នៅ​ខេត្ត​សៀមរាប បុគ្គលិក​ថៃ​វាយ​ដំ​និង​ប្រមាថ​កម្មករ​ខ្មែរ

2008-06-20

កម្មករ​ខ្មែរ​ម្នាក់​បាន​ចោទប្រកាន់​បុគ្គលិក​ជនជាតិថៃ​មួយរូប​របស់​ក្រុមហ៊ុនធ្វើ​ផ្លូវ High Way លេខ​៦៧ ដែល​មាន​មូលដ្ឋាន​នៅឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប​ថា បាន​វាយដំ​លើ​រាងកាយ​និង​ការប្រមាថ​ផង ។

យុវជនឈ្មោះ តន់ រ៉ាសៀ អាយុ​១៦​ឆ្នាំ នៅភូមិ​វត្ត ឃុំ​ស្រែណូយ ដែល​ជា​អ្នកស៊ីឈ្នួល​ខាង​ចាក់​ប្រេង​ឥន្ធនៈ​បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែ​មិថុនា ថា បុរស​ឈ្មោះ Patsakorn Chaem Phakwaen ហៅ ឆាង អួន ជាជនជាតិ​ថៃ បម្រើការ​ផ្នែក​ជួសជុល​ឡាន​របស់​ក្រុមហ៊ុន CH KARN CHANG PUBLIC COMPANY LIMITED ដែល​កំពុង​ធ្វើ​ផ្លូវ High Way ពី​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​មក​ខេត្ត​សៀមរាប បាន​យក​ស្បែកជើង​មក​វាយ​ក្បាល​របស់​គាត់ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែ​មិថុនា ខណៈ​ដែល​គាត់​បាន​ទៅ​មើល​ថៃ​ម្នាក់​នោះ​ផ្សារដែក ។

យុវជន តន់ រ៉ាសៀ រៀបរាប់​ដូច្នេះ​ថា ៖ «គ្រាន់​តែ​ខ្ញុំ​ដើរទៅ​លេង អង្គុយ​មើល​គេ​ផ្សារ​ដែក ។ គេ​និយាយ​ភាសា​គេ ហើយ​ខ្ញុំ​និយាយ​តាម​គេ​ទៅ ស្រាប់​តែ​គេ​យក​ទ្រនាប់​ជើង​វ៉ៃ​ក្បាល​ខ្ញុំ»

លោក តន់ ឈួប ជា​ឪពុក​របស់​អ្នករងគ្រោះ បាន​មាន​ប្រសាសន៍​ថា កូន​របស់​គាត់​ជា​អ្នកស៊ី​ឈ្នួល​នៅ​ក្រុមហ៊ុន​ថៃ​នោះ ហើយ​ជនជាតិ​ថៃ​ឈ្មោះ Patsakorn Chaem Phakwaen បាន​វាយ​ធ្វើ​បាប​កូន​របស់​គាត់ ព្រមទាំង​គំរាម​សម្លាប់​ផង ប្រសិនបើ​មាន​ការប្តឹងផ្តល់​ចង់​បាន​សំណង​ជា​ប្រាក់ ៖ «ថៃ​ដែល​វ៉ៃ​កូន​ខ្ញុំ​គេ​ថា បើ​សិន​ជា​គេ​ឲ្យ ៣-៤​រយ​បាត គេ​នឹង​តាម​សម្លាប់​កូន​ខ្ញុំ​ចោល»

ប៉ុន្តែ​ទោះ​យ៉ាង​ណា គ្រួសារ​កម្មករ​ខ្មែរ​រងគ្រោះ នៅតែ​ជម្នះ​ចូល​ទៅ​ជួប​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ថៃ ហើយ​បាន​ត្រឹមតែ​ពាក្យ​សន្យា​ថា នឹង​ចេញ​ប្រាក់​សង​ជំងឺចិត្ត​ចំនួន​មួយ​ម៉ឺន​បាត​ប៉ុណ្ណោះ ។

កាលពី​ល្ងាច​ថ្ងៃ​ពុធ អ្នកគ្រប់គ្រង​ការដ្ឋាន​របស់​ក្រុមហ៊ុន CH KARN CHANG PUBLIC COMPANY LIMITED ប្រចាំ​នៅ​ស្រែណូយ មិន​បាន​ឆ្លើយ​បំភ្លឺ​បញ្ហា​នោះ​ទេ ដោយ​បុគ្គលិក​ជនជាតិ​ថៃ បាន​ប្រាប់​ថា អ្នកគ្រប់គ្រង​មិន​នៅ ហើយ​បន្ទាប់​មក បាន​ទាញ​ទ្វារ​បិទ ។

