សាស្រ្តាចារ្យនៅអនុវិទ្យាល័យ ហ៊ុន សែន មានជ័យ សុំមិនប្រាប់ឈ្មោះ មានប្រសាសន៍ថា ប្រាក់ខែបានបើកទៀងទាត់នៅឆ្នាំ២០០៩។ ចំណែកប្រាក់បង្រៀនបន្ថែមម៉ោងនៅមិនទាន់បើកឡើយ ក្រោយពីបញ្ចប់ត្រីមាសទី១ និងត្រីមាសទី២។
លោកថា ការយឺតយ៉ាវបើកប្រាក់ម៉ោងនេះបាននាំឲ្យមានបញ្ហាប៉ះពាល់សតិអារម្មណ៍ក្នុងការបង្រៀនសិស្សនិងប៉ះពាល់ជីវភាពគ្រូខ្លះៗ ៖ «រៀងរាល់ឆ្នាំកន្លងមក គាត់តែងបើកឲ្យមុនចូលឆ្នាំ យើងបានប្រាក់បន្តិចបន្តួចធ្វើបុណ្យធ្វើទាន ហើយឆ្នាំនេះអត់សោះតែម្ដង។ អ៊ីចឹងតើជីវិតបុគ្គលិកយើងពិបាកប៉ុណ្ណា? សូមក្រសួង ទោះបីតិចច្រើន សូមបើកឲ្យទាន់ពេលផង»។
សាស្រ្តាចារ្យម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដែរ មានប្រសាសន៍ថា គ្រូបង្រៀនរំពឹងប្រាក់ខែ និងប្រាក់ម៉ោងចិញ្ចឹមគ្រួសារ។ លោកថា ការយឺតយ៉ាវបើកប្រាក់ម៉ោងក្នុងរយៈពេល ៦ខែមកនេះ នាំឲ្យគាត់ក្លាយទៅជាកសិករផង ជាអ្នកដើរជួញដូរផង និងបង្រៀនសិស្សផង។
លោកថា ក្នុង១ខែ គាត់បង្រៀនបន្ថែម ២៧ម៉ោង ហើយក្នុង១ម៉ោង រដ្ឋផ្តល់ប្រាក់ឲ្យ ២.៦០០រៀល ទៅលើប្រាក់ខែ ៖ «ចង់ដឹងថា វាយឺតយ៉ាវត្រឹមណា ឬក៏យឺតយ៉ាវពីក្រសួងមកតែម្ដង? អត់ដឹងយឺតយ៉ាវត្រឹមណា។ មួយម៉ោងបាន ២.៦០០រៀល ២ឆមាស គិតជាម៉ោងខ្ញុំ វាលើសមួយខែ ២៧ម៉ោង ហើយ ២ឆមាស ៦ខែ គុណនឹង ២៧ ទៅ វាច្រើនម៉ោងដែរ»។
នាយកអនុវិទ្យាល័យ ហ៊ុន សែន មានជ័យ លោក សុខ វុទ្ធី មានប្រសាសន៍ថា គ្រូបង្រៀនទាំងអស់មិនទាន់បានបើកប្រាក់ម៉ោងនោះទេ។
លោកថា រាល់ឆ្នាំ ប្រាក់ម៉ោងតែងតែបើកមុនចូលឆ្នាំខ្មែរ។ ប៉ុន្តែឆ្នាំ២០០៩នេះ មិនដឹងមូលហេតុអ្វី នាំឲ្យមានការយឺតយ៉ាវបើកប្រាក់ម៉ោងនេះ ៖ «២០០៩ នៅរាល់ឆ្នាំ ធម្មតាមុនចូលឆ្នាំ បើកហើយ ត្រីមាសទី១ហ្នឹង លុយឆ្នាំចាស់ត្រូវបើកមុនឆ្នាំ ដល់ឆ្នាំថ្មីអត់ទាន់ឃើញ»។
មន្រ្តីការិយាល័យអប់រំស្រុកស្រីសន្ធរ លោក តឹក សេងសុវណ្ណារ៉ា មានប្រសាសន៍ថា សាស្រ្តចារ្យគ្រប់កម្រិតបឋមភូមិនិងទុតិយភូមិក្នុងស្រុកនេះ មិនទាន់បានបើកប្រាក់ម៉ោងនោះទាំងអស់គ្នា។
លោកថា ភាពយឺតយ៉ាវបើកប្រាក់ម៉ោងនេះមកពីអ្នករៀបចំឯកសារតាមអនុវិទ្យាល័យនិងវិទ្យាល័យខ្លះ មិនទាន់ផ្ញើមកដល់ការិយាល័យអប់រំស្រុក។ ទើបការិយាល័យមិនអាចធ្វើឯកសារស្នើសុំតែមួយព្រមគ្នា បញ្ជូនទៅមន្ទីរអប់រំខេត្តកំពង់ចាម បានទេ។
លោក តឹក សេងសុវណ្ណារ៉ា ថ្លែងដូច្នេះថា ៖ «មូលហេតុ បើតាមខ្ញុំទៅប្រជុំនៅកំពង់ចាមថ្ងៃមុន ខាងស្រុកមួយចំនួនបញ្ជូនទៅអត់ទាន់គ្រប់ ត្រីមាសទី២អីមិនដឹង? ដល់អត់ទាន់គ្រប់ គេអត់ទាន់ធ្វើឡើងទៅ»។
លោកប្រធានការិយាល័យអប់រំស្រុកស្រីសន្ធរ ឲ្យដឹងថា ក្នុងស្រុកនេះ មានសាស្រ្តាចារ្យជាង ៣៧០នាក់ បង្រៀននៅអនុវិទ្យាល័យ ៨ និងវិទ្យាល័យ៣ មានគ្រូសរុបទាំងបឋមសិក្សាផង ៧៨២នាក់។ លោកក៏បានឲ្យដឹងដែរថា ប្រាក់បៀវរត្សរ៍របស់គ្រូបង្រៀនមិនដែលបើកយឺតយ៉ាវរហូតដល់ ៤០ ទៅ ៦០ថ្ងៃឡើយ។ ប៉ុន្តែការយឺតយ៉ាវបើកប្រាក់ម៉ោង ទើបកើតមាននៅឆ្នាំនេះ៕
