គ្រូ​បង្រៀន​តាម​ខេត្ត​ចំនួន​៧ មិន​ទាន់​បាន​បើក​ប្រាក់​បៀវត្ស​ខែ​មករា

2012-02-22

គ្រូ​បង្រៀន​ភាគ​ច្រើន​បាន​រអ៊ូរទាំ​ថា ប្រាក់​បៀវត្ស​ខែ​មករា ឆ្នាំ​​២០១២​ ក្រសួង​អប់រំ​មិន​​ទាន់​​បើក​ជូន​​ទេ។ ភាព​យឺតយ៉ាវ​នេះ ក្រុម​គ្រូបង្រៀន​បាន​អះអាង​ថា ពួកគាត់​គ្មាន​កម្លាំង​ចិត្ត​បង្រៀន​សិស្ស​ទៀត​ទេ និង​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ពិសេស​​​ប្រមុខ​ដឹកនាំ​​​​រដ្ឋាភិបាល​ជួយ​ចាត់​វិធានការ។

RFA/Mom Sophon

៥-តុលា-២០១១៖ ក្រុម​គ្រូ​បង្រៀន​ជួប​ប្រជុំ​គ្នា​ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភពលោក នា​សួន​សេរីភាព រាជធានី​ភ្នំពេញ។

ក្រុម​គ្រូបង្រៀន​មក​ពី​តាម​ខេត្ត​ក្រុង​ចំនួន​៧ ក្នុង​ប្រទេស​កម្ពុជា បាន​ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​ពួកគាត់​ គ្មាន​​ប្រាក់​សំរាប់​ចំណាយ​ទៅ​លើ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ ឬ​ផ្ដល់​ឲ្យ​កូនៗ​ទៅ​សាលារៀន​ទេ ព្រោះ​ប្រាក់​បៀវត្ស​ខែ​មករា ក្រសួង​អប់រំ​មិន​ទាន់​បើក​ជូន។

លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ លោក​បាន​​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ឲ្យ​​ជួយ​ពន្លឿន​​​បើក​ប្រាក់​​​បៀវត្ស​​ខែ​មករា ​ជូន​គ្រូ​បង្រៀន​ឲ្យ​បាន​ឆាប់។

​​លោក​ថ្លែង​ថា ការ​បើក​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន​មិន​បាន​ទៀងទាត់ គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​គ្រូបង្រៀន ប៉ះពាល់​គុណភាព​អប់រំ និង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស។

លោក រ៉ុង ឈុន ឲ្យ​ដឹង​បន្ថែម៖ «ធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​គាត់​មាន​ការ​ប្រឈម​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​ពួក​គាត់ ពីព្រោះ​បៀវត្ស​តិច​ហើយ បើក​មិន​ទាន់​ពេល​វេលា ប៉ះពាល់​ទាំង​ការងារ ការ​បង្រៀន និង​ការ​រៀន​របស់​សិស្សានុសិស្ស​ផង​ដែរ»

សមាគម​គ្រូបង្រៀន​បាន​ឲ្យ​ដឹង​ថា ចំនួន​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​សរុប​មាន​ជាង ១០​ម៉ឺន​ ៤​ពាន់​នាក់។ ចំនួន​​​ប្រាក់​ខែ​ទទួល​បាន​ជា​មធ្យម​មាន​ចន្លោះ​ពី ២០​ម៉ឺន​រៀល ទៅ​ដល់ ៤០​ម៉ឺន​រៀល ក្នុង ១​ខែ។

សមាគម​គ្រូ​បាន​ឲ្យ​ដឹង​ថា ខេត្ត​ក្រុង​ដែល​គ្រូ​បង្រៀន​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្ស​ខែ​មករា ​មាន​ខេត្ត​ស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ កំពង់ចាម ព្រៃវែង និង​ខេត្ត​សៀមរាប ជាដើម។

