គរុសិស្ស​និង​គ្រូ​បង្រៀន​គរុកោសល្យ​នៅ​តាកែវ​តវ៉ា​ប្រឆាំង​នឹង​ការកិប​កេង​ប្រាក់

សិក្ខាកាម​គរុសិស្ស​ប្រមាណ​៥០០​នាក់​និង​គ្រូ​បង្រៀន​គរុកោសល្យ ៣០ ទៅ​៤០​នាក់​ទៀត នាំ​គ្នា​តវ៉ា​តាំង​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​អង្គារ ទី​១៦ ខែ​កញ្ញា នៅ​មុខ​ការិយាល័យ​គរុកោសល្យ​ភូមិភាគ​ខេត្ត​តាកែវ ដើម្បី​ទាមទារ​ប្រាក់​ឧបត្ថម្ភ​ការសិក្សា​និង​ប្រាក់​ម៉ោង​បង្រៀន​ក្នុង​ម្នាក់​២​ដុល្លារ​សហរដ្ឋ​អាមេរិក។

0:00 / 0:00

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការសិក្សា​បាន​បញ្ចប់​និង​ចប់​ការបង្រៀន ហើយ​ខាង​គណនេយ្យ​ការិយាល័យ​ភូមិ​ភាគ​ខេត្ត​តាកែវ គ្មាន​បា្រក់​បើក​ឲ្យ​គ្រូ​និង​សិស្ស​គ្រប់​ចំនួន។

គុរសិស្ស​មក​ពី​ខេត្ត​កំពត សុំ​មិន​ប្រាប់​ឈ្មោះ អះអាង​ថា គណនេយ្យ​ការិយាល័យ​គរុកោសល្យ​ភូមិភាគ​ខេត្ត​តាកែវ មិន​ចង់​បើក​ប្រាក់​ឧបត្ថម្ភ​ការសិក្សា​គ្រប់​ចំនួន ឲ្យ​ទៅ​គរុសិស្ស​ចប់​ការ​សិក្សា​រយៈពេល ១​ខែ​កន្លះ​នោះ​ទេ។

លោក​ថា វគ្គ​សិក្សា​បំប៉ន​ផ្នែក​គរុកោសល្យ​បន្ថែម ចាប់​ផ្តើម​ពី​ថ្ងៃ​១ ខែ​សីហា មក​ដល់​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កញ្ញា។ លោក​បន្ត​ថា ប្រាក់​ឧបត្ថម្ភ​សិក្សា​ក្នុង​១​អាទិត្យ​គិត​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សៅរ៍ ១​ថ្ងៃ ២​ដុល្លារ បាន​បើក​គ្រប់​ចំនួន​ក្នុង​ខែ​សីហា។ ប៉ុន្តែ​ក្នុង​ខែ​កញ្ញា ប្រាក់​២​សប្តាហ៍​ចុង​ក្រោយ គណនេយ្យ​មិន​ចង់​បើក​ឲ្យ​គ្រប់​ចំនួន​២៤​ដុល្លារ​ទេ។ ចង់​បើក​ឲ្យ​តែ ២២​ដុល្លា កាត់​យក​១​ថ្ងៃ​ចេញ ទើប​មាន​ការតវ៉ា ៖ «លុយ​អត់​បើក​ឲ្យ​រហូត​ដល់​ថ្ងៃ​នេះ​ហើយ»

គ្រូ​គរុកោសល្យ​មក​ពី​ក្រុង​ព្រះសីហនុ សុំ​មិន​ប្រាប់​ឈ្មោះ មាន​ប្រសាសន៍​ថា គាត់​មក​បង្រៀន​ត្រូវ​ជួល​ផ្ទះ​និង​ទិញ​អាហារ​ហូប​រាល់​ថ្ងៃ។ ការិយាល័យ​គរុកោសល្យ​ភូមិភាគ​ខេត្ត​តាកែវ គួរ​តែ​បើក​បា្រក់​ម៉ោង ឲ្យ​គ្រប់​ចំនួន​ដល់​គ្រូ។ បើ​កាត់​ប្រាក់​ម៉ោង ២​ដុល្លារ គួរតែ​ពន្យល់​ហេតុផល ៖ «ខ្ញុំ​បញ្ចប់​នៅ​ម្សិលមិញ​ហ្នឹង ហើយ​លុយ​គេ​អត់ទាន់​បើក​ឲ្យ​ទេ។ អ៊ីចឹង​ហើយ​គឺ​ខ្ញុំ​ត្រូវ​តែ​ចំណាយ​នៅលើ​ការស្នាក់នៅ​ហ្នឹង​ទៀត ហើយ​ណា​មួយ​ពួក​ខ្ញុំ​មក​ពី​ខេត្ត​ឆ្ងាយ ខ្ញុំ​ត្រូវការ​ញ៉ាំ​បាយ​ខែ​គេ​អ៊ីចឹង ឥឡូវ​គេ​ផ្ដាច់​ហើយ ហើយ​ផ្ទះ​ត្រូវ​ជួល​ហ្នឹង ក៏​គេ​លែង​ឲ្យ​នៅ​ដែរ អ៊ីចឹង​យើង​មាន​បញ្ហា​ខ្លាំង​ដល់​ពួកខ្ញុំ ដែល​មក​ពី​ខេត្ត​ឆ្ងាយៗ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក កង សេរី គណនេយ្យ​គរុកោសល្យ​ភូមិ​ភាគ​តាកែវ បាន​ភ្លាមៗ​ទេ ប៉ុន្តែ​មន្រ្តី​គរុកោសល្យ​ភូមិភាគ​តាកែវ សុំ​មិន​ប្រាប់​ឈ្មោះ អះអាង​ថា ក្រោយ​មាន​ការចរចា​ច្រើន​ដង គណនេយ្យ​គរុកោសល្យ​ភូមិភាគ លោក កង សេរី កំពុង​រៀបចំ​បើក​ប្រាក់​គ្រប់​ចំនួន តាម​ការ​ទាមទារ​ហើយ។

ប្រភព​ចុង​ក្រោយ​ពី​ខាង​គរុសិស្ស​ឲ្យ​ដឹង​ថា ក្រោយ​ការចរចា​ច្រើន​ដង នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ខែ​កញ្ញា មន្រ្តី​គណនេយ្យ​ការិយាល័យ​គរុកោសល្យ​ភូមិភាគ​ខេត្ត​តាកែវ យល់ព្រម​បើក​ប្រាក់​គ្រប់​ចំនួន ២៤​ដុល្លារ​សហរដ្ឋ​អាមេរិក ជូន​គរុសិស្ស​ទាំង​ជិត​៥០០​នាក់ ចំណែក​ខាង​គ្រូ​នៅ​ជំពាក់​សិន។

សូម​ជម្រាប​ថា គរុសិស្ស​និង​គ្រូ ដែល​មក​បង្រៀន​និង​សិក្សា​បំប៉ន​ផ្នែក​គរុកោសល្យ មាន​៤​ខេត្ត​ក្រុង មាន​ខេត្ត​តាកែវ ខេត្ត​កំពត ក្រុង​កែប និង​ក្រុង​ព្រះសីហនុ ជាង ៥០០​នាក់៕