មន្ត្រី​ការទូត​ថៃ​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូល​ជួប​ជន​ជាប់​ចោទ​ពី​បទ​ចារកម្ម

នាយក​រដ្ឋមន្ត្រី​ថៃ​បាន​និយាយ​ថា មន្ត្រី​ខ្មែរ​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ការទូត​ថៃ​ចូល​ជួប​លើក​ដំបូង​នូវ​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម។

បុរស​ថៃ​ឈ្មោះ ស៊ីវ៉ារ៉ាក់ ចាក់ធីពង់ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​របស់​ក្រុម​ជំនាញ​ផ្លូវ​អាកាស​នៅ​កម្ពុជា បាន​ត្រូវ​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពី​បទ​ចោទ​ប្រកាន់​ថា ផ្តល់​ទៅ​ឲ្យ​ស្ថានទូត​ថៃ​នូវ​តារាង​កម្មវិធី​ហោះ​ហើរ​លម្អិត​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។

នៅ​មុខ​អ្នក​កាសែត​នា​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ស្វាគមន៍​ចំពោះ​សកម្មភាព​ខាង​លើ​នេះ​របស់​ខ្មែរ ក៏​ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​លោក​កំពុង​ត្រិះរិះ​លើ​វិធានការ​ត្រូវ​ប្រកាន់​យក​ខាង​មុខ​ទៀត គឺ​បន្ទាប់​ពី​មាន​ការ​កោះហៅ​ឯកអគ្គរាជទូត​ឲ្យ​ត្រឡប់​ចូល​រៀងៗ​ប្រទេស​ថៃ​និង​កម្ពុជា​វិញ​នោះ។

យោង​តាម​ប្រសាសន៍​របស់​លេខាធិការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​នៅ​បាងកក គឺ​ភារធារី រួម​នឹង​មន្ត្រី​ស្ថានទូត​ថៃ​៤​នាក់ បាន​ចូល​ជួប​សួរ​សុខទុក្ខ​បុរស​ថៃ​ឈ្មោះ ស៊ីវ៉ារ៉ាក់ ចាក់ធីពង់ កាល​ពី​ថ្ងៃ​អង្គារ៕