មន្ត្រីមជ្ឈមណ្ឌលសំចតប៉ោយប៉ែតបានថ្លែងថា ចំនួនពលករខ្មែរដែលឆ្លងដែនចូលទៅរកការងារធ្វើក្នុងប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួនកើនឡើង នៅខែវិច្ឆិកា ឆ្នាំ២០០៩នេះ ខណៈដែលប្រទេសទាំងពីរកម្ពុជា-ថៃ កំពុងមានវិបត្តិការទូតមិនទាន់មានការដោះស្រាយ។
លោកស្រី ឈា ម៉ានិត ប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត បានមានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកាថា គិតពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៩នេះ ចំនួនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចូលទៅរកការងារធ្វើ ហើយត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកវិញមានចំនួនកើនឡើង១.៧២០នាក់ ៖ «ខែមុន(តុលា) ៦.៦៧៥នាក់ ខែ១១នេះ ៨.៣៩៥នាក់»។
លោកស្រីអះអាងថា មូលហេតុនៃចំនួនពលករខ្មែរ ដែលថៃចាប់បញ្ជូនមកកម្ពុជាវិញមានការកើនឡើងនេះ គឺដោយសារវិបត្តិនយោបាយក្នុងប្រទេសថៃ ៖ «អ៊ីចឹងភាគច្រើនមកពីស្ថានភាពអ៊ីចឹងទេ គេត្រូវបោសសម្អាតបញ្ជូនមកវិញហើយ»។
ស្ថិតិមជ្ឈមណ្ឌលសំចតប៉ោយប៉ែតបានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆមាសទី១នៃដើមឆ្នាំ២០០៩ មានពលករខ្មែរសរុប៥៥.០៥៤នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយក្នុងនោះ បុរសមាន៣៤.៣២២នាក់ ស្ត្រីមាន១៧.៧៩៨នាក់ កុមារា១.៥៩៦នាក់ និងកុមារីមានចំនួន១.៣៤៣នាក់។
លោក ហុង ប្រកប អនុប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនទាន់មានផែនការជួយដល់ពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញទេ។
លោក ហែម ប៊ុននី ប្រធាននាយកដ្ឋានមុខរបរនៃក្រសួងការងារ បានមានប្រសាសន៍ថា ប្រទេសថៃនិងកម្ពុជា បានបង្កើត MOU មួយ កាលពីអំឡុងឆ្នាំ២០០៨ នៅខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ពលករខ្មែរដែលឆ្លងដែនរកការងារធ្វើ ក៏ប៉ុន្តែដោយសារវិបត្តិនយោបាយក្នុងប្រទេសថៃ បានធ្វើឲ្យអនុស្សរណៈយោគយល់គ្នានេះរាំងស្ទះ។
លោក ហែម ប៊ុននី មានប្រសាសន៍ដូច្នេះ ៖ «ខាងយើងបានបង្កើតហើយក្រុមការងារហ្នឹង ខាងគេហ្នុង(ថៃ) បង្កើត រៀបចំប្រជុំគ្នា ខាងហ្នុងដូរម្ដងទៀត»។
លោក ស៊ុម ចាន់គា មន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា រដ្ឋាភិបាលខ្មែរត្រូវតែជួយពលរដ្ឋរបស់ខ្លួន និងបង្កើតមុខរបរណាមួយឲ្យពួកគេអាចធ្វើការរកកំរៃចិញ្ចឹមជីវិតបាននៅក្នុងស្រុកខ្មែរ។
ភាពប្រេះស្រាំផ្នែកការទូតរវាងកម្ពុជានិងថៃ បានកើតឡើងក្រោយពីកម្ពុជា បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ជាទីប្រឹក្សាសេដ្ឋកិច្ចរដ្ឋាភិបាលកម្ពុជានិងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយពីហេតុការណ៍នេះគេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលក្រីក្រស្វែងរកការងារធ្វើនៅស្រុកគេត្រូវបានថៃចាប់បញ្ជូនមកវិញជាបន្តបន្ទាប់ ដូចជានៅច្រករបៀងនានាក្នុងបន្ទាយមានជ័យ និងខេត្តបាត់ដំបង៕