លោក គង់ ឌី ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋមសិក្សា​ស្វាយ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។ លោក​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្រៀន​នៅ​ទូទាំង​ខេត្ត​ព្រៃវែង មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្ស​​ខែ​មករា ពិត​មែន។

គ្រូ​បង្រៀន​រូប​នេះ​បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល និង​ថ្នាក់​ក្រសួង​អប់រំ ត្រូវ​មាន​វិធានការ​ជា​ថ្មី ដើម្បី​ជំរុញ​ឲ្យ​ប្រាក់​ខែ​គ្រូ​បង្រៀន​បើក​ឲ្យ​បាន​ទាន់​ពេល​វេលា៖ «សូម​ឲ្យ​ថ្នាក់​ដឹកនាំ​អាណិត​អាសូរ​ដល់​គ្រូ​បង្រៀន​ដែល​មាន​ប្រាក់​ខែ​តិច​តួច និង​គ្មាន​ចំណូល​ទេ។ បើ​មាន​ចំណូល គឺ​ទាល់​តែ​ដើរ​រើស​អេតចាយ និង​រត់​ម៉ូតូ​ឌុប ដើម្បី​ជីវភាព នាំ​ឲ្យ​មន្ត្រី​រាជការ​អស់​តម្លៃ បើ​ប្រាក់​បៀវត្ស​គ្រូបង្រៀន​របៀប​ហ្នឹង»

ចំណែក​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​អ្នកលឿង ស្រុក​ពាមរ ខេត្ត​ព្រៃវែង បាន​រអ៊ូរទាំ​ចំពោះ​ការ​យឺត​យ៉ាវ​ក្នុង​ការ​បើក​ប្រាក់​បៀវត្ស​ខែ​មករា នេះ​ដែរ។ លោក​ថា សព្វថ្ងៃ​នេះ​មាន​គ្រូបង្រៀន​ខ្លះ​បាន​ជំពាក់​បំណុល​គេ​​វណ្ឌក និង​មាន​គ្រូបង្រៀន​ខ្លះ​បង្ខំ​ចិត្ត​ដើរ​រើស​អេតចាយ​ក្រៅ​ម៉ោង​ធ្វើការ ដើម្បី​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ។

ក្រុម​គ្រូបង្រៀន៖ «ផលវិបាក​ប្រាក់​ខែ​តិច​ហើយ​បើក​យឺត ហើយ​ចាយ​ក្នុង​គ្រួសារ​អត់​គ្រប់គ្រាន់។ ខ្ចី​គេ​ផង ចង​ការ​គេ​ផង ដើម្បី​កូន​រៀន។ ពិបាក​ណាស់! គ្រូ​ខ្លះ​រើស​អេតចាយ និង​ទូល​លៀស​នៅ​ក្បាល​សាឡាង​ក៏​មាន។ សំណូមពរ​ឲ្យ​បាន​ប្រាក់​ខែ​ច្រើន ហើយ​បើក​ឲ្យ​បាន​ទៀត​ទាត់​រាល់​ខែ។ គ្រូ​អត់​មាន​ចំណូល​អី​ក្រៅ​ពី​ប្រាក់​ខែ​ទេ ដូច្នេះ​ត្រូវ​ខ្ចី​គេ​ចាយ​ឲ្យ​ដល់​ខែ។ ដល់​បើក​មិន​ទៀត​ទាត់ បង់​លុយ​ឲ្យ​អង្គការ​មិន​តាម​កំណត់​របស់​គេ អង្គការ​គេ​រក​រឿង»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​បំភ្លឺ​ជុំវិញ​ប្រាក់​បៀវត្ស​ខែ​មករា ដែល​ក្រសួង​មិន​ទាន់​បើក​ជូន​គ្រូបង្រៀន​នេះ​បាន​ទេ។

