ស្ថានការណ៍​នយោបាយ​នៅ​ថៃ​វិល​ទៅ​រក​ភាព​តាន​តឹង​សា​ជា​ថ្មី

អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ទទួល​បាន គឺ​ថា​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​បាន​វិល​ទៅ​រក​ភាព​អាក្រក់​និង​តានតឹង​ឡើង​វិញ បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​នៃ​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ចំនួន ១.៥០០​នាក់ បាន​ឡោម​ព័ទ្ធ​វិមាន​រដ្ឋសភា​និង​បិទ​ផ្លូវ​នានា​ឆ្ពោះ​ទៅ​កាន់​បរិវេណ​រដ្ឋសភា​ថៃ ចាប់​ផ្តើម​កាល​ពី​យប់​មិញ​វេលា​ម៉ោង​១០។

មេដឹកនាំ​មួយ​រូប​នៃ​ក្រុម​អ្នកតវ៉ា​មក​ពី​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា ពួក​គេ​នឹង​ក្រាញ​ននៀល​ពេញ​មួយ​យប់​និង​រហូត​ដល់​ព្រឹក​ថ្ងៃ​បន្ទាប់ ដើម្បី​បន្ទច់​បង្អាក់​ដល់​ការដាក់​គោល​នយោបាយ​រដ្ឋាភិបាល​របស់​លោក ស៊ុមឆាយ វង់សាវ៉ាត់ ជូន​រដ្ឋសភា​អនុម័ត។

សូម​ជម្រាប​ថា រដ្ឋសភា​ថៃ​គ្រោង​នឹង​បើក​សម័យ​ប្រជុំ​ពី​ថ្ងៃ​អង្គារ​ព្រឹក​នេះ ដល់​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ស្តាប់​គោលនយោបាយ​រដ្ឋាភិបាល​ថ្មី​របស់​លោក ស៊ុមឆាយ ដែល​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក​អតីត​នាយក​រដ្ឋមន្រ្តី ថាក់ស៊ីន ឈិនណាវ៉ាត់ នោះ។

មេដឹកនាំ​ជំនាន់​ថ្មី​របស់​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក ស៊ីរីចៃ ម៉ៃង៉ាម បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា រដ្ឋាភិបាល​របស់​លោក ស៊ុមឆាយ នឹង​បាត់បង់​ភាព​ស្របច្បាប់​ក្នុង​ការ​ប្រើប្រាស់​សភា​ដើម្បី​ប្រថាប់ត្រា​ដល់​គោលនយោបាយ​របស់​ខ្លួន។

នៅ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ កង​ប៉ូលិស​និង​តម្រួត​ថៃ​រាប់​សិប​នាក់ បាន​ត្រូវ​ដាក់​ពង្រាយ​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ពួកគេ​បាន​ចាក់​សោ​បិទ​ទ្វារ​និង​ច្រក​ចូល​ទៅ​ក្នុង​វិមាន​រដ្ឋសភា​ទាំងអស់។

ចំណែកឯ​គណៈរដ្ឋមន្រ្តី​របស់​លោក ស៊ុមឆាយ បាន​ត្រូវ​គេ​រាយការណ៍​មក​ថា បាន​បើក​កិច្ចប្រជុំ​ដ៏​បន្ទាន់​មួយ​នៅ​អាកាស​យានដ្ឋាន​ដនមឿង ដើម្បី​ពិភាក្សា​លើ​ការឡោម​ព័ទ្ធ​វិមាន​រដ្ឋសភា​ដោយ​ក្រុម​ប្រឆាំង​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នេះ។

ស្ថានការណ៍​វិវឌ្ឍន៍​ទៅ​រក​ភាព​អាក្រក់​នៃ​នយោបាយ​ថៃ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា កើត​ឡើង​បន្ទាប់​ពី​មាន​ការចាប់​ខ្លួន​មេដឹកនាំ​ល្បីល្បាញ​ពីរ​រូប​ក្នុង​ចំណោម​មេដឹកនាំ ៩​រូប​របស់​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ កាលពី​ចុង​សប្តាហ៍​នេះ ដែល​ក្នុង​នោះ​រួមមាន​អតីត​ឧត្តមសេនីយ៍​ទោ ឧបនាយក​រដ្ឋមន្រ្តី​ថៃ កាល​ពី​អំឡុង​ទសវត្សរ៍​១៩៩០ គឺ​លោក ចំលង ស្រ៊ីមួង ផង​ដែរ។

ក្រុម​អ្នកវិភាគ​ឯករាជ្យ​ថៃ​បាន​ព្យាករណ៍​ថា ស្ថានការណ៍​នយោបាយ​ប្រទេស​ថៃ​អាច​នឹង​ឈាន​ទៅ​រក​ការរំលាយ​រដ្ឋសភា និង​បោះឆ្នោត​សា​ជា​ថ្មី ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​នេះ​មិន​អាច​ទទួល​ការអនុម័ត​គោល​នយោបាយ​របស់​ខ្លួន​ពី​រដ្ឋសភា៕