មេ​ដឹកនាំ​ខ្មែរ​ស្នើ​សុំ​ឲ្យ​ថៃ​ធ្វើ​យ៉ាង​ណា​ចៀសវាង​ជម្លោះ​ប្រដាប់​អាវុធ

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​ភាគី​ថៃ​បញ្ជា​ឬ​ធ្វើការ​ណែនាំ​ទាហាន​ថៃ​ធ្វើ​យ៉ាង​ណា​ចៀសវាង​កុំ​ឲ្យ​កើត​មាន​នូវ​ជម្លោះ​ប្រដាប់​អាវុធ។

0:00 / 0:00

ការស្នើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ថៃ​បាន​ប្រារព្ធ​ពិធី​ត្រួត​ពល​នៅ​ឯ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០០៩ ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ ជំនួយការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក អៀង សុផល្លែត បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នូវ​សំណើ​ចំពោះ​ភាគី​ថៃ​ទាក់ទង​នឹង​ជម្លោះ​ទឹក​ដី​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក អៀង សុផល្លែត បាន​ឲ្យ​ដឹង​ថា ៖ «សូម​ឲ្យ​ប្រើប្រាស់​រាល់​យន្តការ​ដែល​មាន​ស្រាប់​ដើម្បី​យក​មក​ចរចា​ដោះស្រាយ ចៀសវាង​នូវ​បញ្ហា​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន ហើយ​ក៏​បាន​ស្នើសុំ​ឲ្យ​ភាគី​ថៃ​ជួយ​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​ដើម្បី​កុំ​ឲ្យ​បញ្ហា​ជម្លោះ​ពី​តំបន់​មួយ​វា​រាលដាល​ទៅ​ដល់​ជម្លោះ​នៅ​តំបន់​ផ្សេងៗ​ទៀត​និង​ប៉ះពាល់​ដល់​វិស័យ​ផ្សេងៗ​ទៀត»

មិន​មាន​ការបញ្ជាក់​ណា​មួយ​ពី​ភាគី​ថៃ​ទាក់ទង​នឹង​សំណើ​របស់​នាយក​រដ្ឋមន្រ្តី​ខ្មែរ​នេះ​ភ្លាមៗ​ទេ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ថៃ​នេះ​ដែរ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផ្ដោត​ទៅ​លើ​ការពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​​មាន​ការស្ថាបនា​ផ្លូវ​ជាតិ​លេខ​៦៨​និង​ការស្ថាបនា​វារី​អគ្គិសនី​នៅ​តំបន់​ស្ទឹង​មេទឹក​ក្នុង​ខេត្ត​កោះកុង​ផងដែរ។

នៅ​ក្នុង​ជំនួប​នេះ​ដែរ​មាន​ការប្រគល់​ជូន​ដល់​ភាគី​កម្ពុជា​វិញ​នូវ​វត្ថុបុរាណ​ចំនួន​៧ ក្នុង​នោះ​មាន​រូប​ចម្លាក់​ព្រះ​កេស​ទេវតា​ចំនួន​១​និង​រូប​ចម្លាក់​ក្បាល​យក្ស​ចំនួន​៦​ដែល​នាំ​យក​មក​ដោយ​ប្រតិភូ​នាយក​រដ្ឋមន្ត្រី​ថៃ។

ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង បាន​សម្ដែង​នូវ​អំណរ​សាទរ​ចំពោះ​ការប្រគល់​នេះ។

លោក ហោ ណាំហុង បាន​បញ្ជាក់​ថា ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​ពិត​ជា​មាន​ការរីករាយ​សប្បាយ​ណាស់​បាន​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​៧​ដុំ​ដែល​ត្រូវ​បាន​លួច​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​ជាមួយ​គ្នា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ថៃ​នេះ​ក៏​មាន​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​ការតវ៉ា​នេះ​ដឹកនាំ​ដោយ​សហភាព​សហជីព​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​អាច​ឲ្យ​មាន​ការប្រមូល​ផ្តុំ​និង​ហែ​ក្បួន​បាន​ឡើយ៕