញុំទៅកាន់កាប់ជានាយក»។
លោក ជិន លីដា ជាមេធាវីលោកគ្រូ ជិន ឫទ្ធី ដែលចាញ់ក្តីមានប្រសាសន៍ថា ៖ «ខ្ញុំជាមេធាវីការពារគាត់ គិតថា គាត់អត់មានកំហុសក្នុងរឿងហ្នឹងទេ ហើយគាត់ធ្វើហ្នឹងដើម្បីការពារក្ដីរបស់សាលា ដើម្បីប្រយោជន៍រួម។ ខ្ញុំយល់ថា កូនក្ដីខ្ញុំគាត់មានឆន្ទៈមួយក្នុងការការពារដីសាលាដើម្បីផលប្រយោជន៍រួម»។
វិទ្យុអាស៊ីសេរីមិនអាចសុំការធ្វើអត្ថាធិប្បាយជាមួយមន្ត្រីតុលាការខេត្តព្រៃវែងបានទេ ជុំវិញសវនាការបរិហារកេរ្តិ៍មួយនេះ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាត់ទុកការប្រកាសសាលក្រមរបស់តុលាការខេត្តព្រៃវែង ទៅលើគ្រូបង្រៀននៅអនុវិទ្យាល័យអ្នកលឿងថា មានភាពអយុត្តិធម៌បំផុត។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «ការដែលសម្រេចរបស់តុលាការនេះ វាជាការសម្រេចដោយអយុត្តិធម៌ចំពោះលោក ជិន ឫទ្ធី ដែលគាត់មិនបានប្រព្រឹត្តកំហុសទៅតាមពាក្យបណ្ដឹងរបស់លោកនាយកសាលា ហើយយើងឃើញថា តុលាការធ្វើការសម្រេចដោយគ្មានមូលដ្ឋាន»។
លោក ជិន ឫទ្ធី ជាគ្រូបង្រៀននៅអនុវិទ្យាល័យអ្នកលឿង ដែលតុលាការខេត្តព្រៃវែងប្រកាសសាលក្រមពិន័យជាប្រាក់ចំនួន១០លានរៀលនាពេលនេះ កន្លងមកលោកធ្លាប់បានដាក់លិខិតជូនទៅមន្ត្រីនៃមន្ទីរអប់រំខេត្តព្រៃវែង ទៅក្រសួងអប់រំ និងទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដោយបានលើកឡើងថា លោក យិន សុវុទ្ធី ដែលជានាយកសាលាអនុវិទ្យាល័យអ្នកលឿងនេះ បានធ្វើឲ្យបាត់បង់ដីទីធ្លាសាលាដែលជាសម្បត្តិរបស់រដ្ឋ ដោយស្នើសុំឲ្យមានការស៊ើបអង្កេតជាបន្ទាន់មួយចំពោះករណីនេះ។ ប៉ុន្តែការសំណើនេះត្រូវបានលោកនាយកសាលាឈ្មោះ យិន សុវុទ្ធី ដែលជានាយករបស់ខ្លួនបានដាក់ពាក្យបណ្តឹងប្ដឹងទៅកាន់តុលាការខេត្តព្រៃវែងពីបទបរិហារកេរ្តិ៍ ហើយដែលត្រូវបានតុលាការលើកយកមកជំនុំជម្រះក្តីនៅថ្ងៃទី១១ ខែវិច្ឆិកា៕
