ថៃ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន

មន្ត្រី​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា ភាគី​ថៃ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ការពារ​សន្តិសុខ ខណៈ​ដែល​ព្រះរាជ​បុត្រី​ទី​៤ របស់​ស្ដេច​ថៃ បាន​យាង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ថៃ និង​សម្ពោធ​សាលា​រៀន​នៅ​ស្រុក​គោកធ្យួង ក្នុង​ខេត្ត​ស្រះកែវ នៅ​ថ្ងៃ​១៧ សីហា ឆ្នាំ​២០១០​នេះ។

លោក ឈូក អាង មេ​បញ្ជាការ​នៃ​វរសេនា​តូច​ការពារ​ព្រំដែន​លេខ​៩១១ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​ថៃ ដាក់​ពង្រាយ​កង​ទាហាន​ឈុត​ខ្មៅ និង​កងទ័ព​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ា​ជា​ច្រើន​រយ​នាក់ និង​មាន​យន្តហោះ​ប្រចាំការ ៤​គ្រឿង​នោះ គឺ​ដើម្បី​ការពារ​សន្តិសុខ ខណៈ​ដែល​កូន​ស្ដេច​ថៃ មួយ​អង្គ​ចុះ​ទៅ​កាន់​តំបន់​នោះ។

លោក ឈូក អាង មាន​ប្រសាសន៍​ដូច្នេះ ៖ «គេ​ការពារ​ស្ដេច​គេ​មក នៅ​ភូមិ​គោកធ្យូង ចម្ងាយ​៥​គីឡូ​ពី​ព្រំដែន។ ប្អូន សុរិនថន។ មិន​មាន​អី​ទេ គេ​មិន​ប៉ះពាល់​យើង​ទេ គេ​មាន​យន្តហោះ ៤​គ្រឿង ហោះ​ចុះ​ឡើងៗ ប៉ុន្តែ​គេ​មិន​ហោះ​ចូល​ដី​យើង​ទេ គេ​ប្រាប់​យើង គេ​ប្រាប់​ប៉ុស្តិ៍​របស់​យើង​ខាង​ជួរ​មុខ»

លោក​ឧត្ដមសេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ភាគី​ថៃ ដាក់​កង​កម្លាំង​ពង្រាយ​នៅ​តាម​ព្រំដែន​នោះ គឺ​គ្រាន់​តែ​ជា​ការ​ការពារ​សន្តិសុខ​របស់​បុត្រី​ទី​៤ មួយ​អង្គ របស់​ស្ដេច​ថៃ ព្រះនាម ជូឡាផន ឡា ឡៃ ឡាក់ តែប៉ុណ្ណោះ មិន​មាន​អ្វី​ប៉ះ​ពាល់​ដល់​បញ្ហា​សន្តិសុខ​នៅ​តាម​ព្រំដែន​ឡើយ។

លោក ហ៊ុន ហ៊ាន មាន​ប្រសាសន៍​ថា ៖ «គាត់​ចុះ​មក​សួរ​សុខ​ទុក្ខ​កូន​ចៅ​របស់​គាត់ អត់​មាន​អី​ផង ខាង​កង​កម្លាំង​គាត់​ក៏​បាន​ជូន​ដំណឹង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​ទៅ​ដល់​ព្រំដែន​ដែរ មាន​យន្តហោះ​អី​ចុះ​មែន»

ប្រភព​ពី​អាជ្ញាធរ​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ដាក់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ភាគី​ថៃ នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន ក្នុង​ខេត្ត​ស្រះកែវ ជាប់​ខេត្ត​បន្ទាយមានជ័យ​នេះ អាច​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣០ និង​៣១ ខែ​សីហា ឆ្នាំ​២០១០ ខាង​មុខ​នេះ​ទៀត ព្រោះ​ថា ការ​ទទួល​ដំណឹង​ពី​ភាគី​ថៃ ដែល​បាន​ផ្ដល់​ឲ្យ​អាជ្ញាធរ​ខ្មែរ គឺ​ម្ចាស់​ក្សត្រិយ៍ សុរិន ថន មួយ​អង្គ​ផ្សេង​ទៀត នឹង​យាង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ថៃ នៅ​តំបន់​នោះ​ថែម​ទៀត៕