ក្រុមសមត្ថកិច្ចនៅមូលដ្ឋានបានដោះលែងជនសង្ស័យឲ្យទៅកាន់ផ្ទះសម្បែងវិញដោយសារតែគ្មានភស្តុតាងដើម្បីដាក់បន្ទុក។
លោកស្រី អួន ជឹម អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិក្រាំង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា កូនប្រុសរបស់លោកស្រីឈ្មោះ អ៊ី សុខា អាយុ១៨ឆ្នាំ រៀនថ្នាក់ទី៩ បានរងរបួសធ្ងន់ធ្ងរដោយសារអំពើហិង្សាព្រួតវាយនិងកាប់ចាក់ពីសំណាក់ក្មេងទំនើងមួយក្រុមមានគ្នាចំនួន២នាក់បានស្ទាក់វាយ កាលពីយប់ថ្ងៃសៅរ៍។
លោកស្រី អួន ជឹម បានឲ្យដឹងថា ៖ «វាចង់ទៅមើលល្ខោននៅវត្តកោះជ្រុំ ដល់ពេលល្ខោនអត់មាន វាបកទៅមើលកន្លែងផ្សារគេនៅស្ពឺខាងលិចហ្នឹង ហើយដល់ពេលត្រឡប់មកវិញទៅ វាស្ទាក់ចាំកាប់តែម្ដង អត់ដឹង ជិះម៉ូតូ២នាក់ ម្នាក់អ្នកបើក ម្នាក់អ្នកកាប់ ហើយកូនចៅខ្ញុំជិះកង់គ្មានដឹងខ្លួនផងហ្នឹង។ ចំដល់លលាដ៍ ឆែបលលាដ៍»។
វេជ្ជបណ្ឌិតម្នាក់នៃគ្លីនិកឯកជនមួយនៅក្នុងខេត្តព្រៃវែងដែលកំពុងតែព្យាបាលជនរងគ្រោះនោះបានថ្លែងថា ជនរងគ្រោះមានសង្ឃឹមរស់តិចតួច ប៉ុន្តែបើសិនជានៅរស់ ក៏រស់នៅក្នុងសភាពមិនប្រក្រតី ៖ «អ្នកជំងឺហ្នឹងដេរបាន១១ថ្នេរ ធ្ងន់ណាស់ កាប់ដល់ឆែបលលាដ៍»។
ទាក់ទងនឹងអំពើហិង្សានៃក្រុមក្មេងទំនើងខាងលើនេះ លោក ផន ភៀង ជាប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលនៅក្នុងឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលកំពុងតែចាត់ការលើសំណុំរឿងនេះ បានមានប្រសាសន៍ថា លោកបានឃាត់ខ្លួនយុវជនចំនួន២នាក់ដើម្បីសាកសួរក្រោមបទសង្ស័យថាជាក្រុមបង្ករឿង ប៉ុន្តែលោកបានដោះលែងទៅវិញ។
លោក ផន ភៀង បានបញ្ជាក់ថា ៖ «យើងមិនមែនចាប់ឃាត់ខ្លួនទេ យើងគ្រាន់តែហៅសាកសួរបំភ្លឺ។ ករណីនេះមិនមែនករណីបទល្មើសជាក់ស្ដែងទេ ជាបទល្មើសស៊ើបអង្កេត ព្រោះកើតហេតុរយៈពេលប្រហែលជាពីរម៉ោងហើយបានមកប្ដឹងសមត្ថកិច្ចយើង។ យើងសង្ស័យហ្នឹងតាមអ្នកបំភ្លឺថា មានពីរនាក់»។
សុខ សេរី ៖ សាកសួរបានដឹងអ្វីខ្លះហើយ? ផន ភៀង ៖ សាកសួរទៅ វាមិនសារភាពប្រាប់ថា វាប្រព្រឹត្តផងហ្នឹង។ យើងអត់មានភស្តុតាងអីផង។ ស្នាមរបួសយើងដឹងថាកាំបិតហើយ ប៉ុន្តែរកបង្ហាញអ្នកកាប់ហ្នឹង យើងរកអត់ទាន់ឃើញ។
គេបានកត់សម្គាល់ឃើញថា មានអំពើហិង្សាជាច្រើនករណីបានកើតមានទ្បើងនៅតាមភូមិ ឃុំនិងខេត្តមួយចំនួន ជុំវិញការកាប់ចាក់គ្នាបណ្តាលឲ្យរងរបួសធ្ងន់ដោយក្រុមយុវជនឬក្មេងទំនើង នៅពេលដែលមានពិធីបុណ្យនានា រាប់ទាំងបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំថ្មីនិងបុណ្យអុំទូកជាដើម។
ករណីអំពើហិង្សានៅទូទាំងប្រទេសកម្ពុជាមិនទាន់មានសេចក្ដីរាយការណ៍បូកសរុបណាមួយត្រូវបានផ្សព្វផ្សាយឲ្យដឹងជាសាធារណៈនោះទេ ប៉ុន្តែកាលពីថៃ្ងទី២៤ ខែមិថុនាកន្លងទៅនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញសារាចរមួយបញ្ជាឲ្យក្រសួងមហាផៃ្ទ, ក្រសួងការពារជាតិ, ក្រសួង អប់រំ យុវជននិងកីទ្បា និងក្រសួងទេសចរណ៍ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធនានា គ្រប់គ្រងមុខសញ្ញានិងសកម្មភាពនៃក្មេងទំនើងដែលបង្កការអុកទ្បុករំខានដល់ប្រជាពលរដ្ឋ អសន្តិសុខសង្គមនិងសណ្តាប់ធ្នាប់សាធារណៈ៕
