ការទាមទារនោះបានកើតមានឡើងបន្ទាប់ពីគ្រូទាំងនោះត្រូវបានផ្តាច់ចេញពីការគ្រប់គ្រងរបស់ក្រុមហ៊ុនចម្ការកៅស៊ូ ហើយឲ្យចូលទៅក្នុងក្របខ័ណ្ឌរដ្ឋតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ២០០៨មក ឯប្រាក់បៀវត្សរ៍របស់ពួកគេដែលបានទទួលមកទល់ពេលនេះ គឺស្មើនឹងគ្រូទើបនឹងចូលថ្មីដែរ។
នាយកសាលាខ្នងក្រពើបានលើកពីការតវ៉ានោះឡើងថា ៖ «ឆ្នាំ២០០៨ ថ្ងៃ១ ខែ១១ហ្នឹង ពួកខ្ញុំត្រូវបញ្ចូលក្របខ័ណ្ឌក្នុងក្របខ័ណ្ឌក្រសួងអប់រំ ប្រាក់បៀវត្សរ៍ក្រសួងអប់រំជាអ្នកបីបាច់ តែប្រាក់នោះគេឲ្យស្មើនឹងគ្រូចូលថ្មី អ៊ីចឹងបានពួកខ្ញុំចង់ទាមទារឲ្យខាងក្រសួងអប់រំ ឬមន្ទីរជួយគិតគូរប្រាក់ខែអតីតភាពពួកខ្ញុំ ដែលបានបម្រើការងារជាយូរណាស់មកហើយ»។
គ្រូដទៃទៀតក៏មានសំណូមពរប្រហាក់ប្រហែលគ្នានោះដែរ ហើយថា ប្រាក់បៀវត្សរ៍២ខែមុនចូលក្របខ័ណ្ឌរដ្ឋនោះ ក្រុមហ៊ុនមិនទាន់បើកឲ្យផង ៖ «ពីថ្ងៃ១ ខែ៣ ១៩៨០ មកដល់២០១០ ខ្ញុំ៣០ឆ្នាំហើយ ហើយនៅជាង២០ម៉ឺនរៀល(ប្រាក់បៀវត្សរ៍)។ ចម្ការកៅស៊ូជំពាក់ខ្ញុំពីរខែ ខែ៩និងខែ១០ ២០០៨។ គ្រូ១០៨នាក់ ថវិកាសរុបប្រហែល៦៤លានរៀល តើពីរខែហ្នឹងក្រសួងគិតឲ្យខ្ញុំដែរ ឬក៏គិតពីខាងណា?»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ថា ប្រាក់អតីតភាពបានបញ្ជាក់ពីស្នាដៃ បានជួយបង្រៀនកូនខ្មែរជាយូរមកហើយ ហេតុនេះលោកសុំឲ្យក្រសួងគិតគូរពីរឿងនេះដោយយុត្តិធម៌។
លោក រ៉ុង ឈុន មានប្រសាសន៍ដូច្នេះ ៖ «បានផ្ដល់ដូចជាគ្រូទើបតែចេញថ្មី វាដូចជាអយុត្តិធម៌ចំពោះពួកគាត់ ហើយក្រសួងត្រូវតែធ្វើការលើកទឹកចិត្តដល់គាត់ គឺផ្ដល់នូវប្រាក់អតីតភាពគិតចាប់តាំងពីគាត់បានបម្រើការងារនៅក្នុងចម្ការកៅស៊ូ ដែលបានបង្រៀនទៅដល់សិស្សានុសិស្ស។ ចំពោះប្រាក់ខែ២ខែទៀត អាស្រ័យទៅលើក្រសួងនិងក្រុមហ៊ុនចម្ការកៅស៊ូ»។
លោក ស្វាយ ផល្លា នាយកមន្ទីរអប់រំខេត្តបានបញ្ជាក់ជូនថា ប្រាក់បៀវត្សរ៍ដែលក្រុមហ៊ុនខ្វះពីរខែនោះ លោកបានឲ្យការិយាល័យអប់រំស្រុកទំនាក់ទំនងសុំការបំពេញបន្ថែមហើយ ឯក្រសួងនឹងគិតគូរពីបញ្ហាប្រាក់អតីតភាពប្រមាណមួយឆ្នាំកន្លងមក។
លោក ស្វាយ ផល្លា បានឲ្យដឹងដូច្នេះថា ៖ «ខាងក្រុមប្រឹក្សារដ្ឋមន្រ្តី ក៏ដូចជាខាងក្រសួងអប់រំហ្នឹង ធ្វើម៉េចដោះស្រាយឲ្យគាត់បានប្រាក់សិនសឹមយើងរៀបចំប្រាក់អតីតភាពជំហានក្រោយតទៅទៀត ព្រោះគាត់ទាមទារឲ្យធ្វើភ្លាមៗ យើងម៉េចនឹងធ្វើទៅបាន? អត់អីទេ ខាងក្រសួងមិនបោះបង់ចោលទេ គឺយើងនឹងរក្សាឲ្យគាត់ ក្រសួងនឹងដោះស្រាយជូនគាត់»។
នាយកមន្ទីរអប់រំបញ្ជាក់បន្ថែមថា ការដោះស្រាយនេះមិនអាចធ្វើឡើងបានទាំងព្រមតែម្តងឡើយ ដូច្នេះគួរតែអត់ធ្មត់បន្តិចទៅ៕
