ពាណិជ្ជករ​ថៃ​រិះ​គន់​ថា មន្ត្រី​គយ​ខ្មែរ​នៅ​ច្រក​ប៉ោយប៉ែត​បង្ក​ការលំបាក

ក្រុម​ពាណិជ្ជករ​ថៃ​រិះគន់​មន្ត្រី​គយ​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថា បាន​បង្ក​ភាព​ស្មុគស្មាញ​ក្នុង​ការ​យក​ពន្ធ​លើ​មុខ​ទំនិញ​ជា​សម្ភារៈ​ប្រើប្រាស់​ដែល​ពួកគេ​បាន​នាំចូល​ដាក់​តាំង​ក្នុង​ពិធី​តាំង​ពិព័រណ៍​មួយ​ក្នុង​ខែត្រ​សៀមរាប កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

0:00 / 0:00

លោកស្រី ស៊ីចាន់ ភិនប៊ុនទៀង តំណាង​ពាណិជ្ជករ​ថៃ​២៤​នាក់ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​វិច្ឆិកា​ថា ទំនិញ​ចំនួន​៣៨​ប្រភេទ​គឺ​ជា​សម្ភារៈ​ប្រើប្រាស់​ត្រូវ​បាន​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហាម​ឃាត់​ដោយ​សំអាង​ថា ទំនិញ​ទាំង​នោះ​មិន​ស្រប​តាម​នីតិ​វីធី​នៃ​ការ​យក​ពន្ធ ៖ «៣៨​មុខ ២៤​នាក់ ម្នាក់​បន្តិចៗ ទៅ​ដល់​ចូល​បង់​តែ​ម្ដង​ទៅ ម៉េច​ចាំបាច់​រត់​ការ​មុន? គេ​ថា អីវ៉ាន់​របស់​ខ្ញុំ​ខុស​ច្បាប់ អត់​មាន​អត្រា​បង់​ពន្ធ គេ​មិន​ចេះ​បង់​ពន្ធ​ទេ»

លោក​ស្រី​បាន​បន្ត​ថា គយ​ខ្មែរ​បាន​បដិសេធ​មិន​ព្រម​យក​ពន្ធ​តាម​មុខ​ផលិតផល​នីមួយៗ​របស់​ពាណិជ្ជករ​ថៃ​ទាំង​២៤​នាក់​ទេ ប៉ុន្តែ​បាន​បង្ខំ​ឲ្យ​លោកស្រី​បង់​ប្រាក់ ៣៥​ម៉ឺន​បាត​តម្កល់ ហើយ​ជំរុញ​ឲ្យ​មាន​ការ​បញ្ជាក់​មុខ​ទំនិញ​ពី​ទីចាត់ការ​គយ​នៅ​ក្រុង​ភ្នំពេញ។

លោកស្រី ស៊ីចាន់ ភិនប៊ុនទៀង បាន​បញ្ជាក់​ថា គយ​ខ្មែរ​ម្នាក់​បាន​ប្រាប់​ថា រាល់​ផលិតផល​ទាំង​៣៨​មុខ ដែល​លោកស្រី​បាន​នាំចូល​កន្លង​ទៅ​នោះ គេ​អាច​យក​ពន្ធ​បាន ប៉ុន្តែ​មន្រ្តី​គយ​ខ្មែរ​នៅ​ទីនោះ​មិន​អនុវត្ត ៖ «គាត់​មក​សុំ​មើល​ដឺម៉ង់​ខ្ញុំ មើល​រួច​គាត់​ក៏​ថា ភ្នាក់ងារ​គយ​ហ្នឹង​ធ្វើការ​ខុស​ទាំង​អស់ ការ​ពិត​ទំនិញ​ហ្នឹង​អាច​បង់​ពន្ធ​បាន ប៉ុន្តែ​មិន​ព្រម​បង់​ពន្ធ​ឲ្យ​ខ្ញុំ ដើម្បី​គាប​សង្កត់​ខ្ញុំ​ស៊ី​លុយ​ក្រៅ»

លោក ភូនសាវ៉ាត់ លេខា​របស់​លោកស្រី ជារ៉ាណាន់ បូមង្គល អគ្គ​ទីប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា បញ្ហា​នេះ​គឺ​ក្រុម​ពាណិជ្ជករ​ថៃ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​នំា​ទំនិញ​ចូល​កម្ពុជា ៖ «យើង​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ទៅ​ឲ្យ​ខាង​ពាណិជ្ជកម្ម​ថៃ​ហើយ ដើម្បី​ឲ្យ​សម្រប​សម្រួល​ជាមួយ​គយ​នៅ​ប៉ោយប៉ែត»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​គយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ថ្លែង​ថា ពួក​គេ​បាន​អនុវត្ត​តាម​ច្បាប់ ហើយ​ថា សាខា​គយ​នៅ​ប៉ោយប៉ែត អាច​យក​ពន្ធ​នាំចូល​លើ​មុខ​ទំនិញ​ត្រឹម​តែ ៣០០​ដុល្លារ ហើយ​បើ​លើស​ពី​ចំនួន​នេះ​ត្រូវ​ឆ្លង​កាត់​ទីចាត់ការ​គយ​នៅ​ទីក្រុង​ភ្នំពេញ​ជា​មុន​សិន ៖ «អាហ្នឹង បើ​សិន​គាត់​រត់ការ​ពី​ទីចាត់ការ​មក គាត់​យក​ឯកសារ​មក​ខាង​ខ្ញុំ​ហ្នឹង ខាង​ខ្ញុំ​អនុវត្ត​តាម​ការ​សម្រេច​របស់​ទីចាត់ការ។ បង់​ពន្ធ​តាម​ធម្មតា អត់​មាន​ធ្វើ​អី​គាត់​ផង»

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆកា​កន្លង​ទៅ​នេះ ពាណិជ្ជករ​ថៃ​ចំនួន​២៤​នាក់ មក​ពី​ខែត្រ​ក្រុង​៤ គឺ​ខែត្រ​ត្រាត ចាន់បូរី ស្រះកែវ និង​ក្រុង​ឈាងម៉ៃ បាន​នាំ​ផលិតផល​ចំនួន ៣៨​ប្រភេទ​របស់​ថៃ ចូល​ដាក់​តាំង​លក់​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​មួយ​នៅ​ក្រុង​សៀមរាប៕