ថៃ​​ស្វែង​រក​ការ​លុប​ចោល​កិច្ច​ព្រមព្រៀង​ស្ដី​ពី​តំបន់​ដែន​សមុទ្រ​ជាមួយ​កម្ពុជា

ប្រទេស​ថៃ​កំពុង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា នឹង​លុប​ចោល​កិច្ចព្រមព្រៀង​ទ្វេ​ភាគី ស្តី​អំពី​តំបន់​ដែន​សមុទ្រ​ដែល​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​នោះ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ថៃ បាន​ថ្លែង​ថា លោក​កំពុង​តែ​ស្វែង​រក​ការ​លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ជាមួយ​កម្ពុជា ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០១ គឺ​តាំង​ពី​ពេល​ដែល​លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) នៅ​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ថៃ​នៅ​ឡើយ​នោះ។

យោង​តាម​កាសែត The Nation របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ទ្វេ​ភាគី​នោះ មាន​គោល​ដៅ​ដោះ​ស្រាយ​តំបន់​ដែន​សមុទ្រ​ទំហំ​២៦.០០០​គីឡូម៉ែត្រការ៉េ ដែល​ជា​តំបន់​សំបូរ​ទៅ​ដោយ​រ៉ែ​ប្រេង​កាត។

លោក​រដ្ឋមន្ត្រី​ថៃ កាស៊ីត ភីរមយ៉ា (Kasit Piromya) បាន​ថ្លែង​ថា លោក​នឹង​លើក​យក​សំណើ​លុយ​ចោល​កិច្ចព្រមព្រៀង​នេះ នៅ​ក្នុង​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ នៅ​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ រួច​នឹង​ជម្រាប​មក​ភាគី​ប្រទេស​កម្ពុជា ឲ្យ​បាន​ដឹង​អំពី​បញ្ហា​នេះ។

លោក កាស៊ីត ភីរមយ៉ា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ "ឥឡូវ​នេះ​លោក ថាក់ស៊ីន ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​ក្រសួង​ការ​បរទេស​ថៃ ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​ការ​លុប​ចោល​អនុស្សរណៈ ​យោគយល់​គ្នា​នេះ​ចេញ"

លោក កាស៊ីត ភីរមយ៉ា ត្រូវ​បាន​កាសែត The Nation របស់​ប្រទេស​ថៃ ដក​ស្រង់​សម្តី​ថា តាំង​ពី​ចុះ​កិច្ច​ព្រមព្រៀង​នោះ​មក មិន​មាន​ឃើញ​មាន​ការ​អភិវឌ្ឍ​អ្វី​សោះ​ទេ ដូច្នេះ​រដ្ឋាភិបាល​ថៃ នឹង​លុប​កិច្ច​ព្រមព្រៀង​នេះ​ចោល ហើយ​នឹង​រក​កិច្ច​ចរចា​ជា​ថ្មី​ដើម្បី​ដោះស្រាយ​ជាមួយ​ភាគី​កម្ពុជា។

ចំណែក​ឯ​លោក កុយ គួង អនុ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ប្រទេស​ថៃ មាន​គំនិត​លុប​ចោល​អនុស្សរណៈ​យោគ​យល់​គ្នា​ឆ្នាំ​២០០១​នោះ នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​រក​ដំណោះ​ស្រាយ​ព្រំដែន​នោះ​កាន់​តែ​អូស​បន្លាយ​បន្ថែម​ទៀត។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​សម្រេច​ចិត្ត​បែប​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ខាង​ភាគី​ថៃ​ទេ។ កាល​ណា​តែ​ប្រកាស​ការ​លុប​ចោល​បែប​នេះ មាន​ន័យ​ថា ធ្វើ​ឲ្យ​ដំណើរ​ការ​នៃ​ការ​ដោះ​ស្រាយ​រឿង​តំបន់​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ហ្នឹង ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ស្មុគស្មាញ និង​យឺតយ៉ាវ​បន្ថែម​ទៀត ព្រោះ​កន្លង​មក ផ្អែក​ទៅ​លើ MOU ឆ្នាំ​២០០១​នេះ​ហើយ ក៏​ដំណើរការ​ហ្នឹង​វា​យឺតយ៉ាវ​រួច​ទៅ​ហើយ ដោយសារ​តែ​នីតិ​វិធី​ស្មុគស្មាញ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ»

ទោះ​បី​ជា​យ៉ាង​ណា លោក កុយ គួង បាន​ថ្លែង​ទៀត​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ថៃ លើ​គ្រប់​វិស័យ​ដដែល៕