លោក ភួង សុវណ្ណ ជា​ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា។ លោក​ឲ្យ​ដឹង​ថា សមាគម​នេះ​បាន​ទទួល​លិខិត​ជា​ច្រើន​ពី​មន្ត្រី​រាជការ​តាម​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​មិន​ទាន់​បើក​ប្រាក់​បៀវត្ស​ខែ​មករា នេះ​ដែរ។

លោក​បាន​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ ពិសេស​លោក​នាយករដ្ឋមន្ត្រី គួរ​មាន​វិធានការ​ជា​ថ្មី​ដើម្បី​ជំរុញ​ឲ្យ​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​បើក​ឲ្យ​បាន​ទាន់​ពេល៖ «មន្ត្រី​រាជការ​ទូទៅ​ប្រាក់​ខែ​តិច បាន​ត្រឹម ២០​ម៉ឺន ឬ​ជាង​ទេ ដល់​ពេល​ធ្វើ​ការ​ដល់ ៥០ ទៅ ៦០​ថ្ងៃ គឺ​គាត់​អត់​អាច​ធ្វើ​ការងារ​បាន​ល្អ​ទេ ហើយ​គាត់​នឹង​មាន​បញ្ហា​ច្រើន​ជាង​គេ គឺ​បញ្ហា​ផ្គត់​ផ្គង់​គ្រួសារ​នេះ​ឯង»

យ៉ាង​ណា​ក៏ដោយ​ ក្រុម​គ្រូ​បង្រៀន​បាន​ទទូច​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី​ក្រសួង​​អប់រំ ឲ្យ​ពិនិត្យ និង​ជំរុញ​ឲ្យ​ប្រាក់​បៀវត្ស​គ្រូបង្រៀន ឬ​មន្ត្រី​រាជការ​តាម​ស្ថាប័ន​ផ្សេង​ទៀត ធ្វើ​យ៉ាង​ណា​បើក​ឲ្យ​​បាន​ទៀត​ទាត់។ ព្រោះ​ថា ប្រាក់​ខែ​តិច និង​បើក​មិន​​​ទៀត​ទាត់​នេះ ពួក​គាត់​គ្មាន​ទឹក​ចិត្ត​ធ្វើ​ការ ឬ​បង្រៀន​សិស្ស​នោះ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អ្នក​អាន​អនាមិក :

Feb 25, 2012 12:00 PM

អ្នក​អាន​អនាមិក :

Feb 23, 2012 10:18 PM

អ្នក​អាន​អនាមិក :

Feb 23, 2012 09:47 AM

អ្នក​អាន​អនាមិក :

Feb 23, 2012 12:59 AM

អ្នក​អាន​អនាមិក :

Feb 22, 2012 11:32 PM

មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ផល​ប៉ះពាល់​ពី​ការ​ផ្ដល់​ដី​សម្បទាន​​បង្ខំ​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក

លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ទៀត​ថា​មិន​ឲ្យ​នរណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ

ជីវភាព​អ្នក​ភូមិ​ព្រែក​ទាល់

គ្រួសារ​ស្ត្រី​​​ស្លាប់​បន្ទាប់​ពី​​សម្រាល​កូន​ចោទ​គ្រូពេទ្យ​ថា​មិន​យក​​ចិត្ត​ទុក​ដាក់

ពលរដ្ឋ​ខ្មែរ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​កាន់​តែ​ច្រើន

សាលា​រៀន​ភាសា​​ចិន​រីក​ដុះដាល​នៅ​កម្ពុជា

សកម្មភាព​សមាគម​ជួយ​មនុស្ស​ចាស់​នៅ​ផ្សារ​ដើម​ថ្កូវ

យុទ្ធនាការ​លើក​កម្ពស់​វិស័យ​អប់រំ

សាលា​បញ្ញា​សាស្ត្រ​គ្រោង​បំបួស​យុវជន ៣០០​នាក់

ផល​ប្រយោជន៍​នៃ​ការ​គាំពារ​និង​ការ​អប់រំ​កុមារ​តូច​ៗ




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org