អាជ្ញាធរ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ រារាំង​កិច្ច​ប្រជុំ​របស់​សមាគម​គ្រូ​បង្រៀន?

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​តវ៉ា​ចំពោះ​អាជ្ញាធរ​ស្រុក​សំរោងទង ខែត្រ​កំពង់ស្ពឺ​ថា បាន​រារាំង​ការប្រជុំ​របស់​សមាជិក​សមាគម​នៅ​ឃុំ​វល្លិ​ស ស្រុក​សំរោងទង កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា។

0:00 / 0:00

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ការប្រជុំ​បាន​ចាប់ផ្តើម​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ស្រាប់តែ​មាន​មន្ត្រី​សាលាឃុំ​បាន​មក​កោះហៅ​តំណាង​សមាគម​ទៅ​សាលាឃុំ​និង​បាន​ហាម​មិន​ឲ្យ​ដំណើរការ​ការប្រជុំ ដោយ​បាន​លើក​ហេតុផល​ថា ការប្រជុំ​នោះ​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​តាម​លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា លោក​បាន​ជូន​ព័ត៌មាន​តាម​ការកំណត់​របស់​ច្បាប់​ហើយ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ៖ «ព្រឹក​មិញ​ហ្នឹង ខាង​អាជ្ញាធរ​គេ​សុំ​ឲ្យ​ខ្ញុំ​ឈប់​សម្រាក​នូវ​កិច្ច​ជួប​ប្រជុំ​នៅ​ឃុំ​វល្លិ​ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដែល​ខ្ញុំ​រៀបចំ​សិក្ខាសាលា​ស្ដី​អំពី​សិទ្ធិ​និង​ករណីកិច្ច​គ្រូ​បង្រៀន​ហ្នឹង។ គេ​បញ្ជាក់​អំពី​ថា​យើង​អត់​បាន​សុំ​ច្បាប់។ តាម​ផ្លូវ​ច្បាប់ យើង​មិន​ចាំបាច់​សុំ​ច្បាប់​ទេ គ្រាន់តែ​ជូន​ដំណឹង​មាន​ន័យ​ថា ចប់សព្វ​គ្រប់​ហើយ។ មុន​ដំបូង​ខាង​សាលា​ឃុំ គេ​ហៅ​ឲ្យ​ខ្ញុំ​ទៅ​ជួប​នៅ​សាលាឃុំ ប៉ុន្តែ​ខ្ញុំ​អត់​បាន​ទៅ​ជួប​ទេ ខ្ញុំ​ឲ្យ​តំណាង​ខ្ញុំ​ទៅ​ជួប បន្ទាប់​មក​ខាង​តំណាង​ខ្ញុំ​បាន​រាយការណ៍​ថា បើ​សិន​ជា​នៅ​តែ​ប្រព្រឹត្ត​ប្រជុំ គេ​នឹង​ប្រើ​កម្លាំង​មក​បង្រ្កាប។ ដល់​អ៊ីចឹង​ខ្ញុំ​ក៏​បាន​ជម្រាប​ជូន​ទៅ​វិញ​ថា ខ្ញុំ​នៅ​តែ​ប្រជុំ។ មួយ​ស្របក់​ក្រោយ​មក មាន​តំណាង​អាជ្ញាធរ​ស្រុក​មក​មួយ​ទៀត ជួប​ជាមួយ​ខ្ញុំ ហើយ​គេ​សុំ​ឲ្យ​ខ្ញុំ បញ្ឈប់​នូវ​កិច្ចប្រជុំ ហើយ​បើ​មិន​ឈប់​ទេ គេ​នឹង​យក​កម្លាំង​មក​បង្រ្កាប»

លោក ជុំ ទ្រួក អភិបាល​ស្រុក​សំរោងទង​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អាជ្ញាធរ​មាន​ការរារាំង​ដោយសារ​ការប្រជុំ​នោះ​មិន​មាន​ច្បាប់​អនុញ្ញាត តែ​ក្រោយ​មក ដោយ​មាន​ការសម្រួល ការ​ប្រជុំ​នោះ​បាន​ដំណើរការ​ជា​ធម្មតា។

លោក ជុំ ទ្រូក មាន​ប្រសាសន៍​ថា ៖ «អត់​មាន​អី​ផង ប្រជុំ​ធម្មតា។ តែ​គ្រាន់​អ៊ីចេះ ខាង​សាលាខេត្ត​ហ្នឹង គេ​សុំ​ឲ្យ​សមាគម​សុំ​ច្បាប់ អត់​សុំ​ច្បាប់​គេ​ផង​ហ្នឹង។ មាន​ច្បាប់​ឯណា គាត់​គ្រាន់តែ​ជូន​ដំណឹង​មក​ស្រុក ស្រុក​ឃើញ​មាន​លិខិត​មួយ​ជូន​ដំណឹង​មក ខ្ញុំ​ថា ឥឡូវ​សុំ​ច្បាប់​គេ​ទៅ សុំ​ច្បាប់​ខេត្ត​ទៅ។ ដល់​ព្រឹក​មិញ​ហ្នឹង អត់​មាន​ច្បាប់​ផង ខាង​ខេត្ត​នោះ​ក៏​មាន​ប្រតិកម្ម​មក​ដែរ»

តាម​លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ការជួប​ប្រជុំ​គ្នា​នៅ​ឃុំ​វល្លិស ស្រុក​សំរោងទង ខែត្រ​កំពង់ស្ពឺ របស់​គ្រូ​បង្រៀន​ជា​សមាជិក​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នេះ គឺ​ដើម្បី​អប់រំ​សមាជិក​អំពី​សិទ្ធិ​និង​ករណីយកិច្ច​របស់​គ្រូ​បង្រៀន​ក្នុង​ការបង្រៀន​សិស្ស​និង​កាតព្វកិច្ច​របស់​សមាជិក​សមាគម ដោយ​មាន​គ្រូ​បង្រៀន​ជា​សមាជិក​ចូលរួម​ប្រជុំ​ចំនួន​៤៦​រូប។

តាម​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា មាត្រា​ទី​៤១ បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន​សេរីភាព​ខាង​បោះពុម្ព​ផ្សាយ​សេរីភាព​ខាង​ការប្រជុំ។ ជនណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​និង​សន្តិសុខ​ជាតិ​បាន​ឡើយ៕