ពាណិជ្ជករ​ថៃ​ធំៗ​បារម្ភ​ពី​បញ្ហា​ទំនាស់​រវាង​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ

ក្នុង​ពេល​ដែល​បណ្តាញ​ព័ត៌មាន​ថៃ​និង​កម្ពុជា​បន្ត​លើក​ឡើង​នូវ​បញ្ហា​ទំនាស់​រវាង​ប្រទេស​ទាំង​ពីរ​នោះ ពួក​ពាណិជ្ជករ​ធំៗ​របស់​ថៃ​ចាប់ផ្តើម​ខ្លាច​ក្រែង​ការ​រកស៊ី​របស់​ខ្លួន​នឹង​ជួប​ប្រទះ​ការ​ថយ​ចុះ។

កាសែត​បាងកក​ប៉ុស្តិ៍​រាយការណ៍​ពី​ថ្ងៃ​សៅរ៍ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ថា អ្នក​លេង​ល្បែង​ជា​ច្រើន​កំពុង​តែ​នៅ​ឆ្ងាយ​ពី​បន​ល្បែង កាស៊ីណូ នៅ​កោះកុង និង​នៅ​ប៉ោយប៉ែត ក្នុង​ស្រុក​ខ្មែរ ខណៈ​ដែល​ចំនួន​អ្នក​ទេសចរណ៍​កាន់​តែ​ថយ​ចុះ​នោះ។

ព័ត៌មាន​បន្ត​ថា យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ កសិកន គឺ​ការ​តានតឹង​កាន់​តែ​កើន​ឡើង​អាច​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ពាណិជ្ជកម្ម និង​ដល់​ប្រជាជន​ដែល​រស់​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ព័ត៌មាន​បន្ត​ទៀត​ថា ទំនាស់​រវាង​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​ថ្មីៗ​នេះ​បាន​ឈាន​ដល់​កម្រិត​គួរ​ឲ្យ​បារម្ភ ពេល​ដែល​ប្រទេស​ទាំង​ពីរ​កោះហៅ​ឯកអគ្គរាជទូត​រៀងៗ​ខ្លួន​ត្រឡប់​ចូល​ប្រទេស​វិញ។ ការ​កោះ​ហៅ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​តែងតាំង​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​កំពុង​គេច​ខ្លួន គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ ហើយ​កម្ពុជា​បដិសេធ​មិន​ធ្វើ​បត្យាប័ន​បញ្ជូន​លោក ថាក់ស៊ីន ទៅ​ឲ្យ​ថៃ​ទេ​នោះ។

មក​ទល់​ថ្ងៃ​នេះ ច្រក​ព្រំដែន​នៅតែ​បើក​ចំហ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ ហើយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ប្រមាណ​៨០%​នៅ​បន្ត​ដំណើរការ​ជា​ធម្មតា។

មជ្ឈមណ្ឌល​ស្រាវជ្រាវ កសិកន បន្ត​ថា ប្រសិន​បើ​ទំនាស់​នឹង​ត្រូវ​បាន​ដោះស្រាយ​ឆាប់​ដោយ​សន្តិវិធី​នោះ ពាណិជ្ជកម្ម​នឹង​ដំណើរការ​ដោយ​មិន​រអាក់​រអួល​ឡើយ។

ទន្ទឹម​នឹង​ការ​បារម្ភ​ខាង​លើ សេចក្តី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា ពាណិជ្ជករ​ថៃ​ដែល​រកស៊ី​នៅ​ស្រុក​ខ្មែរ​ពុំ​មាន​ការ​ចាប់​អារម្មណ៍​រឿង​ល្អក់​កករ​ផ្នែក​នយោបាយ​រវាង​ក្រុង​បាងកក​និង​ក្រុង​ភ្នំពេញ​ថ្មីៗ​នោះ​ឡើយ។

អ្នក​រកស៊ី​ជនជាតិ​ថៃ​ជា​ច្រើន​បាន​និយាយ​ថា រឿង​នយោបាយ​គឺ​ជា​រឿង​នយោបាយ បញ្ហា​រកស៊ី​គឺ​ជា​ការ​រកស៊ី គឺ​មិន​អាច​ឡូកឡំ​គ្នា​បាន​ឡើយ។

គួរ​រំឭក​ថា ក្នុង​ឆ្នាំ​កន្លង​ទៅ​ទំនិញ​ថៃ​ចូល​កម្ពុជា​មាន​តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ ចំណែក​ទំនិញ​កម្ពុជា​នាំ​ចូល​លក់​ក្នុង​ស្រុក​ថៃ​វិញ​មាន​ជាង​៩០​លាន​ដុល្លារ​អាមេរិក៕