មន្ត្រី​ការ​បរទេស​ថៃ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ បាន​ទាមទារ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ដោយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ថៃ ចូល​បំពេញ​ការងារ​ត្រួត​ពិនិត្យ​ជើង​យន្តហោះ​ហោះ​ហើរ​ឡើង​វិញ។

ក្រសួង​ការ​បរទេស​ថៃ ទទូច​សុំ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ​ហោះ​ហើរ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (CATS) ឲ្យ​បុគ្គលិក​ខ្លួន​ជា​ជន​ជាតិ​ថៃ​ចំនួន​៩​នាក់ ចូល​បំពេញ​ការងារ​ជា​ធម្មតា​ឡើង​វិញ ក្នុង​ការ​ត្រួត​ពិនិត្យ​មើល​ការ​ខុស​ត្រូវ​លើ​ចរាចរណ៍​ហោះ​ហើរ​របស់​យន្តហោះ​គ្រប់​ប្រភេទ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​ផ្សាយ​ពី​ថ្ងៃ​១៩ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា លោក កាស៊ិត ភិរមយ៉ា (Kasit Piromya) រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​អនុវត្ត​នូវ​គោល​ការណ៍​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន Samart Corporation ហើយ​ទង្វើ​ណា​មួយ​ប្រឆាំង​នឹង​បុគ្គលិក​ក្រុមហ៊ុន​និង​ក្រុមហ៊ុន គឺ​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​វិនិយោគ​ទុន​បរទេស ដែល​បាន​ចុះ​កុងត្រា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ចំនួន​៣២​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០៣៣។

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​(១៩ វិច្ឆិការ)​នេះ កម្ពុជា​បាន​ហាម​មិន​ឲ្យ​បុគ្គលិក​សញ្ជាតិ​ថៃ ដែល​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្ត​ហោះ​ហោះ​ហើរ​ចូល​ធ្វើការ​ទេ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​ថៃ​មួយ​រូប ជា​បុគ្គលិក​ក្រុមហ៊ុន​នោះ និង​ក្រោយ​ពី​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​លួច​ព័ត៌មាន​សម្ងាត់ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ៕