កម្មករខ្មែរម្នាក់បានចោទប្រកាន់បុគ្គលិកជនជាតិថៃមួយរូបរបស់ក្រុមហ៊ុនធ្វើផ្លូវ High Way លេខ៦៧ ដែលមានមូលដ្ឋាននៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបថា បានវាយដំលើរាងកាយនិងការប្រមាថផង ។
យុវជនឈ្មោះ តន់ រ៉ាសៀ អាយុ១៦ឆ្នាំ នៅភូមិវត្ត ឃុំស្រែណូយ ដែលជាអ្នកស៊ីឈ្នួលខាងចាក់ប្រេងឥន្ធនៈបានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ថា បុរសឈ្មោះ Patsakorn Chaem Phakwaen ហៅ ឆាង អួន ជាជនជាតិថៃ បម្រើការផ្នែកជួសជុលឡានរបស់ក្រុមហ៊ុន CH KARN CHANG PUBLIC COMPANY LIMITED ដែលកំពុងធ្វើផ្លូវ High Way ពីអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះមកខេត្តសៀមរាប បានយកស្បែកជើងមកវាយក្បាលរបស់គាត់ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ខណៈដែលគាត់បានទៅមើលថៃម្នាក់នោះផ្សារដែក ។
យុវជន តន់ រ៉ាសៀ រៀបរាប់ដូច្នេះថា ៖ «គ្រាន់តែខ្ញុំដើរទៅលេង អង្គុយមើលគេផ្សារដែក ។ គេនិយាយភាសាគេ ហើយខ្ញុំនិយាយតាមគេទៅ ស្រាប់តែគេយកទ្រនាប់ជើងវ៉ៃក្បាលខ្ញុំ» ។
លោក តន់ ឈួប ជាឪពុករបស់អ្នករងគ្រោះ បានមានប្រសាសន៍ថា កូនរបស់គាត់ជាអ្នកស៊ីឈ្នួលនៅក្រុមហ៊ុនថៃនោះ ហើយជនជាតិថៃឈ្មោះ Patsakorn Chaem Phakwaen បានវាយធ្វើបាបកូនរបស់គាត់ ព្រមទាំងគំរាមសម្លាប់ផង ប្រសិនបើមានការប្តឹងផ្តល់ចង់បានសំណងជាប្រាក់ ៖ «ថៃដែលវ៉ៃកូនខ្ញុំគេថា បើសិនជាគេឲ្យ ៣-៤រយបាត គេនឹងតាមសម្លាប់កូនខ្ញុំចោល» ។
ប៉ុន្តែទោះយ៉ាងណា គ្រួសារកម្មករខ្មែររងគ្រោះ នៅតែជម្នះចូលទៅជួបអ្នកគ្រប់គ្រងក្រុមហ៊ុនថៃ ហើយបានត្រឹមតែពាក្យសន្យាថា នឹងចេញប្រាក់សងជំងឺចិត្តចំនួនមួយម៉ឺនបាតប៉ុណ្ណោះ ។
កាលពីល្ងាចថ្ងៃពុធ អ្នកគ្រប់គ្រងការដ្ឋានរបស់ក្រុមហ៊ុន CH KARN CHANG PUBLIC COMPANY LIMITED ប្រចាំនៅស្រែណូយ មិនបានឆ្លើយបំភ្លឺបញ្ហានោះទេ ដោយបុគ្គលិកជនជាតិថៃ បានប្រាប់ថា អ្នកគ្រប់គ្រងមិននៅ ហើយបន្ទាប់មក បានទាញទ្វារបិទ ។
គ្រួសារកម្មករខ្មែររងគ្រោះ បានឲ្យដឹងថា គាត់បានដាក់ពាក្យប្តឹងទៅមន្ត្រីប៉ូលិសឃុំស្រែណូយ ឲ្យជួយដោះស្រាយ តែប៉ូលិសខ្មែរមិនបានចាត់វិធានការតាមផ្លូវច្បាប់ទេ ។
