មេដឹកនាំមួយរូបនៃក្រុមអ្នកតវ៉ាមកពីសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យបានថ្លែងថា ពួកគេនឹងក្រាញននៀលពេញមួយយប់និងរហូតដល់ព្រឹកថ្ងៃបន្ទាប់ ដើម្បីបន្ទច់បង្អាក់ដល់ការដាក់គោលនយោបាយរដ្ឋាភិបាលរបស់លោក ស៊ុមឆាយ វង់សាវ៉ាត់ ជូនរដ្ឋសភាអនុម័ត។
សូមជម្រាបថា រដ្ឋសភាថៃគ្រោងនឹងបើកសម័យប្រជុំពីថ្ងៃអង្គារព្រឹកនេះ ដល់ថ្ងៃព្រហស្បតិ៍ ដើម្បីស្តាប់គោលនយោបាយរដ្ឋាភិបាលថ្មីរបស់លោក ស៊ុមឆាយ ដែលត្រូវជាប្អូនថ្លៃរបស់លោកអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ឈិនណាវ៉ាត់ នោះ។
មេដឹកនាំជំនាន់ថ្មីរបស់សម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ស៊ីរីចៃ ម៉ៃង៉ាម បានប្រាប់បណ្តាញព័ត៌មានថា រដ្ឋាភិបាលរបស់លោក ស៊ុមឆាយ នឹងបាត់បង់ភាពស្របច្បាប់ក្នុងការប្រើប្រាស់សភាដើម្បីប្រថាប់ត្រាដល់គោលនយោបាយរបស់ខ្លួន។
នៅស្របពេលជាមួយគ្នានោះដែរ កងប៉ូលិសនិងតម្រួតថៃរាប់សិបនាក់ បានត្រូវដាក់ពង្រាយយ៉ាងប្រុងប្រយ័ត្ន ហើយពួកគេបានចាក់សោបិទទ្វារនិងច្រកចូលទៅក្នុងវិមានរដ្ឋសភាទាំងអស់។
ចំណែកឯគណៈរដ្ឋមន្រ្តីរបស់លោក ស៊ុមឆាយ បានត្រូវគេរាយការណ៍មកថា បានបើកកិច្ចប្រជុំដ៏បន្ទាន់មួយនៅអាកាសយានដ្ឋានដនមឿង ដើម្បីពិភាក្សាលើការឡោមព័ទ្ធវិមានរដ្ឋសភាដោយក្រុមប្រឆាំងកាលពីយប់ថ្ងៃច័ន្ទនេះ។
ស្ថានការណ៍វិវឌ្ឍន៍ទៅរកភាពអាក្រក់នៃនយោបាយថៃនេះ ត្រូវបានគេមើលឃើញថា កើតឡើងបន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំល្បីល្បាញពីររូបក្នុងចំណោមមេដឹកនាំ ៩រូបរបស់សម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ កាលពីចុងសប្តាហ៍នេះ ដែលក្នុងនោះរួមមានអតីតឧត្តមសេនីយ៍ទោ ឧបនាយករដ្ឋមន្រ្តីថៃ កាលពីអំឡុងទសវត្សរ៍១៩៩០ គឺលោក ចំលង ស្រ៊ីមួង ផងដែរ។
ក្រុមអ្នកវិភាគឯករាជ្យថៃបានព្យាករណ៍ថា ស្ថានការណ៍នយោបាយប្រទេសថៃអាចនឹងឈានទៅរកការរំលាយរដ្ឋសភា និងបោះឆ្នោតសាជាថ្មី ក្រោយពេលដែលរដ្ឋាភិបាលនេះមិនអាចទទួលការអនុម័តគោលនយោបាយរបស់ខ្លួនពីរដ្ឋសភា៕
