រដ្ឋាភិបាល​ថៃ​រៀបចំ​ឯកសារ​សុំ​ឲ្យ​កម្ពុជា​ធ្វើ​បត្យាប័ន​ក្នុង​ករណី​ថាក់ស៊ីន

រាជ​រដ្ឋាភិបាល​ថៃ​រៀបចំ​សំណុំ​បែប​បទ​រួច​ជាស្រេច​ដើម្បី​សុំ​ឲ្យ​កម្ពុជា​បញ្ជូន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ទៅ​ឲ្យ​ប្រទេស​ថៃ ខណៈ​ដែល​លោក​មក​​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។

ប្រភព​ព័ត៌មាន Straits Times នៃ​ប្រទេស​សិង្ហបុរី បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​៩ វិច្ឆិកា​ថា រាជ​រដ្ឋាភិបាល​ថៃ​បាន​រៀបចំ​សំណុំ​បែប​បទ​រួច​ជា​ស្រេច ដើម្បី​ស្នើ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​បត្យាប័ន​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ អតីត​នាយករដ្ឋមន្ត្រី​ថៃ ខណៈ​ដែល​លោក​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ប្រមាណ​ជា​៣០០​នាក់ នៅ​ក្រសួង​ហិរញ្ញវត្ថុ ក្នុង​តួនាទី​របស់​លោក​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​សេដ្ឋកិច្ច និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក៏​ប៉ុន្តែ​ការ​ស្នើ​សុំ​ធ្វើ​បត្យាប័ន​លោក ថាក់ស៊ីន នេះ បាន​ត្រូវ​រាជ​រដ្ឋាភិបាល​ខ្មែរ​បដិសេធ ហើយ​បាន​ប្រកាស​ជំហរ​សា​ជា​ថ្មី​ថា កម្ពុជា​នឹង​មិន​ចាប់​បញ្ជូន​លោក ថាក់ស៊ីន ប្រគល់​ឲ្យ​រាជ​រដ្ឋាភិបាល​ថៃ​ឡើយ។ ទង្វើ​នេះ​ថៃ​បាន​ចោទ​កម្ពុជា​ថា បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ធ្វើ​បត្យាប័ន​រវាង​ប្រទេស​ទាំង​ពីរ។

សូម​រំឭក​ជូន​ថា តុលាការ​ថៃ​បាន​កាត់ទោស​លោក ថាក់ស៊ីន កាល​ពី​ឆ្នាំ​២០០៨ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ពី​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

នៅ​ឆ្នាំ​២០០៦ លោក ថាក់ស៊ីន បាន​ត្រូវ​គេ​ផ្តួល​រំលំ​ពី​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ពី​ក្រុម​នាយ​ទាហាន​ធ្វើ​រដ្ឋ​ប្រហារ ខណៈ​ដែល​លោក​កំពុង​បំពេញ​បេសកកម្ម​នៅ​អង្គការ​សហប្រជាជាតិ៕