ប្រធានប៉ុស្តិ៍នគរបាល ឃុំស្រែណូយ លោក ម៉ន ម៉ិច បានមានប្រសាសន៍ថា បញ្ហានោះ ប៉ូលិសមានបំណងនឹងចាត់ការ ប៉ុន្តែគ្រួសាររងគ្រោះបានទៅដោះស្រាយបញ្ចប់បញ្ហាជាមួយថៃទៅហើយ ។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តសៀមរាប លោក សួស ណារិន ដែលបានព្យាយាមទៅជួបអ្នកគ្រប់គ្រងក្រុមហ៊ុននោះ បានមានប្រសាសន៍ថា គេបានរកឃើញក្រុមហ៊ុននោះ បានប្រើប្រាស់ពលកម្មកុមារមិនគ្រប់អាយុ ហើយការយកស្បែកជើងវាយក្បាលនោះ គឺខុសច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា និងជាការមើលងាយដល់ប្រជាពលរដ្ឋខ្មែរផង ៖ «យកស្បែកជើងវ៉ៃក្បាលក្មេងហ្នឹង វាជាអំពើខុសទៅនឹងច្បាប់ព្រហ្មទណ្ឌហើយៗ ជាការមើលងាយ មើលថោកមកលើប្រជាពលរដ្ឋខ្មែរ ។ យើងបានព្យាយាមទៅជួបតំណាងក្រុមហ៊ុនថៃ ដែលធ្វើផ្លូវ ៦៧ហ្នឹងដែរ ប៉ុន្តែអត្តចរិតរបស់អ្នកដឹកនាំក្រុមហ៊ុនហ្នឹងមិនសមរម្យទេ ដោយមិនឲ្យយើងចូលហើយទាញទ្វារបិទទៀត» ។
បើតាមកម្មករនិងក្រុមទាហានខ្មែរ ដែលកំពុងធ្វើការនៅទីស្នាក់ការក្រុមហ៊ុនថៃ ក្នុងឃុំស្រែណូយ បានឲ្យដឹងថា ជនជាតិថៃ ឈ្មោះ ឆាង អួន ធ្លាប់បានប្រើដំបងដែកវាយក្បាលកម្មករខ្មែរពីរនាក់ ឈ្មោះ ផាន់ណា និងឈ្មោះ វឿន ម្តងរួចមកហើយដោយគ្មានសមត្ថកិច្ចខ្មែរណាមួយចេញមុខចាត់វិធានការតាមផ្លូវច្បាប់ទេ ៕
អ.ស.ប.អំពាវនាវឲ្យអាជ្ញាធររតនគិរីបញ្ឈប់ការយាយីដល់សកម្មជនសិទ្ធិមនុស្សនិងអ្នកសារព័ត៌មាន
ក្រុមសិទ្ធិមនុស្សស្នើឲ្យស៊ើបអង្កេតអំពើមិនត្រឹមត្រូវនៃអនុប្រធានតុលាការរតនគិរី
អ្នកភូមិនៅរតនគិរីនាំគ្នាផ្ដិតមេដៃស្នើសុំការវិលត្រឡប់នៃសកម្មជនសិទ្ធិមនុស្ស
សាលាឧទ្ធរណ៍បង្គាប់ឲ្យមានការស៊ើបអង្កេតបន្ថែមជុំវិញករណី ប៊ន សំណាង និងសុខ សំអឿន
អ្នកភូមិនៅរតនគិរីអះអាងថាមេភូមិមេឃុំបង្ខំពួកគេឲ្យទម្លាក់កំហុសលើអាដហុក
សមាគមអាដហុកសោកស្ដាយចំពោះការរំខានដល់ការងាររបស់ប៉ែន ប៊ុណ្ណារិ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភអំពីករណីផ្លាស់មន្ត្រីអាដហុកចេញពីរតនគិរី
មេធាវីទាមទារឲ្យលើកលែងការចោទប្រកាន់ចំពោះប៊ន សំណាង និងសុខ សំអឿន
អាដហុកផ្លាស់មន្ត្រីចេញពីរតនគិរីដើម្បីបញ្ចប់រឿងក្ដីតុលាការ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.