យុវជន​ម្នាក់​នៅ​ព្រៃវែង​រង​របួស​ធ្ងន់​ដោយសារ​ក្រុម​ក្មេង​ទំនើង​លួច​កាប់

យុវជន​ជា​សិស្ស​សាលា​ម្នាក់​នៅ​ក្នុង​ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​កាប់​ឲ្យ​ផុង​លលាដ៍​ក្បាល​ជា​ច្រើន​កាំបិត​ពី​សំណាក់​ក្រុម​ក្មេង​ទំនើង​ចំនួន​២​នាក់ នៅ​គ្រា​ដែល​យុវជន​រូប​នោះ​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ទៅ​មើល​ល្ខោន​នៅ​ក្នុង​ភូមិ។

0:00 / 0:00

ក្រុម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ដោះលែង​ជន​សង្ស័យ​ឲ្យ​ទៅ​កាន់​ផ្ទះ​សម្បែង​វិញ​ដោយសារ​តែ​គ្មាន​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក។

លោកស្រី អួន ជឹម អាយុ​៥០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ក្រាំង ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កូន​ប្រុស​របស់​លោក​ស្រី​ឈ្មោះ អ៊ី សុខា អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​៩ បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​អំពើ​ហិង្សា​ព្រួត​វាយ​និង​កាប់​ចាក់​ពី​សំណាក់​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ចំនួន​២​នាក់​បាន​ស្ទាក់​វាយ កាល​ពី​យប់​ថ្ងៃ​សៅរ៍។

លោក​ស្រី អួន ជឹម បាន​ឲ្យ​ដឹង​ថា ៖ «វា​ចង់​ទៅ​មើល​ល្ខោន​នៅ​វត្ត​កោះជ្រុំ ដល់​ពេល​ល្ខោន​អត់​មាន វា​បក​ទៅ​មើល​កន្លែង​ផ្សារ​គេ​នៅ​ស្ពឺ​ខាង​លិច​ហ្នឹង ហើយ​ដល់​ពេល​ត្រឡប់​មក​វិញ​ទៅ វា​ស្ទាក់​ចាំ​កាប់​តែម្ដង អត់​ដឹង ជិះ​ម៉ូតូ​២​នាក់ ម្នាក់​អ្នក​បើក ម្នាក់​អ្នក​កាប់ ហើយ​កូន​ចៅ​ខ្ញុំ​ជិះ​កង់​គ្មាន​ដឹង​ខ្លួន​ផង​ហ្នឹង។ ចំ​ដល់​លលាដ៍ ឆែប​លលាដ៍»

វេជ្ជបណ្ឌិត​ម្នាក់​នៃ​គ្លីនិក​ឯកជន​មួយ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ដែល​កំពុង​តែ​ព្យាបាល​ជន​រង​គ្រោះ​នោះ​បាន​ថ្លែង​ថា ជន​រង​គ្រោះ​មាន​សង្ឃឹម​រស់​តិចតួច ប៉ុន្តែ​បើ​សិន​ជា​នៅ​រស់ ក៏​រស់​នៅ​ក្នុង​សភាព​មិន​ប្រក្រតី ៖ «អ្នក​ជំងឺ​ហ្នឹង​ដេរ​បាន​១១​ថ្នេរ ធ្ងន់​ណាស់ កាប់​ដល់​ឆែប​លលាដ៍»

ទាក់ទង​នឹង​អំពើ​ហិង្សា​នៃ​ក្រុម​ក្មេង​ទំនើង​ខាង​លើ​នេះ លោក ផន ភៀង ជា​ប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នៅ​ក្នុង​ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដែល​កំពុង​តែ​ចាត់ការ​លើ​សំណុំ​រឿង​នេះ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឃាត់​ខ្លួន​យុវជន​ចំនួន​២​នាក់​ដើម្បី​សាកសួរ​ក្រោម​បទ​សង្ស័យ​ថា​ជា​ក្រុម​បង្ក​រឿង ប៉ុន្តែ​លោក​បាន​ដោះលែង​ទៅ​វិញ។

លោក ផន ភៀង បាន​បញ្ជាក់​ថា ៖ «យើង​មិន​មែន​ចាប់​ឃាត់​ខ្លួន​ទេ យើង​គ្រាន់តែ​ហៅ​សាកសួរ​បំភ្លឺ។ ករណី​នេះ​មិន​មែន​ករណី​បទល្មើស​ជាក់ស្ដែង​ទេ ជា​បទល្មើស​ស៊ើប​អង្កេត ព្រោះ​កើត​ហេតុ​រយៈពេល​ប្រហែល​ជា​ពីរ​ម៉ោង​ហើយ​បាន​មក​ប្ដឹង​សមត្ថកិច្ច​យើង។ យើង​សង្ស័យ​ហ្នឹង​តាម​អ្នក​បំភ្លឺ​ថា មាន​ពីរ​នាក់»

សុខ សេរី ៖ សាកសួរ​បាន​ដឹង​អ្វី​ខ្លះ​ហើយ? ផន ភៀង ៖ សាកសួរ​ទៅ វា​មិន​សារភាព​ប្រាប់​ថា វា​ប្រព្រឹត្ត​ផង​ហ្នឹង។ យើង​អត់​មាន​ភស្តុតាង​អី​ផង។ ស្នាម​របួស​យើង​ដឹង​ថា​កាំបិត​ហើយ ប៉ុន្តែ​រក​បង្ហាញ​អ្នក​កាប់​ហ្នឹង យើង​រក​អត់​ទាន់​ឃើញ។

គេ​បាន​កត់​សម្គាល់​ឃើញ​ថា មាន​អំពើ​ហិង្សា​ជា​ច្រើន​ករណី​បាន​កើត​មាន​ទ្បើង​នៅ​តាម​ភូមិ ឃុំ​និង​ខេត្ត​មួយចំនួន ជុំវិញ​ការ​កាប់​ចាក់​គ្នា​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ដោយ​ក្រុម​យុវជន​ឬ​ក្មេង​ទំនើង នៅ​ពេល​ដែល​មាន​ពិធី​បុណ្យ​នានា រាប់​ទាំង​បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​បុណ្យ​អុំ​ទូក​ជាដើម។

ករណី​អំពើ​ហិង្សា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​បូក​សរុប​ណា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ ប៉ុន្តែ​កាល​ពី​ថៃ្ង​ទី​២៤ ខែ​មិថុនា​កន្លង​ទៅ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សារាចរ​មួយ​បញ្ជា​ឲ្យ​ក្រសួង​មហាផៃ្ទ, ក្រសួង​ការពារ​ជាតិ, ក្រសួង អប់រំ យុវជន​និង​កីទ្បា និង​ក្រសួង​ទេសចរណ៍ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា គ្រប់គ្រង​មុខ​សញ្ញា​និង​សកម្មភាព​នៃ​ក្មេង​ទំនើង​ដែល​បង្ក​ការ​អុកទ្បុក​រំខាន​ដល់​ប្រជាពលរដ្ឋ អសន្តិសុខ​សង្គម​និង​សណ្តាប់ធ្នាប់​សាធារណៈ៕