ក្រុម​គ្រូ​បង្រៀន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ

គ្រូ​បង្រៀន​កម្ពុជា​មួយ​ក្រុម​នៅ​ថ្ងៃ​អាទិត្យ ទី​៥ តុលា​នេះ បាន​ធ្វើការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​ដំឡើង​ប្រាក់ខែ​ដល់​គ្រូ​បង្រៀន​ឲ្យ​បាន​សមរម្យ ឲ្យ​មាន​តុល្យភាព​ទៅ​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​បច្ចុប្បន្ន។

0:00 / 0:00

ការទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​គ្រូ​បង្រៀន​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភពលោក ៥ តុលា ដែល​ក្នុង​ឱកាស​នោះ មាន​សមាជិក​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រមាណ​៥០​នាក់​មក​ពី​ក្រុង​ភ្នំពេញ​និង​ខេត្ត​កណ្ដាល​បាន​នាំគ្នា​ជួបជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​ប្រាក់ខែ​មធ្យម​របស់​គ្រូ​បង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ប្រមាណ​ជា​១៨​ម៉ឺន​រៀល ឬ​ជិត​៥០​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ដល់​គ្រូ​បង្រៀន​ឲ្យ​បាន​១​លាន​រៀល​ប្រមាណ​ជា​២៥០​ដុល្លារ​សម្រាប់​គ្រូ​បង្រៀន​ម្នាក់។

លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា គ្រូ​បង្រៀន​សព្វ​ថ្ងៃ​កំពុង​ជួប​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ព្រោះ​ប្រាក់ខែ​របស់​ពួក​គាត់​មិន​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​ដើម្បី​ទ្រទ្រង់​ជីវភាព​ឡើយ។

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ៖ «ការអបអរ​សាទរ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នេះ យើង​ធ្វើ​ដើម្បី​ជា​ការក្រើន​រំឭក​ដាស់តឿន និង​ការទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​ទៅ​នឹង​កម្រិត​ស្ថានភាព​គ្រូ​បង្រៀន​នៅ​កម្ពុជា ក៏​ដូច​ជា​វិស័យ​សិក្សាធិការ​ជាតិ​របស់​យើង​ដែរ។ ហើយ​ដែល​យើង​មើល​ឃើញ​ដែល​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​គ្រូ​បង្រៀន​នៅ​កម្ពុជា គឺ​កម្រិត​ជីវភាព​របស់​ពួកគាត់»

សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច គឺ​លោក ជៀម យៀប ដែល​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​តំឡើង​ប្រាក់​បៀវត្សរ៍​ដល់​គ្រូ​បង្រៀន​ជា​បន្ត​បន្ទាប់​យ៉ាង​តិច​បំផុត​២០%​ក្នុង​មួយឆ្នាំ។

លោក ជៀម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​នេះ​យើង​មាន​សុទិដ្ឋិនិយម​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​តំណាង​រាជ​រដ្ឋាភិបាល​ក្នុង​ការប្រមូល​នូវ​សក្ដានុពល នូវ​ប្រភព​ចំណូល បំពេញ​ការចំណាយ​ជាតិ​ហ្នឹង​អាច​ប្រមូល​បាន​កាន់តែ​ច្រើន​ឡើង កាន់តែ​ហួស​ផែនការ​ដែល​រដ្ឋ​បាន​កំណត់ យ៉ាង​ហោច​សម្ដេច​លោក​សន្យា​ថា បើសិន​ជា​បាន​លើស​ផែនការ​កំណត់​ច្រើន លោក​នឹង​បន្ថែម​លើស​ពី​២០%​ហ្នឹង​ត​ទៅ​ទៀត​ជូន​ដល់​មន្រ្តី​រាជការ​របស់​យើង ពិសេស​គឺ​ថា​បុគ្គលិក​សិក្សា»

ទោះ​ជា​យ៉ាង​ណា លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ការតំឡើង​ប្រាក់​បៀវត្សរ៍​ដែល​ដំឡើង​ដោយ​រដ្ឋាភិបាល​នោះ​មិន​សមមាត្រ​ទៅ​នឹង​តម្លៃ​ទំនិញ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ឡើយ។

ក្រៅពី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ហើយ​នោះ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ក៏​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​លើ​ទីផ្សារ ជា​ពិសេស​តម្លៃ​ប្រេង​ឥន្ធនៈ​ឲ្យ​មក​នៅ​ត្រឹម​៤០០០​រៀល​ក្នុង​មួយ​លីត្រ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​ញឹកញាប់​កាលពី​ពេល​ថ្មីៗ​នេះ​ឲ្យ​មាន​ការបញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​កម្ពុជា បន្ទាប់ពី​មើល​ឃើញ​ថា​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក៏​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ហើយ​នោះ៕