អាជ្ញាធរ​ថៃ​គ្រោង​ដោះលែង​ខ្មែរ​៨​នាក់​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា អាជ្ញាធរ​ថៃ​នឹង​ដោះលែង​ពលរដ្ឋ​ខ្មែរ​៨​នាក់​ក្នុង​ចំណោម​១២​នាក់​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​នៅ​ថ្ងៃ​២២ វិច្ឆិកា បន្ទាប់​​ពី​ពលរដ្ឋ​ទាំង​១២​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​​៩​និង​​​១០ វិច្ឆិកា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ដី​ថៃ។

0:00 / 0:00

លោក​ឧត្តមសេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​វិច្ឆិកា ថា អាជ្ញាធរ​ខេត្ត​ស្រះកែវ​ថៃ​បាន​សន្យា​នឹង​ដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ​៨​នាក់​ក្នុង​ចំណោម​១២​នាក់​ដែល​ពួក​គេ​បាន​ចាប់​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ឲ្យ​ភាគី​កម្ពុជា​វិញ។

លោក​ឧត្តមសេនីយ៍​ត្រី ហ៊ុន ហ៊ាន បាន​បញ្ជាក់​ថា ៖ «ថ្ងៃ​ទី​២២ បាន​គេ​ឲ្យ​ត្រឡប់​មក​វិញ ប៉ុន្តែ​ក្មេង​២​នាក់​ត្រូវ​បាន​គេ​បាន​បញ្ជូន​ទៅ​មណ្ឌល ដោយសារ​តែ​ក្មេង​នោះ​មិន​គ្រប់​អាយុ»

កាល​ពី​ថ្ងៃ​ទី​៩ ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ខណៈ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ជិះ​ម៉ូតូ​ឌុប​ក្នុង​គោលដៅ​ទៅ​ក្រុង​បាងកក​រក​ការងារ​ធ្វើ និង​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ប្រជាពលរដ្ឋ​ខ្មែរ​១០​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​ដូច​គ្នា​ខណៈ​ដែល​ពួក​គេ​ជិះ​កង់​ដឹក​អង្ករ​លក់​ក្នុង​ដី​ថៃ​តាម​បន្ទាត់​ព្រំដែន។

លោក ឌៀប ឈួន អភិបាល​រង​ស្រុក​ថ្មពួក បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១២​នាក់​នោះ​បាន​ឆ្លង​ដែន​តាម​ច្រក​អូរសាយ​ជិត​ច្រក​បឹងត្រកួន ក្នុង​ឃុំ​គោករមៀត ស្រុក​ថ្មពួក លុះ​ចូល​ដល់​ចំណុច​មួយ​ក្នុង​ភូមិ​ថាត់ថៃ ឃុំ​ថាត់ថៃ ស្រុក​តាប់ព្រះយ៉ា ខេត្ត​ស្រះកែវ ត្រូវ​កង​ទាហាន​បារ៉ា​ថៃ​ចាប់​ដោយ​ចោទ​ថា ៖ «ឆ្លង​ដែន​ខុស​ច្បាប់ និង​គេ​ចោទ​បង​ប្អូន​យើង​២​ករណី ទី​១ បទ​ឆ្លង​ដែន​ខុស​ច្បាប់ ទី​២ ការ​យក​ទំនិញ​ទៅ​លក់​អត់​បង់​គយ»

លោក ប្រាក់ សាំ ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​បឹងត្រកួន បាន​ថ្លែង​ថា សមត្ថកិច្ច​ខ្មែរ​បាន​ធ្វើ​អន្តរាគមន៍​រួច​ហើយ​ជុំវិញ​ករណី​ខាង​លើ​នេះ ដោយ​បាន​ស្នើ​ឲ្យ​ថៃ​ធ្វើ​ការ​ដោះលែង។

លោក ប្រាក់ ស្រាំ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​បាន​ធ្វើ​ការ​សំណូមពរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​១០​នាក់​ហ្នឹង​វិល​ត្រឡប់​មក​វិញ»

លោក អ៊ឹម រិទ្ធ មេ​ភូមិ​ត្រពាំងសំរោង បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១២​នាក់​ដែល​ថៃ​ចាប់​នោះ​មាន​៧​នាក់​នៅ​ភូមិ​ត្រពាំងសំរោង ៣​នាក់​នៅ​ភូមិ​សាមគ្គី និង​២​នាក់​មិន​ស្គាល់​ឈ្មោះ​មក​ពី​ស្រុក​ផ្សេង​ស្នាក់​នៅ​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ទាំង​១០​នាក់​ដែល​ថៃ​ចាប់​នោះ​មាន​គ្រួសារ​មួយ​បាន​បន្សល់​កូន​ស្រី​អាយុ​១០​ឆ្នាំ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង។

លោក អ៊ឹម រិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «នៅ​សល់​កូន​មួយ​នៅ​នឹង​ផ្ទះ អាណិត​ដល់​ហើយ។ កូន​ដែល​នៅ​នេះ​អាយុ​ប្រហែល​១០​ឆ្នាំ កូន​ស្រី»

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​១២​នាក់ ប្រុស​៩​នាក់ ស្រី​៣​នាក់​នោះ មាន​ឈ្មោះ ប៉ិត ស៊ីម, ប៊ុន កេសរ, ស៊ុន កំសត់, អួរ ស្រុន, ថន ថាច, សំ ថាន, ស៊ុត សុផល, ហ៊ុយ ឈុនលី និង​ក្មេង​អាយុ​១៥​ឆ្នាំ​ម្នាក់ ឈ្មោះ លី ប៊ុន លាង និង វីរៈ ចំណែក​ឯ​បុរស​២​នាក់​ផ្សេង​ជា​អ្នក​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​បណ្តោះ​អាសន្ន​មិន​មាន​អ្នក​ស្គាល់​ឈ្មោះ៕