សំ បូរិន្ទ ៖ ភាពតឹងតែងនៅតំបន់ព្រះវិហារ ដោយការឈ្លានពាននៃទាហានថៃមកលើអធិបតេយ្យនៃប្រទេសកម្ពុជា បានឈានចូលថ្ងៃទី១៣ នៅថ្ងៃនេះ ហើយវិទ្យុអាស៊ីសេរី បានបញ្ជូនអ្នកយកព័ត៌មានទៅប្រចាំការ ទាំងខាងក្នុងប្រទេសថៃ និងពីខាងក្នុងប្រទេសកម្ពុជា ។ នៅក្នុងឱកាសនេះ ខ្ញុំបានអញ្ជើញលោក សាវយុត ដើម្បីជម្រាបអំពីស្ថានភាពចុងក្រោយនៅតំបន់ព្រះវិហារនោះ តើយ៉ាងម៉េចហើយ?
សាវយុត ៖ បាទ សូមជម្រាបថា ស្ថានភាពកងទ័ពកម្ពុជា ហើយនិងថៃនោះ គឺនៅមានសភាពតានតឹងដដែល មិនមានអ្វីផ្លាស់ប្ដូរទេ ដោយឡែកគ្រាន់តែកងទ័ពថៃមិនបានបញ្ជូនគ្នា មកបន្ថែមទៀតតែប៉ុណ្ណោះ ប៉ុន្តែចំពោះវត្តមានកងទ័ពដែលនៅមានវត្តមាននៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ដែលជាទឹកដីខ្មែរនោះ នៅមានវត្តមានប្រមាណជាង ៦០០នាក់នៅឡើយ ហើយរីឯកងទ័ពប៉ារ៉ាថៃ ដែលចូលនៅក្នុងខ្សែត្រៀមទី១ តទល់គ្នាជាមួយនឹងកងទាហានខ្មែរហ្នឹង គឺមានចំនួនប្រមាណជា ៧០០នាក់នៅឡើយទេ គឺចំនួននេះ នៅស្ថិតក្នុងភាពតានតឹង ហើយនៅតែប្រឈមមុខគ្នានៅឡើយ ។
សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំបានទទួលរូបថតជាច្រើន ហើយរូបភាពទាំងនោះ មានរួមទាំងរូបភាព ដូចជាជនជាតិអឺរ៉ុប ឬក៏មានជនជាតិអាស៊ី ដូចជាខាងវៀតណាម ឬលាវផងដែរ តើរូបទាំងអស់ហ្នឹង បង្ហាញយ៉ាងម៉េច?
សាវយុត ៖ សូមជម្រាបថា នៅឯបន្ទាត់ព្រំដែន ខេត្តព្រះវិហារខ្មែរថៃហ្នឹង គឺមន្រ្តីយោធាថៃ បានអញ្ជើញមន្រ្តីអមស្ថានទូតបរទេស ចំនួន ១១ប្រទេស ចូលមកកាន់បន្ទាត់ព្រំដែន ខ្មែរ-ថៃ ប្រាកដដូចជាលោកមានប្រសាសន៍ថា មានដូចជាមន្រ្តីបរទេស គឺដូច្នោះមែន យើងបានជួបជាមួយនឹងមន្រ្តីអមស្ថានទូតយោធាអាល្លឺម៉ង់ ហើយគាត់បានបញ្ជាក់ថា គាត់បានមកកាន់ទីនេះ ដើម្បីត្រួតពិនិត្យមើល ការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ ដោយសារតែយោធាថៃ មានការទទូចសុំឲ្យពួកគាត់អញ្ជើញមកជាមួយនឹងមន្រ្តីយោធា អមស្ថានទូត ចំនួន ១០ប្រទេសផ្សេងទៀត ហើយក្នុងនោះ ខ្ញុំបានជួបជាមួយនឹងមន្រ្តីយោធាអមស្ថានទូតលាវ ស្ថានទូតវៀតណាម ស្ថានទូតកាណាដា ហើយនិងឥណ្ឌូណេស៊ី រួមជាមួយនឹងសិង្ហបុរី គឺខ្ញុំបានឃើញផ្ទាល់ភ្នែក ដោយសារតែពួកខ្ញុំបានរុកចូលពីព្រំដែនខ្មែរហ្នឹង ឆ្ពោះទៅកាន់បន្ទាត់ព្រំដែនថៃ ដោយមិនមានវត្តមានអ្នកសារព័ត៌មានខ្មែរ ឬកងទ័ពខ្មែរ ចូលទៅកាន់ទីនោះទេ ។
សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំបានស្ដាប់សេចក្ដីរាយការណ៍របស់លោកពីម្សិលមិញ ខ្ញុំគិតថាជាសេនានុព័ន្ធយោធាប្រចាំស្ថានទូតអាល្លឺម៉ង់ ។ តើទីកន្លែងនៃទស្សនកិច្ចរបស់ក្រុមសេនានុព័ន្ធយោធាទាំងអស់ហ្នឹង នៅម្ដុំណា? តើជាកន្លែងក្នុងទឹកដីខាងថៃ ឬក៏ក្នុងទឹកដីខាងកម្ពុជា?
