គ្រូបង្រៀននៅសាលាបឋមសិក្សាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ប្រាក់ខែមិនទាន់បានបើកសម្រាប់ខែតុលាទេ ឯប្រាក់បង្រៀនថ្ងៃព្រហស្បតិ៍សម្រាប់ឆ្នាំ២០០៦ និង ២០០៧ មិនទាន់បើកគ្រប់មួយឆ្នាំទៀត ហើយនៅពេលបើកត្រូវថ្នាក់លើកាត់គ្រូម្នាក់មួយខែ ១០០០រៀល ៖ «ថ្ងៃព្រហស្បតិ៍គឺរាល់ខែតែម្ដង។ មួយខែតែ៣ម៉ឺនសោះ ហើយសុំគ្នាម្នាក់១ពាន់ៗ»។
គ្រូបង្រៀននៅខេត្តពោធិ៍សាត់អះអាងថា ប្រាក់ខែបើកយឺតហើយមានកាត់ប្រាក់សម្រាប់បុណ្យកឋិនទានក្នុងគ្រូម្នាក់២០០០រៀលទៅ៥០០០រៀល ៖ «កាត់ប្រាក់កឋិននិងប្រាក់វេន។ កឋិនហ្នឹងរបស់លោកប្រធានមន្ទីរហ្នឹងគឺកាត់គ្រប់ស្រុក។ នៅស្រុកសំពៅមាសខ្ញុំហ្នឹងគឺកាត់ម្នាក់២ពាន់រៀល ចំណែកស្រុកកណ្ដៀងកាត់៥ពាន់រៀល ហើយស្រុកក្រវាញក៏កាត់ក្នុងម្នាក់២ពាន់រៀលដែរ»។
គ្រូបង្រៀននៅស្រុកគិរីវង់ ខេត្តតាកែវ ត្អូញត្អែរថា កាលពី២ថ្ងៃមុនក្រុមគ្រូប្រមាណ៤០០នាក់ទៅបើកប្រាក់តំបន់ពីគណនេយ្យការិយាល័អប់រំស្រុកត្រូវបានគេដកយកប្រាក់ពីគ្រូម្នាក់១ម៉ឺនរៀលដោយមិនប្រាប់ពីមូលហេតុ ៖ «កាលពីកន្លងមកអតីតប្រធានអប់រំចាស់គាត់មិនដែលកាត់អ៊ីចឹងទេ គាត់សុំតែពីរបីពាន់ទេបីខែអីអ៊ីចឹង ហើយស្រាប់តែឡើងប្រធានថ្មី កាត់បីខែមួយម៉ឺនៗពីរដងហើយ។ បើកាលណាយើងប្ដឹងទៅថាយើងជំទាស់នឹងគេ គេរករឿងយើងគ្រប់ច្រកល្ហក»។
លោកគ្រូម្នាក់ទៀតសុំមិនប្រាប់ឈ្មោះអះអាងដូចគ្នាថា ៖ «ទម្លាប់រាល់ពេលដែលបើកប្រាក់ខែ ប្រាក់តំបន់អីហ្នឹង គាត់កាត់រួមគ្នាអ៊ីចឹងតែម្ដង ដូចថាម្នាក់១ម៉ឺនៗអ៊ីចឹង គាត់កាត់ទុកហើយ»។
រីឯក្រុមគ្រូបង្រៀនច្រើនទៀតមិនហ៊ាននិយាយដោយខ្លាចប៉ះពាល់សុវត្ថិភាពការងារ។
ទាក់ទងការចោទប្រកាន់ពីក្រុមគ្រូបង្រៀនថា មានអំពើកាត់យកប្រាក់តំបន់ពីគ្រូម្នាក់ៗ១ម៉ឺនរៀល មន្រ្តីគណនេយ្យការិយាល័យអប់រំស្រុកគិរីវង់ ខេត្តតាកែវ លោក សឹម សុខ បដិសេធថា គ្មានកាត់ប្រាក់ដូចការចោទឡើយ ៖ «អត់មានទេ អត់មានកាត់លុយកាត់កាក់អីគេផង»។
ចំណែកគ្រូបង្រៀននៅស្រុកអន្លង់វែងវិញឲ្យដឹងថា ប្រាក់តំបន់សម្រាប់គ្រូប្រចាំឆ្នាំ២០០៨ ទើបបើកឲ្យត្រឹមខែមីនា ប៉ុន្តែក្នុងមួយខែសម្រាប់គ្រូម្នាក់គេកាត់យកតែ១០០០រៀលទេ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថាជាទម្លាប់ទៅហើយសម្រាប់ប្រទេសកម្ពុជាក្នុងអំពើកាត់យកប្រាក់ពីមន្រ្តីរាជការមិនថាគ្រូបង្រៀនឡើយ។
លោកសំណូមពរថា រដ្ឋាភិបាលគួរផ្ទេរបា្រក់ខែគ្រូបង្រៀនចូលតាមកុងធនាគាររបស់គ្រូៗវិញ ប្រសើរជាងឲ្យគណនេយ្យតាមអង្គភាពបើកប្រាក់ហើយកិបកេងពីលើកម្លាំងមន្រ្តីរាជការ នេះប្រសិនបើរដ្ឋាភិបាលមានចេតនាចង់បំបាត់អំពើពុករលួយក្នុងជួរមន្រ្តីគណនេយ្យគ្រប់អង្គភាព។
ចំពោះការចោទប្រកាន់ថា មានអំពើកាត់ប្រាក់ខែ ប្រាក់តំបន់ ប្រាក់ម៉ោង ប្រាក់ដទៃទៀត ពីគ្រូៗនោះ មិនត្រូវបានបំភ្លឺពីរដ្ឋមន្រ្តីនៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកានេះឡើយ ដោយលោកជាប់ប្រជុំ។
ក្រុមគ្រូបង្រៀនឲ្យដឹងថា អំពើកាត់យកប្រាក់ខែបានធ្វើឡើងជារៀងរាល់ខែ៕
