លោករដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃ បានថ្លែងថា លោកកំពុងតែស្វែងរកការលុបចោលអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជា ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០០១ គឺតាំងពីពេលដែលលោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) នៅជានាយករដ្ឋមន្ត្រីប្រទេសថៃនៅឡើយនោះ។
យោងតាមកាសែត The Nation របស់ប្រទេសថៃ បានឲ្យដឹងថា កិច្ចព្រមព្រៀងទ្វេភាគីនោះ មានគោលដៅដោះស្រាយតំបន់ដែនសមុទ្រទំហំ២៦.០០០គីឡូម៉ែត្រការ៉េ ដែលជាតំបន់សំបូរទៅដោយរ៉ែប្រេងកាត។
លោករដ្ឋមន្ត្រីថៃ កាស៊ីត ភីរមយ៉ា (Kasit Piromya) បានថ្លែងថា លោកនឹងលើកយកសំណើលុយចោលកិច្ចព្រមព្រៀងនេះ នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ រួចនឹងជម្រាបមកភាគីប្រទេសកម្ពុជា ឲ្យបានដឹងអំពីបញ្ហានេះ។
លោក កាស៊ីត ភីរមយ៉ា បានឲ្យដឹងដូច្នេះ ៖ "ឥឡូវនេះលោក ថាក់ស៊ីន ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាលកម្ពុជា ដូច្នេះក្រសួងការបរទេសថៃ ត្រូវតែធ្វើឲ្យមានការលុបចោលអនុស្សរណៈ យោគយល់គ្នានេះចេញ"។
លោក កាស៊ីត ភីរមយ៉ា ត្រូវបានកាសែត The Nation របស់ប្រទេសថៃ ដកស្រង់សម្តីថា តាំងពីចុះកិច្ចព្រមព្រៀងនោះមក មិនមានឃើញមានការអភិវឌ្ឍអ្វីសោះទេ ដូច្នេះរដ្ឋាភិបាលថៃ នឹងលុបកិច្ចព្រមព្រៀងនេះចោល ហើយនឹងរកកិច្ចចរចាជាថ្មីដើម្បីដោះស្រាយជាមួយភាគីកម្ពុជា។
ចំណែកឯលោក កុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសប្រទេសកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើប្រទេសថៃ មានគំនិតលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នោះ នឹងធ្វើឲ្យដំណើរការរកដំណោះស្រាយព្រំដែននោះកាន់តែអូសបន្លាយបន្ថែមទៀត។
លោក កុយ គួង មានប្រសាសន៍ដូច្នេះ ៖ «ការសម្រេចចិត្តបែបណានោះ គឺអាស្រ័យទៅលើខាងភាគីថៃទេ។ កាលណាតែប្រកាសការលុបចោលបែបនេះ មានន័យថា ធ្វើឲ្យដំណើរការនៃការដោះស្រាយរឿងតំបន់ដែនសមុទ្រត្រួតស៊ីគ្នាហ្នឹង ឲ្យមានលក្ខណៈកាន់តែស្មុគស្មាញ និងយឺតយ៉ាវបន្ថែមទៀត ព្រោះកន្លងមក ផ្អែកទៅលើ MOU ឆ្នាំ២០០១នេះហើយ ក៏ដំណើរការហ្នឹងវាយឺតយ៉ាវរួចទៅហើយ ដោយសារតែនីតិវិធីស្មុគស្មាញផ្ទៃក្នុងរបស់ប្រទេសថៃ»។
ទោះបីជាយ៉ាងណា លោក កុយ គួង បានថ្លែងទៀតថា រដ្ឋាភិបាលប្រទេសកម្ពុជា នៅតែរក្សាជំហរទំនាក់ទំនងជាមួយប្រទេសថៃ លើគ្រប់វិស័យដដែល៕
