គ្រូ​បង្រៀន​នៅ​ខេត្ត​កំពត​ត្អូញត្អែរ​អំពី​ការ​បើក​ប្រាក់​ខែ​យឺត​យ៉ាវ

គ្រូ​បង្រៀន​ជា​ច្រើន​នាក់​នៅ​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ដោយសារ​តែ​ពួកគាត់​មិន​ទាន់​បាន​ទទួល​ប្រាក់​បៀវត្សរ៍​សម្រាប់​ខែ​តុលា និង​វិច្ឆិកា នៅ​ឡើយ​នោះ។

0:00 / 0:00

គ្រូ​បង្រៀន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ តំណាង​ឲ្យ​គ្រូ​បង្រៀន​នៅ​ស្រុក​បន្ទាយមាស បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី​១ ខែ​ធ្នូ​នេះ ថា លោកគ្រូ​អ្នកគ្រូ​កំពុង​តែ​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​រស់​នៅ ព្រោះ​តែ​ប្រាក់​ខែ​មិន​ត្រូវ​បាន​បើក​ជូន​ពួក​គាត់​ឲ្យ​បាន​ទៀង​ទាត់​តាម​ពេល​កំណត់ ៖ «រាល់​ថ្ងៃ​ធ្វើការ សង្ឃឹម​លើ​ប្រាក់​ខែ ហើយ​ដល់​ប្រាក់​ខែ​បើ​អត់​ទាន់ ខ្វះ​ក្នុង​ការ​ហូបចុក​អី ដូច​ជា ខ្វះ​ថវិកា​សម្រាប់​ទិញ​អង្ករ​ហូប​អី​ហ្នឹង ដោយ​បុគ្គលិក​ខ្លះ​គាត់​គ្មាន​ថវិកា គាត់​ឡើង​ទៅ​លើ​ភ្នំ​យក​អុស​មក​លក់​ដើម្បី​យក​លុយ​មក​ទិញ​អង្ករ​ហូប»

ឆ្លើយ​តប​ទៅ​នឹង​ការ​ការ​ត្អូញត្អែរ​នេះ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពត លោក ភូ តៃកុក បាន​មាន​ប្រសាសន៍​ថា ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​សិក្សា​ បាន​កើត​ឡើង​ដោយសារ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​និង​ការ​ផ្ដល់​ជូន​នូវ​ប្រាក់​ឧបត្ថម្ភ​ចំនួន​ពីរ​ម៉ឺន​រៀល​សម្រាប់​គ្រូ​បង្រៀន​ម្នាក់​ៗ ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ផ្ដល់​ជូន​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​ដែល​បណ្ដាល​ឲ្យ​មាន​កង្វះ​សាច់​ប្រាក់​សម្រាប់​បើក​បៀវត្សរ៍​ជូន​បុគ្គលិក​សិក្សា​ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក ភូ តៃកុក បាន​មាន​ប្រសាសន៍​អះអាង​ថា លោកគ្រូ​អ្នកគ្រូ​នឹង​ទទួល​បាន​ប្រាក់ខែ​របស់​ពួក​គាត់​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​ប្រកាស​ដំឡើង​ថវិកា​រួច​ហើយ ហើយ​លោក​ក៏​បាន​ជម្រាប​រឿង​នេះ​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ហើយ​ដែរ។

លោក ភូ តៃកុក មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​យឺត​យ៉ាង​ហ្នឹង មូលហេតុ​រង់ចាំ​ប្រកាស​បន្ថែម​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ។ មាន​ម្នាក់ ២​នាក់​ដែល​មាន​គំនិត​ចាំ​តែ​ជំទាស់​ហ្នឹង ធ្វើ​មិន​ដឹង​មិន​ឮ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ទូទាំង​ខេត្ត​គេ​ដឹង»

ជុំវិញ​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​បៀវត្សរ៍​ជូន​គ្រូ​បង្រៀន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ លោក រ៉ុង ឈុន បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​កង្វះ​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​ថវិកា​ពី​សំណាក់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ។

ទាក់ទិន​នឹង​ប្រាក់​ឧបត្ថម្ភ​ចំនួន​ពីរ​ម៉ឺន​រៀល លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ប្រាក់ ២​ម៉ឺន នៅ​មុន​ថ្ងៃ​បោះឆ្នោត​ឈាន​មក​ដល់ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក​បាន​ប្រកាស​ថា នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ពីរ​ម៉ឺន ចាប់​គិត​ពី​ខែ ៧ រហូត​ដល់​ដំណាច់​ឆ្នាំ​២០០៨។ ប៉ុន្តែ​លុយ​ហ្នឹង យើង​ឃើញ​ថា មាន​ខេត្ត​កំពង់ធំ ខេត្ត​កណ្ដាល បាន​ផ្ដល់ ៤​ខែ​ហើយ នៅ​ពីរ​ខែ​ទៀត ប៉ុន្តែ​ខេត្ត​ផ្សេងៗ​ទៀត រួមទាំង​ខេត្ត​កំពត​ហ្នឹង ឃើញ​ថា លោក​គ្រូ អ្នក​គ្រូ​មិន​ទាន់​ទទួល​បាន​ទេ»

ដើម្បី​ជា​ការ​ជួយ​លើក​ទឹក​ចិត្ត​ដល់​គ្រូបង្រៀន​និង​ជួយ​ពួក​គាត់​ក្នុង​ការ​កាត់​បន្ថយ​ការ​លំបាក​ផ្នែក​ជីវភាព ជា​ពិសេស​ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ លោក រ៉ុង ឈុន បាន​អំពាវនាវ​សូម​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​បើក​ប្រាក់​បៀវត្សរ៍​ជូន​ដល់​លោកគ្រូ អ្នកគ្រូ ឲ្យ​បាន​ទៀង​ទាត់ ដោយ​ជៀសវាង​ឲ្យ​បាន​នូវ​ការ​អូស​បន្លាយ​ពេល​វេលា៕