គ្រួសារ​កម្មករ​ខ្មែរ​រងគ្រោះ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​មន្ត្រី​ប៉ូលិស​ឃុំ​ស្រែណូយ ឲ្យ​ជួយ​ដោះស្រាយ តែ​ប៉ូលិស​ខ្មែរ​មិន​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទេ ។

ប្រធាន​ប៉ុស្តិ៍​នគរបាល ឃុំ​ស្រែណូយ លោក ម៉ន ម៉ិច បាន​មាន​ប្រសាសន៍​ថា បញ្ហា​នោះ ប៉ូលិស​មាន​បំណង​នឹង​ចាត់ការ ប៉ុន្តែ​គ្រួសារ​រងគ្រោះ​បាន​ទៅ​ដោះស្រាយ​បញ្ចប់​បញ្ហា​ជាមួយ​ថៃ​ទៅ​ហើយ ។

អ្នកស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន ដែល​បាន​ព្យាយាម​ទៅ​ជួប​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នោះ បាន​មាន​ប្រសាសន៍​ថា គេ​បាន​រក​ឃើញ​ក្រុមហ៊ុន​នោះ បាន​ប្រើប្រាស់​ពលកម្ម​កុមារ​មិនគ្រប់​អាយុ ហើយ​ការយក​ស្បែកជើង​វាយ​ក្បាល​នោះ គឺ​ខុស​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា និង​ជា​ការមើលងាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផង ៖ «យក​ស្បែកជើង​វ៉ៃ​ក្បាល​ក្មេង​ហ្នឹង វា​ជា​អំពើ​ខុស​ទៅ​នឹង​ច្បាប់​ព្រហ្មទណ្ឌ​ហើយ​ៗ ជា​ការមើលងាយ មើល​ថោក​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ ។ យើង​បាន​ព្យាយាម​ទៅ​ជួប​តំណាង​ក្រុមហ៊ុន​ថៃ ដែល​ធ្វើ​ផ្លូវ ៦៧​ហ្នឹង​ដែរ ប៉ុន្តែ​អត្តចរិត​របស់​អ្នកដឹកនាំ​ក្រុមហ៊ុន​ហ្នឹង​មិន​សមរម្យ​ទេ ដោយ​មិន​ឲ្យ​យើង​ចូល​ហើយ​ទាញ​ទ្វារ​បិទ​ទៀត» ។

បើតាម​កម្មករ​និង​ក្រុមទាហាន​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​ថៃ ក្នុង​ឃុំ​ស្រែណូយ បាន​ឲ្យ​ដឹង​ថា ជនជាតិថៃ ឈ្មោះ ឆាង អួន ធ្លាប់​បាន​ប្រើ​ដំបង​ដែក​វាយ​ក្បាល​កម្មករ​ខ្មែរ​ពីរ​នាក់ ឈ្មោះ ផាន់ណា និង​ឈ្មោះ វឿន ម្តង​រួច​មកហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ខ្មែរ​ណា​មួយ​ចេញ​មុខ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទេ ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស, ទាហាន​និង​មេការ​ក្រុមហ៊ុន​ឯកជន​រង​ការ​ប្ដឹង​ពី​បទ​ប៉ុន​ប៉ង​សម្លាប់​អ្នក​ភូមិ

មន្ត្រី​អ.ស.ប.​បដិសេធ​ថា​គ្មាន​ការ​ប៉ុន​ប៉ង​នាំ ឌុច ចេញ​ពី​កម្ពុជា​ទេ

ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម

នៅ​រតនគិរី កម្លាំង​ការពារ​ក្រុមហ៊ុន​ឯកជន​បាញ់​គំរាម​អ្នក​ភូមិ

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ

ពិរុទ្ធ​ជន​ម្នាក់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​បាន​៣​ម៉ោង

អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​គាប​សង្កត់​អ្នក​រិះ​គន់

ជន​សង្ស័យ​ម្នាក់​ស្លាប់​ខណៈ​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​សមត្ថកិច្ច

សកម្មជន​សិទ្ធិ​មនុស្ស​ចូល​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​តាកែវ​តាម​ការ​កោះ​ហៅ

កុមារ​លើក​ឡើង​អំពី​សិទ្ធិ​នៅ​ក្នុង​ឱកាស​ទិវា​កុមារ​អន្តរជាតិ​១ មិថុនា