បាតុករ​ថៃ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​និង​អ្នក​ភូមិ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ

ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កញ្ញា​នេះ ទូរទស្សន៍​ថៃ​បាន​ផ្សាយ​ដោយ​បង្ហាញ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​ពាក់​អាវ​ពណ៌​លឿង​ជាមួយ​និង​ប៉ូលិស​និង​អ្នក​ភូមិ​នៅ​ម្តុំ​ក្បែរ​ប្រាសាទ​បុរាណ​នា​ព្រំដែន​ខ្មែរ។

ក្រុម​បាតុករ​បាន​ទម្លាយ​របាំង​រាំង​របស់​ប៉ូលិស​ហើយ​ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។

ទីភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការ​តវ៉ា​របស់​បាតុករ​អាវ​លឿង​ដែល​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ជា​ចលនា​ស្និទ្ធ​នឹង​រាជា​និយម​នោះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រុម​ម្ខាង​ទៀត​ដែល​ពាក់​អាវ​ពណ៌​ក្រហម​ជួប​ជុំ​គ្នា​នៅ​ក្រុង​បាងកក​ដើម្បី​រំឭក​ខួប​ឆ្នាំ​ទី​៣​នៃ​រដ្ឋប្រហារ​របស់​ក្រុម​ទាហាន​ទម្លាក់ លោក ថាក់ស៊ិន ឈីណាវ៉ាត្រ ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ថៃ។

ជាមួយ​នោះ​ដែរ កាសែត​បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា នៅ​ខេត្ត​នគរាជសីមា នា​ព្រឹក​ថ្ងៃ​សៅរ៍ ពួក​អាវ​ក្រហម​យ៉ាង​ហោច​១​ពាន់​នាក់​មក​ពី​ខេត្ត​ចំនួន​១៩ បាន​ដើរ​ទៅ​គេហដ្ឋាន​របស់​លោក​ឧត្តមសេនីយ៍ ប្រេមទិន ស៊ូឡាណន់ ដែល​ជា​មនុស្ស​ជំនិត​នឹង​ព្រះ​មហាក្សត្រ​ថៃ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​បន្ត​ថា ដោយ​បារម្ភ​ខ្លាច​សកម្មភាព​របស់​ក្រុម​បាតុករ​នេះ​អាច​នឹង​បង្ក​បញ្ឆេះ​ទំនាស់​វែង​ឆ្ងាយ​ទៀត​ជាមួយ​កម្ពុជា នាយក​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​បាន​មាន​ប្រសាសន៍​ថា កង​សន្តិសុខ​ថៃ​កំពុង​បញ្ចុះ​បញ្ចូល​ក្រុម​បាតុករ​ឲ្យ​ឈប់​តវ៉ា។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្រុង​បាងកក​ថា លោក​បាន​សុំ​ឲ្យ​ប៉ូលិស​និង​ទាហាន​ចរចា​ជាមួយ​ក្រុម​បាតុករ​អាវ​លឿង។

ខាង​កម្ពុជា​ឯណេះ​វិញ​មាន​ព័ត៌មាន​ថា អាជ្ញាធរ​ខ្មែរ​ក៏​មាន​ការ​បញ្ជូន​ប៉ូលិស​ប្រឆាំង​បាតុកម្ម​ទៅ​ម្តុំ​ប្រាសាទ​ព្រះវិហារ​ហើយ​ដែរ។

កម្ពុជា​រៀបចំ​កម្លាំង​ត្រៀម​ទប់ទល់​នឹង​ស្ថានការណ៍​ដែល​មាន​បាតុកម្ម​ក្នុង​ដី​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ

កង​ទាហាន ប៉ូលិស​ការពារ​ព្រំដែន​ខ្មែរ បាន​រៀបចំ​កម្លាំង​ប្រុង​ប្រយ័ត្ន​រាយ​បណ្តាក់​នៅ​តាម​បន្ទាត់​ខ្សែ​ត្រៀម​ជួរ​មុខ​ជិត​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កញ្ញា ដើម្បី​ការពារ​ខ្លួន ខណៈ​ដែល​ក្រុម​បាតុករ​អាវ​លឿង​របស់​ថៃ​រាប់​ពាន់​នាក់​បាន​គំរាម​លើក​គ្នា​មក​ធ្វើ​បាតុកម្ម​ទាមទារ​ទឹក​ដី​ដែល​ប៉ុនប៉ង​ចូល​មក​តំបន់​ប្រាសាទ​ព្រះវិហារ។

ជាមួយ​គ្នា​នេះ​កង​ប៉ូលិស​បង្រ្កាប​បាតុកម្ម​ប្រដាប់​ដោយ​ខែល ដំបង​និង​សត្វ​ឆ្កែ​មួយចំនួន​ផង ក៏​ត្រូវ​បញ្ជូន​មក​ឲ្យ​ប្រុង​ប្រៀប​និង​ការពារ​បូរណភាព​ទឹក​ដី​ខ្មែរ​នៃ​តំបន់​មុខ​ប្រាសាទ​ព្រះវិហារ​ដែរ។

មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កញ្ញា ថា កង​យោធពល​ខេមរ​ភូមិន្ទ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​គឺ​​តែងតែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ក្នុង​ការ​កាពារ​បូរណភាព​ទឹក​ដី​ខ្មែរ​ជាង​មួយ​ឆ្នាំ​មក​ហើយ មិន​មែន​ទើប​តែ​ពេល​នេះ​ទេ។

លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ទៀត​ថា ស្ថានភាព​ចំពោះ​មុខ​នៅថ្ងៃ​សៅរ៍​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ ប៉ុន្តែ​ក្រុម​បាតុករ​អាវ​លឿង​ថៃ​គឺ​បាន​កំពុង​ឡើង​សំដៅ​មក​ព្រំដែន​ខ្មែរ​-​ថៃ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​មែន ខ្លះ​នៅ​ស្រុក​កាន់ថារ៉ាឡាក់​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែ​ត្រ និង​ខ្លះ​នៅ​ភូមិ​ស្រល់​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ ប៉ុន្តែ​ត្រូវ​ក្រុម​ប្រជាពលរដ្ឋ​ថៃ​នៅ​តាម​ជាយ​ដែន​មិន​សប្បា​យ​ចិត្ត​ហើយ​រួម​គ្នា​ជាមួយ​កង​ប៉ូលិស មន្ត្រី​ស្រុក​ឃុំ រារាំង​ក្រុម​បាតុករ​ទាំង​នោះ។

លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​បញ្ជាក់​ថា ៖ «នៅ​ចំពោះ​មុខ​យើង​នេះ​វា​អត់​មាន​អី​ទេ ធម្មតា គ្រាន់​តែ​បាតុករ​លឿង​មក ប៉ុន្តែ​ចេញ​ពី​កាន់ថារ៉ាឡាក់​មក​ទើ​ត្រឹម​ស្រល់ កម្លាំង​របស់​កង​ទ័ព​និង​ប៉ូលិស។ ឥឡូវ​វា​ទៅ​ជា​ចលនា​ប្រជាជន​ថៃ​នៅ​ភូមិ​ស្រល់​តាម​បណ្ដោយ​ព្រំដែន​ហ្នឹង គឺ​បង​ប្អូន​ប្រជាជន​ថៃ​គេ​អត់​ពេញ​ចិត្ត គេ​ប្រមែ​ប្រមូល​ដឹកនាំ​ដោយ​លោក​មេ​ឃុំ មេ​ភូមិ ស្រុក ខេត្ត ទប់​ស្កាត់​ពួក​បាតុករ​លឿង​មិន​ឲ្យ​ហ៊ាន​មក​ដោះស្រាយ​បញ្ហា​ទឹក​ដី​អី​ទេ គឺ​ទុក​ឲ្យ​រដ្ឋាភិបាល»

មេ​បញ្ជាការ​ទាហាន​ឈុត​ខ្មៅ​មួយ​រូប​ដែល​គ្រប់គ្រង​កម្លាំង​នៅ​តំបន់​សំបុក​ឃ្មុំ​មុខ​ប្រាសាទ​ព្រះវិហារ លោក​វរសេនីយ៍ វិរៈភុង បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ថា កង​តម្រួត​ថៃ​គឺ​ជា​អ្នក​ទទួល​ការងារ​រារាំង​បាតុករ​អាវ​លឿង​ថៃ​ទាំង​នោះ​មិន​ឲ្យ​ចូល​មក​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ទេ ហើយ​ថា ក្រុម​ទាហាន​របស់​លោក​មិន​មាន​តួ​នាទី​រារាំង​ក្រុម​បាតុករ​ទាំង​នោះ​ទេ។

លោក​វរសេនីយ៍ វិរៈភុង បាន​មាន​ប្រសាសន៍​ថា ៖ "ខ្ញុំ​ធ្វើការ​នៅ​ទី​នេះ​សម្រាប់​តែ​យោធា​ទេ ចំណែក​ឯ​អ្នក​រារាំង​បាតុករ​មិន​ឲ្យ​ចូល​មក​ទី​នេះ​គឺ​ជា​ការងារ​របស់​ប៉ូលិស"។

កាសែត The Nation នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ សរសេរ​ថា មាន​ការ​បាច​ខិត្តប័ណ្ណ​បំផុស​ប្រជាពលរដ្ឋ​ថៃ​នៅ​ខេត្ត​អ៊ូប៊ុន​និង​ខេត្ត​ត្រាត​ដែល​មិន​មាន​ដី​ស្រែ​ចម្ការ ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ដើម្បី​យក​ដី​នៅ​តាម​ព្រំ​ដែន​​ខ្មែរ ដែល​ដី​ទាំង​នោះ​ប្រជាពលរដ្ឋ​ថៃ​អាច​រស់​នៅ​បាន ប្រសិន​បើ​អាជ្ញាធរ​ថៃ​មិន​ដេញ​ឲ្យ​ចាក​ចេញ​ទេ។

កង​យោធា​ខ្មែរបា​ន​ឲ្យ​ដឹង​ថា ក្រុម​បាតុករ​នៅតែ​បន្ត​ព្យាយាម​ជំរុល​ចូល​មក​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ប៉ុន្តែ​ពួក​តម្រួត​ថៃ​ក៏​កំពុង​ព្យាយាម​រារាំង​ជា​ច្រើន​កន្លែង​ដោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នឹង​ក្រុម​បាតុករ​ទាំង​នោះ​យ៉ាង​ខ្លាំងក្លា។

ព័ត៌មាន​បន្ថែម​ពី​ស្ថានការណ៍​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

ទាក់ទង​នឹង​សភាពការណ៍​តាន​តឹង​នៅ​ព្រំដែន​ខ្មែរ​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយសារ​តែ​ក្រុម​បាតុករ​អាវ​លឿង​ថៃ​រាប់​ពាន់​នាក់​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​តំបន់​បា្រសាទ​ព្រះវិហារ​របស់​ខ្មែរ​នេះ លោក ហ៊ុយ វណ្ណៈ អ្នក​រាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី មាន​ព័ត៌មាន​បន្ថែម​តាម​ការ​សាកសួរ​របស់​លោក ជីវិតា ៖