នៅក្នុងសន្និសីទកាសែតមួយនៅក្រសួងការបរទេសថៃនៅប៉ុន្មានម៉ោងមុននេះ លោក ណុបផាដុន បាតាម៉ា បានថ្លែងថា ការលាលែងតំណែងរបស់លោក គឺដោយសារលោកទ្រាំមិនបាននឹងសម្ពាធនៃការរិះគន់ពីប្រជាពលរដ្ឋនិងក្រុមអ្នកនយោបាយបក្សប្រឆាំងរបស់ថៃជុំវិញបរាជ័យក្នុងការរារាំងមិនឲ្យកម្ពុជា ដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កួ ។
លោក ណុបផាដុន ថ្លែងការពារខ្លួនលោកនិងក្រសួងការបរទេសថៃថា លោកពិតជាបានធ្វើរឿងត្រឹមត្រូវមួយសម្រាប់ជាតិខ្លួននិងប្រទេសជិតខាងជុំវិញបញ្ហាប្រាសាទព្រះវិហារ ៖ «បងប្អូនជនរួមជាតិថៃជាទីស្នេហា ខ្ញុំមិនបានក្បត់ប្រទេសជាតិរបស់ខ្ញុំទេ ខ្ញុំស្រឡាញ់ប្រទេសជាតិដូចអ្នករាល់គ្នាដែរ ហើយខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនបានបំផ្លិចបំផ្លាញប្រទេសជាតិសោះឡើយ ដោយសារតែប្រទេសនេះមានសារសំខាន់ជាងមុខតំណែងរបស់ខ្ញុំទៅទៀត ។ ខ្ញុំសុំបង្ហាញអំពីស្មារតីនិងការទទួលរបស់ខ្ញុំក្នុងការលាលែងពីមុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសដែលនឹងមានប្រសិទ្ធភាពពីថ្ងៃទី១៤ កក្កដា នេះតទៅ» ។
លោក ណុបផាដុន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានវិលត្រលប់ពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា ទីដែលប្រាសាទព្រះវិហារត្រូវបានសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមសំណើរបស់កម្ពុជា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នេះ ។
លោក ណុបផាដុន បានត្រូវចោមរោមដោយបាតុករប្រឆាំងនឹងការដាក់បញ្ចូលប្រាសាទព្រះវិហារជាមរតកពិភពលោកតាមសំណើរបស់កម្ពុជា ចំនួន២០០នាក់ កាលពីព្រឹកមិញនេះ ។
នៅស្របពេលនឹងការប្រកាសលាលែងពីមុខតំណែងរបស់រដ្ឋមន្ត្រីការបរទេសថៃនេះ គណបក្សអ្នកប្រជាធិបតេយ្យរបស់ថៃ បានដាក់ពាក្យបណ្តឹងទៅព្រឹទ្ធសភាថៃ ដោយចោទប្រកាន់លោក ណុបផាដុន ថា លោកបានប្រញាប់ប្រញាល់ពេកក្នុងការព្រមព្រៀងឲ្យកម្ពុជាដាក់បញ្ចូលប្រាសាទព្រះវិហារជាមរតកពិភពលោក ។
គណបក្សប្រឆាំងថៃចោទលោក ណុបផាដុន ទៀតថា ការប្រញាប់ព្រមព្រៀងជាមួយកម្ពុជានេះ គឺដោយសារតែមានការដោះដូរផលប្រយោជន៍អ្វីមួយជាមួយគ្នា ៕
