កិច្ចប្រជុំបន្ទាន់របស់មេដឹកនាំថៃនោះធ្វើឡើងនៅបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបដិសេធសំណើជាផ្លូវការរបស់រដ្ឋាភិបាលថៃដែលស្នើឲ្យកម្ពុជាចាប់ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្តីថៃ ដែលតុលាការថៃកំណត់ថាមានទោសត្រូវជាប់ពន្ធនាគារ២ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយនោះ ថៃស្នើឲ្យធ្វើបត្យាប័នបញ្ជូនទៅឲ្យថៃវិញក្នុងគ្រាដែលលោក ថាក់ស៊ីន កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះ។
កាសែតបាងកកប៉ុស្តិ៍ផ្សាយឲ្យដឹងបន្ថែមថា អ្នកសារព័ត៌មានពុំត្រូវបានឲ្យដឹងថា កិច្ចប្រជុំបន្ទាន់របស់មេដឹកនាំថៃនោះជជែកគ្នាអំពីបញ្ហាអ្វីទេ ប៉ុន្តែគេគ្រាន់តែបានដឹងថា ក្រៅពីលោកនាយករដ្ឋមន្រ្តីថៃនិងឧបនាយករដ្ឋមន្រ្តីថៃ គឺមានរដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងរដ្ឋមន្រ្តីក្រសួងថាមពល រួមទាំងរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីថៃក៏បានចូលរួមក្នុងកិច្ចប្រជុំបន្ទាន់នោះដែរ។
នាយករដ្ឋមន្ត្រីថៃ៖ កិច្ចសហប្រតិបត្តិការរវាងថៃនិងកម្ពុជាត្រូវតែសើរើ
នៅបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបដិសេធជាថ្មីមិនព្រមធ្វើបត្យាប័នបញ្ជូនលោក ថាក់ស៊ីន តាមសំណើរបស់រដ្ឋាភិបាលថៃ គឺនាយករដ្ឋមន្រ្តីថៃបានថ្លែងតបកាលពីថ្ងៃពុធ ទី១១ វិច្ឆិកា ថា កិច្ចសហប្រតិបត្តិការទាំងអស់រវាងថៃនិងកម្ពុជាត្រូវតែសើរើ។
តែទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលថៃថានឹងមិនប្រើអាវុធប្រឆាំងនឹងកម្ពុជាទេ ហើយថៃក៏មិនបិទព្រំដែនដែរ ប៉ុន្តែថៃនឹងបង្កើនការបង្អាក់ទឹកចិត្តមិនឲ្យពលរដ្ឋថៃចូលទៅលេងល្បែងនៅតាមកាស៊ីណូដែលឋិតនៅក្នុងដែនដីខ្មែរក្បែរព្រំដែនថៃ។
ពលរដ្ឋថៃ៤៥នាក់ឆ្លងដែនចូលដីខ្មែរដើម្បីជួបថាក់ស៊ីន
ទន្ទឹមពេលដែលរដ្ឋាភិបាលថៃចាត់វិធានការថ្មីៗទប់ទល់នឹងកម្ពុជាដែលកម្ពុជាអនុញ្ញាតឲ្យលោក ថាក់ស៊ីន មានវត្តមាននៅក្នុងទឹកដីខ្មែរនោះ គឺពលរដ្ឋថៃ៤៥នាក់ដែលជាមេដឹកនាំតំណាងឲ្យក្រុមពលរដ្ឋថៃដែលពាក់អាវក្រហមជាសញ្ញា បាននាំគ្នាឆ្លងដែនចូលដីខ្មែរដើម្បីនឹងទៅជួបលោក ថាក់ស៊ីន នៅខេត្តសៀមរាប។
កាសែត The Nation ផ្សាយឲ្យដឹងបន្ថែមថា ក្រុមតំណាងឲ្យពលរដ្ឋថៃទាំង៤៥នាក់នោះបានឆ្លងដែននៅច្រកព្រំដែនស៊ីសាកេតចូលកម្ពុជាតាំងពីម៉ោង១រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ ដើម្បីទៅជួបលោក ថាក់ស៊ីន ព្រោះនៅថ្ងៃព្រហស្បតិ៍នេះ លោក ថាក់ស៊ីន នឹងមានវត្តមាននៅក្នុងខេត្តសៀមរាបដែនដីនៃប្រទេសកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍រួមគ្នាផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា (ទទក) លោក ថាក់ស៊ីន ថ្លែងថា លោកចង់ជួយប្រជាពលរដ្ឋលោកណាស់ ប៉ុន្តែលោកគិតថា បើជួយអ្នកជិតខាងរបស់លោក គឺដូចជាជួយប្រជាពលរដ្ឋរបស់លោកពីចម្ងាយដូច្នោះដែរ៕