សាវយុត ៖ កន្លែងដែលមន្រ្តីយោធាអមស្ថានទូតមកនេះ គឺត្រូវបានកំណត់តំបន់ប្រទាញប្រទង់គ្នានៅឡើយ ក៏ប៉ុន្តែយោងតាមផែនទីខ្មែរ ពីឆ្នាំ១៩៦២នោះគេបានអះអាងថា ជាទឹកដីខ្មែរ ក៏ប៉ុន្តែរហូតដល់ពេលនេះ ខាងទាហានថៃ បានអះអាងថា ជាទឹកដីរបស់ថៃទៅហើយ ហើយកងទ័ពខ្មែរនិងកងទ័ពថៃ បានចាត់ទុកតំបន់នេះ គឺជាតំបន់ស្រួច ហើយកងទ័ពខ្មែរ មិនមានវត្តមាននៅទីនោះទេ ។ ហើយតំបន់នេះ មានចម្ងាយប្រមាណ ១៥០ម៉ែត្រពីច្រកទ្វារចូលមកកាន់ប្រាសាទព្រះវិហារប៉ុណ្ណោះ ។
សំ បូរិន្ទ ៖ បើសិនជាខ្ញុំស្ដាប់មិនច្រឡំទេ យោងតាមសេចក្ដីសម្រេចនៃតុលាការក្រុងឡាអេ ឆ្នាំ១៩៦២ កន្លែងដែលពួកក្រុមសេនានុព័ន្ធយោធា ដែលខាងទាហានថៃ ដឹកនាំមកកាលពីម្សិលមិញនេះ ស្ថិតនៅក្នុងតំបន់ដែនដីខ្មែរ អ៊ីចឹងមែនទេ?
សាវយុត ៖ បាទ បើយោងតាមផែនទីឆ្នាំ១៩៦២ កន្លែងនេះគឺជាដែនដីខ្មែរ ក៏ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ វាមានចម្ងាយប្រមាណតែ ៥០ម៉ែត្រ ពីផ្លូវជាតិថៃ ដែលផ្លូវហ្នឹងចូលមកដល់តំបន់នោះទៅហើយ ។
សំ បូរិន្ទ ៖ សូមលោកអញ្ជើញពិពណ៌នាជាថ្មីឡើងវិញ អំពីអ្វីដែលលោកបានជួបផ្ទាល់ជាមួយក្រុមទាហានថៃ ទាំងជាមួយក្រុមទាហានខ្មែរ អំពីអារម្មណ៍របស់ពួកគេដែលត្រូវបញ្ជូនឲ្យទៅកាន់ទីនោះ?
សាវយុត ៖ កងទាហានខ្មែរជាច្រើនស្ថិតនៅក្នុងសភាពហេវហត់ ដោយសារតែស្បៀងអាហារមិនគ្រប់គ្រាន់ ហើយពេលខ្លះ គាត់ប្រឈមមុខទៅនឹងបញ្ហាជំងឺរាក ដោយសារតែចំណីអាហារ ឬក៏ទឹកមិនស្អាត ក៏ប៉ុន្តែ គាត់បានបង្ហាញថា ទោះយ៉ាងណាក៏ដោយ គាត់បានគិតរួចជាស្រេចថា គាត់នឹងលះបង់ជីវិត ដើម្បីការពារទឹកដីនេះ ឲ្យបានគង់វង្ស ហើយគាត់នឹងមិនខ្លាចសង្រ្គាមទេ នៅពេលណាដែលមានបទបញ្ជាថា ឲ្យបណ្ដេញជនបរទេស ចូលមកលុកលុយនៅក្នុងទឹកដីខ្មែរនោះ ។ តែដោយឡែក ក្រុមទាហានថៃ និយាយជាភាសាខ្មែរបានខ្លះ ហើយគាត់និយាយជាភាសាថៃនោះ គាត់បានប្រាប់ថា គាត់មិនចង់ធ្វើសង្រ្គាមជាមួយនឹងកងទាហានខ្មែរទេ ហើយគាត់ថា គាត់មកទីនេះ ដោយសារតែមេរបស់គាត់តម្រូវឲ្យមក ហើយបើសិនជាមានការឲ្យវិលត្រឡប់ទៅវិញឆាប់ៗ គាត់មានការត្រេកអរច្រើន ពីព្រោះគាត់ចង់ជួបប្រពន្ធនិងកូន ហើយទៅធ្វើស្រែចម្ការវិញ ។
សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំគិតថា ប្រហែលជាលោកអាចសាកសួរបានខ្លះ ចំពោះការចេះដឹងពីពេលមុនមក ។ តើពួកទាហានថៃទាំងនោះដឹងថា ជាទឹកដីកម្ពុជាទេ?
