លោករដ្ឋមន្រ្តីការបរទេស ហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីល្ងាចថ្ងៃអង្គារយ៉ាងដូច្នេះ ៖ «យើងដកពីវត្តកែវសិក្ខាគិរីស្វារៈទាំងអស់គ្នា។ យើងដកពីតំបន់ជុំវិញវត្តទាំងអស់គ្នា ប៉ុន្តែដោយឡែក នៅលើប្រាសាទព្រះវិហារ ក៏យើងដកដែរ យើងដកជាឯកតោភាគីកម្ពុជាយើង ដើម្បីបង្ហាញនូវសុច្ឆន្ទៈរបស់កម្ពុជាយើង។ ដោយសារការចរចារបស់យើង បានឈានទៅមុខ ជាពីរជំហានហើយ ហើយទៅមុខ វានឹងឈានទៅរកដំណោះស្រាយទាំងស្រុងទៀត ខ្ញុំយល់ថា ការដកពាក្យកម្ពុជា ពីក្រុមប្រឹក្សាសន្តិសុខ ជាបញ្ហាពេលវេលាដ៏ខ្លីខាងមុខនេះ»។
ការអះអាងនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីគណៈប្រតិភូនៃភាគីជម្លោះថៃនិងកម្ពុជា បានព្រមព្រៀងគ្នាលើ ៥ចំណុចសំខាន់ៗជុំវិញបញ្ហាជម្លោះព្រំដែននៃប្រទេសទាំងពីរ។
រដ្ឋមន្រ្តីការបរទេសនិងជាប្រធានក្រុមចរចាភាគីថៃ លោក តេជ ប៊ុនណាក បានថ្លែងថា ចំណុចទាំង៥ ដែលកម្ពុជានិងថៃ បានឯកភាពគ្នានោះ រួមមាន ៖ ទី១ នៅថ្ងៃទី២៩ សីហា ខាងមុខនេះ ក្រុមការងារព្រំដែនយោធាថៃនិងកម្ពុជា នឹងជួបជជែកគ្នាអំពីការដកកងទ័ពដែលនៅសេសសល់នៅតំបន់ជុំវិញបរិវេណប្រាសាទព្រះវិហារ។ ទី២ នៅដើមខែតុលា ឆ្នាំ២០០៨នេះ គណៈកម្មាធិការព្រំដែនចម្រុះថៃនិងកម្ពុជា នឹងជួបពិភាក្សាអំពីការស្រាវជ្រាវនិងការបោះបង្គោលព្រំដែន នៅតំបន់ព្រំដែនក្បែរព្រះវិហារគឺនៅតំបន់ភ្នំសិទ្ធិស៊ុំ ជាមួយនឹងអ្នកជំនាញការផ្នែកច្បាប់ទាំងខាងប្រទេសថៃនិងកម្ពុជា ហើយចំណុចទី៣ គឺរដ្ឋមន្រ្តីការបរទេសថៃនិងកម្ពុជា នឹងជួបគ្នាម្តងទៀត នៅក្រោយកិច្ចប្រជុំរបស់ក្រុមអ្នកច្បាប់និងគណៈកម្មាធិការព្រំដែនចម្រុះនោះ។
ចំណែកឯចំណុចទី៤ និងទី៥ ដែលភាគីទាំងពីរបានឯកភាពគ្នានោះ លោក តេជ ប៊ុនណាក បន្ថែមដូច្នេះ៖ «ទី៤ ភាគីទាំងពីរ បានសម្រេចថា នឹងស្នើទៅកាន់រាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីរៀបចំធ្វើកិច្ចព្រមព្រៀងបណ្ដោះអាសន្នដើម្បីប្រើប្រាស់ក្នុងរវាងកិច្ចដំណើរការនៃគណៈកម្មាធិការបោះបង្គោលព្រំដែនរួម នៅក្នុងបរិវេណភ្នំព្រះវិហារ ដែលមិនទាន់បានសម្រេច។ ទី៥ ភាគីទាំងពីរបានសម្រេចថា នឹងធ្វើការពិចារណានៅលើចំណុច ដែលទាក់ទិននឹងក្រុមប្រាសាទតាមាន់ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ»។
បើយោងតាមប្រសាសន៍របស់លោករដ្ឋមន្រ្តីការបរទេស ហោ ណាំហុង កម្ពុជានិងថៃបានព្រមព្រៀងគ្នាថា នឹងរក្សាទាហាននៅតំបន់ជម្លោះវត្តកែវសិក្ខាគិរីស្វារៈ ចំនួន ៣០នាក់ សម្រាប់ភាគីម្ខាងៗ គឺ ១០នាក់នៅលើវត្ត និង២០នាក់នៅខាងក្រៅវត្ត នៅក្រោយការជួបប្រជុំសម្រួលកម្លាំងយោធាទាំងពីរ នៅចុងខែសីហានេះ។
កម្ពុជាបានដាក់បណ្តឹងទៅអង្គការសហប្រជាជាតិជុំវិញការរំលោភអធិបតេយ្យរបស់កម្ពុជា នៅក្រោយការចូលលុកលុយដោយទាហានថៃក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ដែលជាវត្តរបស់ខ្មែរក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ២០០៨ កន្លងមកនេះ៕
