ទាហាន​ថៃ​ប៉ុន​ប៉ង​សង់​លេណដ្ឋាន​បេតុង​ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរ​រារាំង

លោក សាវយុត នៃ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ភាគ​ឧត្តរ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​កង​រក្សា​ព្រំដែន​ខ្មែរ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ដែល​បាន​និយាយ​ថា ថ្មីៗ​នេះ កង​ទាហាន​ថៃ​ដែល​កំពុង​បោះ​ជំរំ​នៅ​តំបន់​ជម្លោះ​ព្រំដែន​នោះ​បាន​ដឹក​ជញ្ជូន​សរសរ​បេតុង​និង​ថ្ម​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​បង្គោល​របង​ការពារ​និង​លេណដ្ឋាន​រឹង​មាំ​សម្រាប់​ត្រៀម​ប្រយុទ្ធ។

ពល​ទាហាន​ខ្មែរ​មួយ​រូប​កំពុង​ការពារ​ព្រំដែន​នៅ​តំបន់​ភ្នំ​ចាក់ច្រែង បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា ទាហាន​ប៉ារ៉ា​ថៃ​ដែល​បាន​បោះ​ជំរំ​ត្រង់​តំបន់​ហាម​ឃាត់​មិន​ឲ្យ​មាន​កងទ័ព​នោះ​បាន​ដឹក​ជញ្ជូន​សសរ​បេតុង​ជា​ច្រើន​ដើម បម្រុង​នឹង​បោះ​បង្គោល​ទាំង​នោះ​នៅ​ជុំវិញ​ជំរំ​របស់​ពួក​គេ​កាល​ពី​២​ថ្ងៃ​មុន​នេះ។

ចំណែក​នៅ​តំបន់​សម្បុក​ឃ្មុំ​ដែល​ជា​ខ្សែ​ត្រៀម​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ​នៅ​ទល់​មុខ​ប្រាសាទ​ព្រះ​វិហារ​វិញ ទាហាន​ខ្មែរ​រូប​នោះ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា បី​បួន​ថ្ងៃ​មក​ហើយ ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ជញ្ជូន​សសរ​បេតុង​និង​ថ្ម​កិន​ល្អិតៗ​ចូល​មក​ខ្សែ​ត្រៀម​ជួរ​មុខ បម្រុង​សាង​សង់​លេណដ្ឋាន​រឹង​មាំ ប៉ុន្តែ​ត្រូវ​បាន​កង​ទាហាន​ខ្មែរ​ហាម​ឃាត់ ៖ «មុខ​ប្រាសាទ​យើង​ក៏​វា​ធ្វើ​ដែរ បេតុង​វា​ចាក់​ក្រួស ៤​គុណ​នឹង​៤ យក​លាយ​ស៊ីម៉ងត៍​ចាក់​អាហ្នុង។ វា​ឈប់​ធ្វើ​កង់​ឡាន វា​ធ្វើ​បេតុង​ហ្នុង​វិញ។ យើង​ហាម​ឃាត់​តាំង​ពី​ល្ងាច​ម្សិល​ម្ង៉ៃ»

មេ​បញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​កំពុង​គ្រប់​គ្រង​កម្លាំង​យោធា​ខ្មែរ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះ​វិហារ គឺ​លោក​ឧត្តម​សេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ថា លោក​នៅ​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា ទោះ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ទាហាន​ថៃ​ដែល​បោះ​ជំរំ​នៅ​លើ​តំបន់​ជម្លោះ​នោះ​ធ្វើការ​សាងសង់​លេណដ្ឋាន​រឹង​មាំ​បែប​នោះ​បាន​ឡើយ លើក​លែង​តែ​ការ​សាង​សង់​នោះ​ត្រូវ​គេ​ធ្វើ​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​ថៃ​ផុត​ពី​ព្រំដែន​ជាប់​ជាមួយ​ខ្មែរ។

លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក ថ្លែង​យ៉ាង​ដូច្នេះ ៖ «អត់​ដឹង​ផង គេ​អត់​ទាន់​រាយ​ការណ៍។ យើង​ពិនិត្យ​មើល​អា​ណា​ដី​គេ​ជ្រៅ ហ្នឹង​ឲ្យ​គេ​ធ្វើ​ទៅ សិទ្ធិ​របស់​គេ ប៉ុន្តែ​បើ​តំបន់​ដែល​ប្រទាញ​ប្រទង់ យើង​ឃាត់​គេ​ហើយ។ គេ​ឃាត់​យើង យើង​ឃាត់​គេ​ដូច​តែ​គ្នា​ហ្នឹង»

លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ខ្មែរ ដែល​ទើប​បញ្ចប់​ទស្សន​កិច្ច​ពីរ​ថ្ងៃ​នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​ថៃ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ បាន​បញ្ជាក់​ថា មាន​ការ​ប៉ុន​ប៉ង​របស់​ថៃ​នៅ​តំបន់​ខ្លះ​ដូច​សេចក្តី​រាយការណ៍​មែន ៖ «នៅ​តាម​ខ្សែ​ត្រៀម​តំបន់​មុខ មាន​ការ​ប៉ុន​ប៉ង​មែន ក៏​ប៉ុន្តែ​មាន​ការ​រារាំង។ សម្ភារៈ​សាង​សង់​មិន​ទាន់​ឃើញ​ចូល​មក​ដល់​ទីតាំង​នៅ​ឡើយ​ទេ បន្ទាប់​ពី​សម្បុក​ឃ្មុំ​នៃ​ជើង​ភ្នំ​ព្រះ​វិហារ។ បើ​យើង​ងាក​ទៅ​ខាង​លិច​គេ​ហៅ​ភ្នំ​ទ្រព្យ នៅ​ក្នុង​តំបន់​ភ្នំ​ទ្រព្យ ខ្ញុំ​អត់​បាន​ចូល​មើល​ទេ ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍​ថា​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​លេណ​ដ្ឋាន​ទេ។ បន្ទាប់​មក​គឺ​កំពូល​ភ្នំ​តា​ទឹម ដែល​ជា​ចំណុច​យុទ្ធសាស្រ្ដ​ធំ​មួយ នៅ​ចំ​កំពូល​ភ្នំ​ហ្នឹង គឺ​ខ្ពង់​រាប ដែល​គេ​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន ដែល​ជា​ផ្លូវ​អតីត​យោធា​ខ្មែរ​ក្រហម។ នៅ​តំបន់​នោះ​គឺ​កង​វិស្វកម្ម​យោធា​ថៃ បាន​ឈូស​ធ្វើ​ថ្នល់​សម្រាប់​កង​ទ័ព​របស់​ថៃ ហើយ​ជា​កន្លែង​មួយ​ដែល​យើង​កំពុង​តែ​ជជែក​គ្នា រៀបចំ​ទុក​ឲ្យ​គណៈកម្មការ​ខណ្ឌ​សីមា​កម្ពុជា​-ថៃ​ជា​អ្នក​ចូល​វាស់​វែង ពីព្រោះ​នៅ​លើ​ខ្នង​ភ្នំ​ហ្នឹង​តែ​ម្ដង។ ហើយ​ម្ដុំ​ត្រង់​ហ្នឹង​គ្រាន់​តែ​គេ​ធ្វើការ​រាយ​ការណ៍​ថា គេ​បម្រុង​យក​ធ្វើ​ថ្នល់ ក៏​ប៉ុន្តែ​វា​នៅ​ចំ​ទឹក​ដីក​ម្ពុជា ពាក់​កណ្ដាល​ម្នាក់។ ហួស​ពី​ហ្នឹង​ត​ទៅ​ទៀត គឺ​ភ្នំ​ចាក់​ច្រែង គឺ​មាន​សេចក្ដី​រាយ​ការណ៍​មក ភ្នំ​ចាក់​ច្រែង គេ​ឃើញ​សម្ភារៈ​សម្រាប់​សាង​សង់​ហ្នឹង​ដែរ ប៉ុន្តែ​នៅ​ម្ដុំ​នោះ យោធា​កម្ពុជា​បាន​ប្រាប់​ខ្ញុំ​ថា មាន​ការ​ដឹក​ជញ្ជូន​ដូច​ជា​កង់​ឡាន​អី​ហ្នឹង​សម្រាប់​ធ្វើ​ប៉ុស្តិ៍​ប៉ម​យាម ឬ​ក៏​ប៉ុស្តិ៍​ការពារ​ខ្លួន ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍​ថា មាន​ការ​ប៉ុន​ប៉ង​ធ្វើ​លេណដ្ឋាន​ទេ»