ថាក់ស៊ីន​ត្រូវ​ស្នើ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស UAE?

កាសែត​បាងកក​ប៉ុស្ដិ៍​របស់​ថៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ថា អតីត​នាយករដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែល​បាន​តាំង​ទី​លំនៅ​ជា​និរទេស​ជន នៅ​ប្រទេស​អារ៉ាប់​រួម​អេមីរ៉េត (UAE) នោះ ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​នេះ​ស្នើ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​នេះ​ហើយ។

កាសែត​បាងកក​ប៉ុស្ដិ៍​បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ ផានិច វិគីសិត ដែល​បាន​និយាយ​ថា អតីត​នាយករដ្ឋមន្រ្តី​ថៃ​រូប​នេះ​ត្រូវ​បាន​ប្រទេស​អារ៉ាប់​រួម​អេមីរ៉េត ស្នើ​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​នេះ ដោយ​ថា លោក ថាក់ស៊ីន បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ថា មិន​យក​ប្រទេស​នេះ​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ។

ទន្ទឹម​គ្នា​នេះ​ដែរ មាន​សេចក្ដី​រាយ​ការណ៍​មួយ​ចំនួន​សរសេរ​ថា លោក ថាក់ស៊ីន បាន​ចេញ​ពី​ប្រទេស​អារ៉ាប់​រួម​អេមីរ៉េត​ហើយ ហើយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​សៀមរាប នៃ​ប្រទេស​កម្ពុជា។

លោក កុយ គួង មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មិន​បាន​បដិសេធ​ដំណឹង​នេះ​ទេ ក៏​ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា ខ្លួន​លោក​ផ្ទាល់ លោក​មិន​បាន​ទទួល​ដំណឹង​នេះ​សោះ។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ ៖ «មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ផង អត់​ទាន់​បាន​ទទួល​ព័ត៌​មាន​ថា គាត់​មក​ខេត្ត​សៀមរាប​ផង។ និយាយ​ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ គឺ​ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ទេ»

ចំណែក​លោក ថាក់ស៊ីន ខ្លួន​ឯង​ផ្ទាល់​ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្ដិ៍ ដក​ស្រង់​សម្ដី​ថា ដំណឹង​ថា មាន​ការ​បណ្ដេញ​លោក​ចេញ​ពី​ប្រទេស​អារ៉ាប់​រួម​អេមីរ៉េត និង​លោក​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា មិន​ពិត​ទេ។ លោក​បន្ត​ថា ពេល​នេះ​លោក​កំពុង​ស្នាក់​នៅ​ប្រទេស​អារ៉ាប់​រួម​អេមីរ៉េត​នៅ​ឡើយ តែ​លោក​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់៕