សាវយុត ៖ យើងសាកសួរកងទាហានខ្លះ ឆ្លើយដោយភ័យខ្លាច ដោយសារតែក្នុងចំណោមទាហាន ដែលបញ្ជូនមកហ្នឹង គឺមានប្រមាណជា ២០% ដែលអាចនិយាយភាសាខ្មែរបាន ខ្លះអាចនិយាយច្រើន ហើយទាហានថៃ ដែលចេះនិយាយភាសាខ្មែរនោះ គេតែងតែលបមើលទៅកងទាហានថៃ ដែលមិនចេះខ្មែរ ប៉ុន្តែគេបានប្រាប់ថា គេដឹងថាជាទឹកដីខ្មែរហើយ ហើយគេមិនចង់ប្ដូរជីវិតនៅលើទឹកដីខ្មែរទេ ។ គេបានប្រាប់ទាហានខ្មែរទៀតថា បើសិនជាមានការបញ្ជាឲ្យបាញ់អី គឺសូមឲ្យប្រាប់គេមុនផង ដើម្បីឲ្យគេគេចខ្លួនចេញពីតំបន់នេះ វិលត្រឡប់ទៅប្រទេសគេ ហើយបើមិនដូច្នោះទេ ក្នុងស្ថានភាពណាមួយតានតឹងនោះ គឺសូមទុកជីវិតគេ ដោយគេសុខចិត្តបកខោអាវទាហានថៃចេញ បោះកាំភ្លើងចោល គេសុខចិត្តរត់ចូលមកទឹកដីខ្មែរ ជាបណ្ដោះអាសន្នសិន ដើម្បីឲ្យរួចជីវិត ។
សំ បូរិន្ទ ៖ មានន័យថា អស់លោកទាំងអស់នោះ ក៏បានជ្រួតជ្រាបនូវប្រវត្តិដែលថាជាទឹកដីខ្មែរ ផងដែរ អ៊ីចឹងទេ? សាវយុត ៖ បាទ ។
សំ បូរិន្ទ ៖ ចំណុចមួយទៀត ដែលលោកទើបមានប្រសាសន៍អម្បាញ់មិញ ទាក់ទងនឹងភាពហេវហត់អស់កម្លាំងកាយ ។ មកទល់ពេលនេះ តើលោកបានកត់សម្គាល់ឃើញថា មានជំនួយផ្សេងៗ ពីសប្បុរសជនមកដល់កន្លែងហ្នឹងហើយ ឬនៅ?
សាវយុត ៖ បើតាមសង្កេតឃើញមានជំនួយជាហូរហែទៅដែរ ក៏ប៉ុន្តែ និយាយឲ្យចំទៅ គឺមានតែរបស់ក្រៀម ដូចជា មីកញ្ចប់ ហើយនិងត្រីខកំប៉ុង ។ ចំណុចមួយទៀត គឺយើងឃើញថា ចាប់ផ្ដើមដំបូង ដែលកងទាហានមក ខ្លះស្លៀកអាវទាហាន ខោស៊ីវិល អង្គុយឱបកាំភ្លើងនៅកណ្ដាលភ្លៀង អត់មានសំពត់ភ្លៀងអី ឥឡូវនេះ មន្រ្តីក្រសួងការពារជាតិ បានចែកសម្លៀកបំពាក់ថ្មី ឲ្យទាហានហើយ ហើយនិងសំពត់កៅស៊ូអីហ្នឹង ត្រូវបានសប្បុរសជន បានផ្ដល់ឲ្យដែរ គឺមិនឲ្យមានសភាពដូចពីមុនពិបាកមើលនឹងភ្នែកនោះទេ ៕
