ឧប​នាយក​រដ្ឋមន្ត្រី​ថៃ​នឹង​មក​ចូលរួម​ពិធី​សម្ពោធ​ផ្លូវ​នៅ​កម្ពុជា

មន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក ស៊ុធេប ធឿកស៊ុបាន់ នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ស្អែក​នេះ​ដើម្បី​ចូលរួម​ពិធី​សម្ពោធ​ផ្លូវ​មួយ​ដែល​ស្ថាបនា​ដោយ​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ថៃ។

លោក ស៊ុធេប ធឿកស៊ុបាន់ ធ្លាប់​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ​ជម្លោះ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រៅ​ពី​ការមក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​នោះ លោក​មិន​មាន​ព័ត៌មាន​ថា ឧប​នាយក​រដ្ឋមន្ត្រី​ថៃ​ នឹង​អាច​ជជែក​បញ្ហា​អ្វី​ខ្លះ​ទៀត​ទេ​ជាមួយ​នឹង​នាយក​រដ្ឋមន្រ្តី​ខ្មែរ​នោះ។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ៖ «តាម​កំណត់​លោក​នឹង​អញ្ជើញ​ចូលរួម​នៅ​វេលា​ថ្ងៃ​ស្អែក​គឺ​ថ្ងៃ​ទី​៤ ពិធី​សម្ពោធ​ផ្លូវ​លេខ​៦៧ ជាមួយ​សម្ដេច​តេជោ នាយក​រដ្ឋមន្ត្រី មាន​ន័យ​ថា កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ថៃ»

ផាន សូផាត ៖ ប៉ុន្តែ​ក្រៅ​ពី​ការសម្ពោធ​ហ្នឹង​អាច​មាន​គម្រោង​នឹង​ពិភាក្សា​អ្វី​ផ្សេង​ទៀត​ដែរ​ឬ​ទេ? កុយ គួង ៖ ជា​ផ្លូវការ​ដូច​អត់​មាន​ទេ។

យោង​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ថៃ ធីអិនអេ (TNA) បាន​ដក​ស្រង់​សម្ដី​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ថៃ លោក ស៊ុធេប ធឿកស៊ុបាន់ និយាយ​ថា ប្រទេស​ថៃ​និង​កម្ពុជា​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការកាត់​បន្ថយ​កងទ័ព​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​ហើយ។

លោក ស៊ុធេប ធឿកស៊ុបាន់ បាន​បញ្ជាក់​ថា ការអនុវត្ត​នេះ​បាន​ធ្វើ​ឡើង​តាម​ការព្រមព្រៀង​ក្នុង​កិច្ច​ពិភាក្ស​របស់​លោក​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​បង្កើន​បរិយាកាស​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​ការបង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការទាក់ទង​គ្នា​កាន់តែ​ល្អ​ឡើង​ទៀត៕