តុលាការ​ខេត្ត​ព្រៃវែង​ផ្ដន្ទា​ទោស​គ្រូ​បង្រៀន​ម្នាក់​ពី​បទ​បរិហារកេរ្ដិ៍

គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ព្រៃវែង ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​គ្រាន់​តែ​គ្រូ​បង្រៀន​រូប​នេះ​ការពារ​មិន​ឲ្យ​បាត់​បង់​ដី​ទី​ធ្លា​សាលា​នៅ​អនុ​វិទ្យាល័យ​អ្នកលឿង។

0:00 / 0:00

តុលាការ​ខេត្ត​ព្រៃវែង​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បាន​បើក​សវនាការ​សម្រេច​ធ្វើការ​ផ្តន្ទា​ទោស​គ្រូ​បង្រៀន​ម្នាក់​ឈ្មោះ ជិន ឫទ្ធី ជា​គ្រូ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​អ្នកលឿង និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​ព្រៃវែង ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ដែល​ប្ដឹង​ដោយ​លោក យិន សុវុទ្ធី ជា​នាយក​សាលា​របស់​ខ្លួន។

លោក ជិន ឫទ្ធី បញ្ជាក់​ថា វា​អយុត្តិធម៌​សម្រាប់​ខ្លួន​លោក​ដែល​ខំ​ការពារ​ដី​ទី​ធ្លា​សាលា ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ប៉ុន្តែ​បែរ​ជា​មាន​ទោស​ទៅ​វិញ។

លោក ជិន ឫទ្ធី បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​មិន​ចាត់​ទុក​ថា សវនាការ​ព្រឹក​មិញ​នេះ (១១ វិច្ឆិកា) មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ ហ្នឹង​វា​ដូច​ជា​អយុត្តិធម៌​ណាស់​ចំពោះ​ខ្ញុំ​ដែល​ខំ​ការពារ​ដី​សាលា​បែរ​ជា​មាន​ទោស​ទៅ​វិញ។ គេ​ពិន័យ​សរុប​ទៅ​១០​លាន​រៀល»

លោក យិន សុវុទ្ធី ជា​នាយក​សាលា​អនុ​វិទ្យាល័យ​អ្នកលឿង ដែល​ឈ្នះ​ក្តី​ក្នុង​បណ្តឹង​បរិហារ​កេរ្តិ៍​មាន​ប្រសាសន៍​ថា ៖ «ខាង​ណោះ​អត់​មាន​ស្អី​ផង ចោទ​គេ​តែ​មាត់​ទទេ។ ខ្ញុំ​អត់​ដែល​ដឹង​អី​ផង ខ្ញុំ​ទៅ​នៅ​ក្រោយ​គេ​ឆ្ងាយ​ណាស់។ ចំណុច​កន្លែង​កើត​ហេតុ​ហ្នឹង​ប្រជាជន​នៅ​មុន​ខ្ញុំ​១០​ឆ្នាំ ខ្ញុំ​ទើប​នៅ​ឆ្នាំ​២០០០ ហើយ​គេ​នៅ​តាំង​ពី​១៩៨៩ ខុស​គ្នា​ឆ្ងាយ​ពេក។ ដី​ហ្នឹង​គេ​កាន់​កាប់​នៅ​មុន មុន​នឹង​ខ្ញុំ​ទៅ​កាន់​កាប់​ជា​នាយក»

លោក ជិន លីដា ជា​មេធាវី​លោក​គ្រូ ជិន ឫទ្ធី ដែល​ចាញ់​ក្តី​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ជា​មេធាវី​ការពារ​គាត់ គិត​ថា គាត់​អត់​មាន​កំហុស​ក្នុង​រឿង​ហ្នឹង​ទេ ហើយ​គាត់​ធ្វើ​ហ្នឹង​ដើម្បី​ការពារ​ក្ដី​របស់​សាលា ដើម្បី​ប្រយោជន៍​រួម។ ខ្ញុំ​យល់​ថា កូន​ក្ដី​ខ្ញុំ​គាត់​មាន​ឆន្ទៈ​មួយ​ក្នុង​ការ​ការពារ​ដី​សាលា​ដើម្បី​ផល​ប្រយោជន៍​រួម»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​មន្ត្រី​តុលាការ​ខេត្ត​ព្រៃវែង​បាន​ទេ ជុំវិញ​សវនាការ​បរិហារ​កេរ្តិ៍​មួយ​នេះ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាត់​ទុក​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​ខេត្ត​ព្រៃវែង ទៅ​លើ​គ្រូ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​អ្នកលឿង​ថា មាន​ភាព​អយុត្តិធម៌​បំផុត។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ដែល​សម្រេច​របស់​តុលាការ​នេះ វា​ជា​ការ​សម្រេច​ដោយ​អយុត្តិធម៌​ចំពោះ​លោក ជិន ឫទ្ធី ដែល​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​លោក​នាយក​សាលា ហើយ​យើង​ឃើញ​ថា តុលាការ​ធ្វើការ​សម្រេច​ដោយ​គ្មាន​មូលដ្ឋាន»

លោក ជិន ឫទ្ធី ជា​គ្រូ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​អ្នកលឿង ដែល​តុលាការ​ខេត្ត​ព្រៃវែង​ប្រកាស​សាលក្រម​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​នា​ពេល​នេះ កន្លង​មក​លោក​ធ្លាប់​បាន​ដាក់​លិខិត​ជូន​ទៅ​មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្ត​ព្រៃវែង ទៅ​ក្រសួង​អប់រំ និង​ទៅ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដោយ​បាន​លើក​ឡើង​ថា លោក យិន សុវុទ្ធី ដែល​ជា​នាយក​សាលា​អនុ​វិទ្យាល័យ​អ្នក​លឿង​នេះ បាន​ធ្វើ​ឲ្យ​បាត់​បង់​ដី​ទី​ធ្លា​សាលា​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ដោយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ​ចំពោះ​ករណី​នេះ។ ប៉ុន្តែ​ការ​សំណើ​នេះ​ត្រូវ​បាន​លោក​នាយក​សាលា​ឈ្មោះ យិន សុវុទ្ធី ដែល​ជា​នាយក​របស់​ខ្លួន​បាន​ដាក់​ពាក្យ​បណ្តឹង​ប្ដឹង​ទៅ​កាន់​តុលាការ​ខេត្ត​ព្រៃវែង​ពី​បទ​បរិហារ​កេរ្តិ៍ ហើយ​ដែល​ត្រូវ​បាន​តុលាការ​លើក​យក​មក​ជំនុំ​ជម្រះ​ក្តី​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា៕