មេបញ្ជាការកងពលអន្តរាគមន៍ លេខ១២ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហាថា កងទ័ពឈុតខ្មៅថៃ ជាង ៣៣០នាក់ បានដកចេញពីទីវត្តខ្មែរ ហើយកងទាហានខ្មែរ ប្រហាក់ប្រហែលគ្នានេះ ក៏បានដកចេញដែរ ដោយនៅក្នុងទីវត្តខ្មែរពេលនេះ មានទាហានថៃតែ ១០នាក់ប៉ុណ្ណោះ ឯនៅខ្សែត្រៀមជួរមុខ វត្តមានកងទ័ពទាំងសងខាង នៅមាននៅឡើយ។
លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍បន្ថែមថា ការចុះត្រួតពិនិត្យរួមគ្នារបស់មេបញ្ជាការយោធាខ្មែរ-ថៃ គឺដើម្បីតាមមើលស្ថានភាពជាក់ស្ដែង ស្របទៅតាមភាគីទាំងសងខាងចង់បាន ៖ «...ថ្ងៃនេះ ថ្ងៃ១៧ (សីហា) បានន័យថា នៅដដែល ប៉ុន្តែទូទៅ ឃើញថា ស្ថានភាពយើងបានកម្លាំងច្រើន នៅក្នុងវត្ត បានន័យថា កម្លាំងថៃវាជាង ៣០០ ឯយើងរហូតប្រហាក់ប្រហែល ៣០០ជាងដែរដូចគ្នា។ ពិនិត្យទាំងពីការរៀបចំ ការកែសម្រួល តើវាសមស្របហើយ ឬនៅ? តើមានបញ្ហាអ្វី ដែលយើងត្រូវកែសម្រួលបន្ត»។
ចំណែកមេបញ្ជាការកងទាហាន ស៊ុរៈនារី របស់ថៃ លោកឧត្ដមសេនីយ៍ត្រី កាណុប នេត្រៈ ថៈវ៉េសានៈ បានយល់ស្របចំពោះការដកថយរបស់កងទាហានទាំងសងខាងចេញពីទីវត្តខ្មែរនោះ ក៏ប៉ុន្តែ លោកបានស្នើសុំឲ្យកងទាហានខ្មែរ បោះជំរំនៅឲ្យឆ្ងាយពីកងទាហានថៃ ដែលនៅសេសសល់លើទឹកដីខ្មែរនៅឡើយ។
មេបញ្ជាការយោធាឈុតប៉ារ៉ានិងឈុតខ្មៅរបស់ថៃ ចំនួនប្រមាណ ១០នាក់ ត្រូវបានមេបញ្ជាការទាហានខ្មែរអនុញ្ញាតឲ្យដើរចូលមើលថតរូបប្រាសាទព្រះវិហារជាលើកដំបូង កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីកងទាហានខ្មែរបានបិទច្រកព្រំដែន យ៉ាងតឹងតែង មិនឲ្យភ្ញៀវពីប្រទេសថៃចូលទស្សនា ដោយសារទាហានថៃបានចូលលុកលុយលើទឹកដីខ្មែរ និងព្រំដែនតំបន់នោះជាងមួយខែមកហើយ។
ទោះយ៉ាងណា ស្របពេលដែលកងទាហានថៃច្រើនរយនាក់ បានសុខចិត្តដកចេញ ក៏ប៉ុន្តែ នាយទាហានខ្មែរ ដែលកំពុងប្រឈមមុខជាមួយនឹងទាហានថៃ នៅខ្សែត្រៀមជួរមុខ បាននិយាយថា គេនៅតែត្រៀមលក្ខណៈប្រយុទ្ធនិងប្រុងប្រយ័ត្នជានិច្ច រហូតដល់កងទាហានថៃដកចេញពីទឹកដីខ្មែរទាំងអស់ ៖ «ឲ្យបងប្អូនប្រុងប្រយ័ត្នស្មារតីខ្លាំងឡើង។ ថៃគឺវាមានល្បិចកលអ្វីមួយ ព្រោះយើងធ្លាប់ដឹងហើយ ចរិតរបស់ពួកទាហានថៃហ្នឹង ដូចនៅប្រាសាទតាមាន់ យើងឃើញជាគំរូស្រាប់ហើយ»។
តាមមេបញ្ជាការយោធាថៃ ឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យថា កងទាហានឈុតខ្មៅនិងប៉ារ៉ាជាច្រើនរយនាក់របស់ថៃ ដែលកំពុងនៅលើទឹកដីខ្មែរនៅឡើយ នឹងដកចេញឲ្យអស់ ជាលើកទី២ បន្ទាប់ពីកិច្ចចរចារវាងមន្រ្តីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលគ្រោងនឹងជួបជជែកនៅថ្ងៃទី១៨ ខែសីហា នេះ៕
