ក្មេងជំទង់ដែលត្រូវចាប់ខ្លួនមានឈ្មោះ សេវ ថា បើតាមបងប្រុសបង្កើតឈ្មោះ សេវ ណា បញ្ជាក់ថាប្អូនប្រុសគាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ កក្កដា បន្ទាប់ពីបានផឹកស្រាស្រវឹងជាមួយក្មេងៗក្នុងភូមិ៩នាក់ផ្សេងទៀត ហើយធ្វើដំណើរទៅកាន់ភូមិកាលពីអធ្រាត្រថ្ងៃទី១ កក្កដា ក៏ជំពប់ជើងនឹងផ្ទាំងស្លាកគណបក្សដែលផ្អៀងរកកលនឹងដួលមកលើផ្លូវ ធ្វើឲ្យប្អូនគេខឹងក៏លើកស្លាកនោះគ្រវាត់ទៅចិញ្ចើមផ្លូវហើយព្រឹកឡើងក៏ត្រូវប៉ូលិសមកចាប់ខ្លួនតែម្តង ។
លោក សេវ ណា បានឲ្យដឹងថា ៖ «ចោទថារំលំស្លាកគណបក្សហ្នឹង ។ គេចាប់ប្អូនខ្ញុំមួយដាក់គុកហើយ» ។
ចំណែកអ្នកភូមិឈ្មោះ សុខ អ៊ួក បញ្ជាក់ដែរថាពួកគេទាំង៩នាក់ដែលបានរួមដំណើរក៏ត្រូវបានអធិការរងប៉ូលិស លោក សាំង សុខ ជំរិតទារប្រាក់ម្នាក់ៗ ១៥ម៉ឺនរៀល បើពុំនោះទេនឹងត្រូវចាប់ខ្លួនបន្ត ។ គាត់ថារហូតមកទល់ថ្ងៃនេះអ្នកភូមិចំនួន២នាក់បានបង់ប្រាក់២៥ម៉ឺនរៀលហើយទៅឲ្យអធិការរង ហើយ៧នាក់ទៀតកំពុងលាក់ខ្លួន ។
លោក សុខ អ៊ួក បានមានប្រសាសន៍ថា ៖ «ទារ១៥ម៉ឺន ឈ្មោះ សុខ ហើយប៉ូលិសស្រុកទៀត ។ ហេតុផលដោយសារយើងដើរជាមួយម្នាក់ដែលបោះស្លាកទៅកៀនផ្លូវហ្នឹងណា៎» ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពី លោក សាំង សុខ បានទេនៅថ្ងៃច័ន្ទ ទី៧ កក្កដានេះ ពីព្រោះទូរស័ព្ទលោករោទ៍ជាច្រើនលើកពុំមានអ្នកទទួល ។
យ៉ាងនេះក្តីអធិការប៉ូលិស លោក ម៉ៅ សាន់ បញ្ជាក់ថាមិនបានដឹងអំពីការទារប្រាក់នោះទេ ។ លោកថាយុវជនដែលត្រូវបានចាប់ខ្លួនបានសារភាពរួចហើយ ។
លោក ម៉ៅ សាន់ បានបញ្ជាក់ថា ៖ «ចម្លើយឆ្លើយសារភាពរបស់ខ្លួនវាហើយ ដើរទៅហ្នឹងវាស្រវឹងស្រាទើសខ្លួនវា វាក៏កាច់បំបាក់តែម្ដងទៅ» ។
សមាជិកក្រុមប្រឹក្សាឃុំសឺង លោក រចំ សាខុន បញ្ជាក់ថាាស្លាកអក្សរសរសេរឈ្មោះគណបក្សប្រជាជនដែលមានបញ្ហាត្រូវបានអ្នកភូមិគ្លិះទាំងអស់ជាសមាជិកគណបក្សប្រជាជនឯកភាពដាក់ត្រង់ផ្លូវចូលភូមិ ហើយកូនអ្នកភូមិរួមទាំងកូនមេឃុំនិងកូនលោកបានរួមដំណើរជាមួយ សេវ ថា ត្រូវបានប៉ូលីសជំរិតទារប្រាក់ដូចគ្នា ៖ «កូនខ្ញុំគ្រាន់តែផឹកជាមួយ ឲ្យបង់១៥ម៉ឺនដែរ ។ បង់ព្រឹកមិញម៉ោង៨...» ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លោក ប៉ែន ឈុនឌី មានប្រសាសន៍ថាពុំមានពាក្យបណ្តឹងពីគណបក្សប្រជាជនក្នុងករណីនេះទេ ហើយអនុប្រធានគណបក្សប្រជាជនខេត្ត លោក សុខ ហម ក៏អះអាងថាពុំមានការគាំទ្រទង្វើណាដែលរំលោភទៅលើអ្នកភូមិនោះទេ ។
លោក ប៉ែន ឈុនឌី បានមានប្រសាសន៍ថា ៖ «សួររកមូលហេតុដែរ បុគ្គលហ្នឹងជួនកាលមានអ្នកពន្យុះឲ្យគាត់ធ្វើឬក៏វាយ៉ាងម៉េច ? យើងក៏មិនចង់ធ្វើបាបប្រជាជនណាមួយនោះដែរ» ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុកខេត្ត លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថាវាជាសកម្មភាពទាក់ទិននឹងអំពើពុករលួយជំរិតទារប្រាក់ពីមន្ត្រីប៉ូលិស ។
លោក ប៉ែន ប៊ុណ្ណារ៍ បានឲ្យដឹងថា ៖ «អនីតិជនអាយុក្រោម១៨ឆ្នាំ សមត្ថកិច្ចហ្នឹងទៅចាប់ខ្លួនរហូតដល់ដាក់ពន្ធនាគារនៅភ្នំស្វាយ ហើយជំរិតប្រាក់ធ្វើឲ្យក្មេងៗហ្នឹងរត់ អត់ចង់មកនៅភូមិ» ។
បើតាមអ្នកភូមិដែលជាសមាជិកសហគមន៍ភូមិគ្លិះអំពាវនាវសុំឲ្យមានការដោះលែងក្មេងជាអនីតិជននោះវិញ និងទាមទារឲ្យអធិការរងសងប្រាក់និងបញ្ឈប់ការគំរាមជំរិតទារប្រាក់អ្នកភូមិ ៕
