ថៃ​បញ្ជូន​ខ្មែរ​ក្រោម​៥៧​នាក់​មក​កម្ពុជា​វិញ

2009-07-03

ខ្មែរ​កម្ពុជា​ក្រោម​៥៦​នាក់​និង​ព្រះសង្ឃ​១​អង្គ​ផង ត្រូវ​បាន​ថៃ​បាប់​បញ្ជូន​ពី​ក្រុង​បាងកក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បន្ទាប់ពី​ពួក​គេ​ទាំង​នោះ​បាន​រត់​គេច​ពី​ប្រទេស​វៀតណាម​ទៅ​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ថៃ។

លោក​ឧត្តមសេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​កក្កដា ថា ខ្មែរ​ក្រោម​ទាំង​៥៦​នាក់​កំពុង​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​កម្ពុជា។

លោក​ឧត្តមសេនីយ៍​ត្រី ហ៊ុន ហ៊ាន បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​ខ្ញុំ​ទទួល​បាន​នៅ​វេលា​ថ្ងៃ​ទី​៣ ខែ​៧ ២០០៩​នេះ។ ខាង​ភាគី​ថៃ​បាន​បញ្ជូន​ខ្មែរ​កម្ពុជា​ក្រោម​មក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​សរុប​៥៦​នាក់ ប្រុស​២៥​នាក់ ស្រី​១៨​នាក់ ក្មេង​១២​នាក់ និង​ព្រះ​សង្ឃ​១​អង្គ»

លោក​បន្ត​ថា អាជ្ញាធរ​ខ្មែរ​កំពុង​ស្រង់​ស្ថិតិ​និង​ធ្វើការ​សាកសួរ​ពី​អត្តសញ្ញាណ​រួច​ហើយ​នឹង​បញ្ជូន​ទៅ​តាម​គោលដៅ​របស់​ពួក​គេ​វិញ។

លោក ហ៊ុន ហ៊ាន បន្ត​ថា ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ​ទំនង​មិន​អាច​ធ្វើ​តេស្ត​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​កាន់​ប្រទេស​ទី​៣​នៅ​ក្រុង​បាងកក​បាន ទើប​ថៃ​ចាប់​បញ្ជូន​មក​ឲ្យ​កម្ពុជា។

ភាគី​អាជ្ញាធរ​ថៃ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​ពី​ការចាប់​បញ្ជូន​ខ្មែរ​ក្រោម​នេះ​បាន​ទេ ប៉ុន្តែ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្រោម លោក អាង ចាន់រិទ្ធ បាន​ថ្លែង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​ក្រុង​បាងកក គឺ​ថៃ​បាន​អនុវត្ត​ទៅ​ច្បាប់​អន្តោប្រវេសន៍​របស់​គេ ទោះ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្រោម​ការគាំពារ​របស់​អង្គការ UNHCR ក៏​ដោយ។

លោក​បន្ត​ថា កន្លង​មក​ភាគី​ថៃ​បាន​ចាប់​ខ្មែរ​ក្រោម​ទាំង​នោះ​ដាក់​ឲ្យ​នៅ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​ធ្វើការ​ចរចា​ជាមួយ​ភាគី​អង្គការ UNHCR ប៉ុន្តែ​គ្មាន​លទ្ធផល​ទើប​ថៃ​ចាប់​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ។

លោក​បញ្ជាក់​ថា ៖ «អ៊ីចឹង​យើង​នឹង​ជួប​គ្នា​ដើម្បី​យើង​គិត​ថា យើង​គួរតែ​រៀបចំ​វិធីសាស្រ្ត​យ៉ាង​ម៉េច​ដើម្បី​យើង​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល»

ប្រធាន​សហគម​ខ្មែរ​ក្រោម លោក ថាច់ សេដ្ឋា បាន​ថ្លែង​ថា ទង្វើ​របស់​ថៃ​គឺ​បាន​រំលោភ​សិទ្ធិ​មនុស្ស ៖ «ពីព្រោះ​យើង​ដឹង​ហើយ​ថា អ្នក​ទាំងអស់​នោះ​សុទ្ធ​ជា​ជន​រងគ្រោះ​ដែល​រត់​ភៀស​ខ្លួន​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ​របស់​អាជ្ញាធរ​យួន​ក៏​ជា​នៅ​ក្នុង​កម្ពុជា​ដើម្បី​ទៅ​រក​កន្លែង​សុវត្ថិភាព​មួយ»

ប្រភព​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ខ្មែរ​ក្រោម​ចំនួន​ជាង​២០០​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​បន្ទាប់​ពី​បាន​រត់​គេច​ពី​ប្រទេស​វៀតណាម។

ប្រភព​បន្ត​ថា អាជ្ញាធរ​វៀតណាម​បាន​បំបិទ​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម បិទ​មិន​ឲ្យ​មាន​ការគោរព​ប្រពៃណី ទំនៀម​ទម្លាប់ សាសនា និង​មិន​ឲ្យ​រៀន​អក្សរសាស្រ្ត​ខ្មែរ ធ្វើ​ទុក្ខ​បុកម្នេញ ចាប់​ដាក់​គុក ដោយសារ​តែ​ខ្មែរ​ក្រោម​ទាំង​នោះ​បាន​ក្រោក​ឈរ​តវ៉ា​ទាមទារ​យក​ដី​ធ្វើ​ស្រែ​ចម្ការ​ដូនតា​របស់​ពួក​គេ រហូត​ដល់​មាន​ការរត់​ភៀស​ខ្លួន​មក​ស្រុក​ខ្មែរ​និង​ទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ក្រៅ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​វៀតណាម​គំរាម​ឲ្យ​ខ្មែរ​ក្រោម​ដក​ពាក្យ​បណ្ដឹង​ស្ដីពី​បញ្ហា​ដី​ធ្លី

អតីត​សង្ឃ​ខ្មែរ​ក្រោម ទឹម សាខន បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ស៊ុយ​អែត

ក្រុម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ទាមទារ​ឲ្យ​វៀតណាម​ផ្ដល់​សំណង​ដល់​ខ្មែរ​ក្រោម​ដែល​បាត់​បង់​ដី​ស្រែ

វៀតណាម​ដក​កម្លាំង​ចេញ​ពី​កន្លែង​មាន​បញ្ហា​ដី​ធ្លី​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​បន្ថែម​កម្លាំង​បង្ក្រាប​អ្នក​តវ៉ា​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​ពង្រាយ​កម្លាំង​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​កសិករ​ខ្មែរ​ក្រោម

មេ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​ក្រោម​សរសើរ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​ខ្មែរ​ក្រោម

ខ្មែរ​ក្រោម​ជាង​៦០​គ្រួសារ​រារាំង​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​ជីក​ព្រែក​លើ​ដី​ស្រែ

ខ្មែរ​ក្រោម​ជាង​៤០០​គ្រួសារ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក

មន្ត្រី​ខ្មែរ​ក្រោម​និយាយ​អំពី​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​ខ្មែរ​ក្រោម