លោក កុយ គួង មន្ត្រីនាំពាក្យនៃក្រសួងការបរទេសខ្មែរ បានគូសបញ្ជាក់នៅថ្ងៃពុធថា កម្ពុជាទើបទទួលបានសំណើជាថ្មីនៃកម្មវិធីទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃពីថ្ងៃទី១២-១៣ ខែមិថុនានោះ ហើយគេមិនទាន់មានកម្មវិធីលម្អិតនៅឡើយទេ ក៏ប៉ុន្តែលោកអាចបញ្ជាក់អំពីដំណើរទស្សនកិច្ចនោះថា ៖ «គឺសំខាន់ដើម្បីនឹងសំណេះសំណាលបង្ហាញខ្លួនដល់ថ្នាក់ដឹកនាំប្រទេសជិតខាង ក៏ដូចជាប្រទេសដែលជាសមាជិកសមាគមអាស៊ានយើងនេះ ព្រោះគ្រប់មេដឹកនាំភាគច្រើនពេលឡើងកាន់តំណែងថ្មីៗ តែងតែទៅសម្ដែងការគួរសមចំពោះមេដឹកនាំផ្សេងៗទៀតនៅប្រទេសជិតខាង និងនៅក្នុងតំបន់អាស៊ីប្រទេសសមាជិកអាស៊ានទាំងអស់គ្នាហ្នឹងឯង»។
កាលពីថ្ងៃទី១៨ ខែមេសា នាយករដ្ឋមន្ត្រីថៃធ្លាប់បានលុបចោលម្តងរួចមកហើយ នូវកម្មវិធីទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា ដែលគេយល់ថា ដោយសារតែស្ថានភាពនយោបាយវឹកវរនៅឯក្រុងបាងកកនាគ្រានោះ។
ប្រទេសកម្ពុជានិងប្រទេសថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ មក ក៏មានទំនាស់នឹងគ្នាលើបញ្ហាព្រំដែនគោកផងដែរ ជាពិសេសតំបន់ព្រំដែននៅជិតប្រាសាទព្រះវិហារ។
ការប៉ះគ្នាដោយអាវុធចុងក្រោយ នៅថ្ងៃទី៣ ខែមេសា គឺទាហានថៃបានបាញ់ឆេះផ្សារខ្មែរមួយកន្លែងដែលស្ថិតនៅខាងកើតខ្លោងទ្វារប្រាសាទព្រះវិហារ។ កម្ពុជាកំពុងបន្តទាមទារឲ្យភាគីថៃ សងការខូចខាតផ្សារនោះដែលគេគិតជាទឹកប្រាក់ជាង ២លានដុល្លារអាមេរិក។
លោក កុយ គួង ថ្លែងបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនោះ កម្ពុជាក៏នឹងអាចលើកជជែកអំពីបញ្ហាដ៏រ៉ាំរ៉ៃនៅព្រំដែននោះផងដែរ ៖ «លើកដើម្បីជំរុញឲ្យការដោះស្រាយហ្នឹងឲ្យកាន់តែលឿនថែមទៀតហ្នឹងឯង»។
ចំណែកឯស្ថានទូតថៃនៅទីក្រុងភ្នំពេញមិនទាន់មានព័ត៌មានបន្ថែមជុំវិញដំណើរទស្សនកិច្ចរបស់លោក Abhisit Vejjajiva នេះទេ។
ទាក់ទិននឹងទំនាស់ព្រំដែនរវាងកម្ពុជា-ថៃ រហូតមានការប្រឈមគ្នាដោយយោធានេះដែរ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា គឺលោក John Johnson បានថ្លែងថា សហរដ្ឋអាមេរិកពិតជាបានតាមដានជាបន្តបន្ទាប់ចំពោះបញ្ហានេះ ៖ «ដូចដែលយើងបាននិយាយជាមួយរដ្ឋាភិបាលកម្ពុជាក៏ដូចសមភាគីថៃ គឺយើងសង្ឃឹមថា បញ្ហានេះនឹងអាចដោះស្រាយបានតាមលក្ខណៈកាទូតទ្វេភាគី»។
អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក គឺលោក John Negroponte ក៏ធ្លាប់ថ្លែងកន្លងមកដែរថា ទំនាស់ព្រំដែននេះនឹងធ្វើឲ្យប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ប៉ុន្តែមន្ត្រីកម្ពុជា ក៏មិនទាន់ដឹងនៅឡើយថា តើដំណើរទស្សនកិច្ចរបស់លោក អាប់ភីស៊ីត នឹងអាចនាំឲ្យដល់ការបញ្ចប់បញ្ហាព្រំដែននោះ ឬក៏យ៉ាងណានៅឡើយទេ៕
